សារអេឡិចត្រូនិច
គម្រោង​សង់​ផ្លូវ​ថ្មី​ប្រប​មាត់សមុទ្រ​បាន​ទៅដល់​តំបន់​ទេសចរ​ភ្នំ​ពោន


ភ្នំពេញ: ​គម្រោង​សាងសង់​កំណាត់​ផ្លូវ​ថ្មី​ប្រប​មាត់សមុទ្រ​ប្រវែង​ជាង​ពីរ​គីឡូម៉ែត្រ​ដំណាក់កាល​ទី​ពីរបាន​ទៅដល់​តំបន់​ទេសចរ​ភ្នំ​ពោន ​ក្នុង​ខេត្ត​កែប​ហើយ​។​ ផ្លូវ​ថ្មី​ប្រប​មាត់សមុទ្រ​នេះ   មាន​ប្រវែង​សរុប​១៤.៦០០​ម៉ែត្រ​ គិត​ចាប់ពី​ក្រុងកែប​ទៅដល់​ឆ្នេ​អង្កោល នៅក្បែរ​ច្រកទ្វារព្រំដែន​កម្ពុជា វៀតណាម ព្រែក​ចាក​។​

​លោក​ម៉ម   ទូច ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កែប​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៤​ថា   គម្រោងការ​សាងសង់ កំណាត់​ផ្លូវ​ប្រប​មាត់សមុទ្រ​ប្រវែង​២.៦០០​ម៉ែត្រ​ដែល​កំពុងធ្វើការ​សាងសង់​ដោយ​មន្ទីរ​សារ​ធា​រណការ​ជា​គម្រោង​ឆ្នាំ​២០១៣​នោះ មកទល់ពេលនេះ​សម្រេច​លទ្ធផល​ការងារ​បាន​ប្រមាណ​ជា​៥០​ភាគរយ​ហើយ​។​ការសាងសង់​គ្រឹះ​ផ្លូវ​នេះ​ត្រូវ​បញ្ចប់​នៅក្នុង​ខែមេសា​ឆ្នាំ​២០១៤​។​

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​ការសាងសង់​គ្រឹះ​ផ្លូវ​ខាងលើនេះ​មិនអាច​ធ្វើ​លឿន​បាន ដោយសារ​មាន​ទឹកជោរ​ខ្លាំង   ការងារ​ភាគច្រើន​ធ្វើ​បានតែ​នៅពេល​រសៀល​។ ទឹកជោរ​មាន​កម្ពស់​ពី​០,៨​ទៅ​០,៩​ម៉ែត្រ  តួ​ផ្លូវ​ដែល​ត្រូវ​លើក​កាត់​តំបន់​មាន​ទឹកជោ​កាត់ មាន​កម្ពស់​រហូត​ជាង​មួយ​ម៉ែត្រ​នៅ​កន្លែង​ខ្លះ​។​ក្រៅពី​ការងារ​លើក​តួ​ផ្លូវ​គឺ​ធ្វើ​ច្រាំង​ថ្ម​ប្រវែង​ជាង​មួយ​គីឡូម៉ែត្រ​ដើម្បី​ទប់​ជើង​ផ្លូវ​កុំ​ឲ្យ​ទឹក​ទឹកភ្លៀង​និង​ទឹកជោ​ហូរ​ដាច់​។​ព្រម​ពេល​ជាមួយគ្នានេះ​ក៏មាន​ដាំ​ដើមឈើ​សម្រាប់​ទប់​ការហូរ​ច្រោះ​ដី​ផងដែរ​។​

​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា  នៅក្នុង​ឆ្នាំ​២០១៤​នេះ​មន្ទីរ​ក៏បាន​លើក​គម្រោង​ស្នើសុំ​ថវិកា​សម្រាប់ធ្វើ​ផ្លូវ​នេះ​បន្ត     ប្រវែង​ជាង​ពីរពាន់​ម៉ែត្រ​ទៀត​ឆ្ពោះទៅ​ឆ្នេរ​អង្កោល​។​ផ្លូវ​ថ្មី​ប្រប​មាត់សមុទ្រ​ពេលនេះ​អាច​អាចធ្វើ​ចរាចរ​ពី​ក្រុងកែប​ដល់​ភ្នំ​ពោន​បាន​ហើយ តែ​នៅ​ជា​ផ្លូវដី​នៅឡើយ​ទេ​។​

​លោក​ម៉ម ទូច បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា  ផ្លូវ​ថ្មី​ប្រប​មាត់សមុទ្រ​ពី​ក្រុងកែប​ដល់​ឆ្នេរ​អង្កោល មាន​ប្រវែង​សារុប​ប្រមាណ​ជា​១៤.៦៣០​ម៉ែត្រ​កាលពី​ឆ្នាំ​២០១១-២០១២  ធ្វើបាន​ប្រវែង​៤.១០០​ម៉ែត្រ​ហើយ និង នៅក្នុង​ឆ្នាំ​២០១៣​ធ្វើ​បន្ត​ប្រវែង​២.៦០០​ម៉ែត្រ​ទៀត​។​នៅពេល​ធ្វើ​គ្រឹះ​រួច​ទាំងស្រុង​ទើប​អាច​ឈានដល់​ដំណាក់កាល​ចាក់​កៅស៊ូ​។​ផ្លូវ​ថ្មី​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​ដល់​វិ​ស​យ័​ទេសចរ ព្រោះ​ជា​ផ្លូវ​ថ្មី​ភ្ជាប់​ចរាចរ​ពី​ព្រំដែន​ព្រែក​ចាក​កម្ពុជា​- វៀតណាម ត្រង់​មក​ក្រុងកែប​ដោយ​ឆ្លងកាត់​ឆ្នេ​អង្កោល​និង​តំបន់​ទេសចរណ៍​ភ្នំ​ពោន​មុននឹង​ទៅដល់​ខេត្តកំពត​ដែល​ពីមុន​នេះ​ចរាចរ​ត្រូវ​វាង​នៅតាម​ផ្លូវ​ផ្សេង​ឆ្ងាយ​មិន​ជាប់មាត់​សមុទ្រ​៕