សារអេឡិចត្រូនិច
អ្នកបុរេប្រវត្តិសាស្ត្រ ជាង ៧០០រូប មកពី ៤០ប្រទេស បានចូលរូម សន្និសីទសមាគម បុរេប្រវត្តិសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក និងបានទៅ ទស្សនាតំបន់ វប្បធម៌ ប្រវត្តិសាស្ត្រអង្គរ


សៀមរាប : សមាគមបុរេប្រវត្តិសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក បានរៀបចំសន្និសីទ លើកទី២០ របស់ខ្លួន (The 20th Congress of the Indo-Pacific Prehistory Association) នៅក្រុងវប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ ។ សន្និសីទអន្តរជាតិ លើកទី២០ នៅកម្ពុជា គឺជាកិច្ចប្រជុំ ដ៏ធំបំផុតខាងវិស័យ បុរាណវត្ថុវិទ្យា និងជាព្រឹត្តិការណ៍ ដែលមិនធ្លាប់មាននៅកម្ពុជា ។ សន្និសីទនេះមានរយៈពេល ពេញមួយសប្ដាហ៍ គឺពីថ្ងៃទី១២ ដល់ ១៨ ខែមករា ឆ្នាំ២០១៤ នៅឯសណ្ឋាគារ អប្សរាអង្គរ ក្រុងសៀមរាប ។

ហើយពិធីបើកសន្និសីទលើកទី២០នេះ ស្ថិតក្នុងអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីអ្នកបុរាណវិទ្យា និងអ្នកប្រាជ្ញខាងបុរាណវិទ្យា ព្រមទាំងមានវាគ្មិនចូលរូមសរុបចំនួន ៧២៩រូប ដែលអញ្ជើញមកពីបណ្ដា ប្រទេសនានា នៅលើពិភពលោកជាង ៤០ប្រទេស ក្នុងការធ្វើបទបង្ហាញលើប្រធានបទ ចំនួន ៥៨០ ប្រធានបទ។

ហើយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤នេះ សមាជិក នៃអង្គសន្និសីទ បានធ្វើដំណើរ ទស្សនកិច្ចសិក្សា នៅតំបន់ វប្បធម៌ប្រវត្តិសាស្ត្រអង្គរ និងតំបន់រមណីដ្ឋាន មួយចំនួនទៀត ពិសេសប្រាង្គប្រាសាទអង្គរវត្ត (អង្គរតូច) ប្រាសាទ បាយ័ន (អង្គរធំ) ជាដើម។

ចំពោះសម័យប្រជុំសន្និសីទអន្តរជាតិ សមាគមបុរេប្រវត្តិសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក បានប្រារព្ធធ្វើរៀងរាល់៤ឆ្នាំម្ដង ដែលសន្នីសីទលើកទី១៩ បានប្រារព្ធនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០០៩ ។

លោក ផុន កសិកា ប្រធានគណៈកម្មការសន្និសីទសមាគម បុរេប្រវត្តិសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក លើកទី២០ ប្រចាំនៅកម្ពុជា និងជាប្រធានផ្នែកបុរាណវត្ថុវិទ្យា នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត សភាកម្ពុជា បានមានប្រសាសន៍ថា នេះជាមោទនភាព និងជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលកម្ពុជាទទួលបាន សម្រាប់ការរៀបចំ ធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ខាងវិស័យបុរាណវិទ្យា ។

លោកបានបញ្ជាក់ថា សន្និសីទនេះ គឺក្នុងគោលបំណង ផ្ដល់ឱកាសដល់អ្នកបុរាណវិទ្យា អ្នកប្រាជ្ញ បានចែក រំលែកនូវបទពិសោធន៍ និងលទ្ធផលស្រាវជ្រាវថ្មីៗ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងតំបន់អាស៊ី-អាគ្នេយ៍ ផងដែរ។ លោកបានរំលឹកថា "សមាគមបុរេប្រវត្តិសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក" បានបង្កើតឡើងតាំងពីឆ្នាំ១៩២៩។ ហើយថ បច្ចុប្បន្ននេះ មានសមាជិក ជាអ្នកស្រាវជ្រាវ ប្រមាណ ៦០០នាក់ មកពីប្រទេសជាច្រើន នៅទូទាំងសកលលោក និងបានចេញផ្សាយ ព្រឹត្តិបត្ររបស់ខ្លួនចំនួន ៦០លេខរួចមកហើយ ។

ចំពោះ កញ្ញា Tessa Boermah អ្នកស្រាវជ្រាវបុរាណវត្ថុវិទ្យា ជនជាតិអូស្រ្ដាលី បានមានប្រសាសន៍ថា កញ្ញា មានភាពសប្បាយរីករាយណាស់ ដោយសារតែសន្និសីទអន្តរជាតិ សមាគមបុរេប្រវត្តិសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក លើកទី២០នេះ រៀបចំធ្វើឡើងនៅលើទឹកដីវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយមានអ្នកចូលរួមច្រើន ក្នុងការចូលរួមចែករំលែកនូវបទពិសោធន៍ និងលទ្ធផលស្រាវជ្រាវ ខាងបុរាណវត្ថុវិទ្យា តំបន់អាស៊ី-អាគ្នេយ៍ ក៏ដូចនៅក្នុងពិភពលោកទាំងមូល ពិសេសសម្រាប់ការអភិវឌ្ឍន៍ដល់វិស័យបុរាណវត្ថុវិទ្យា ទាំងនៅកម្ពុជា នៅក្នុងតំបន់ ក៏ដូចសម្រាប់ពិភពលោកទាំងមូល ផងដែរ ។

កញ្ញា ក៏បានលើកឡើង អំពីភាពមហស្ចារ្យ នៃវប្បធម៌ប្រវត្តិសាស្ត្រ និងមហាប្រាង្គប្រាសាទបុរាណខ្មែរ ដែល អ្នកបុរាណវត្ថុវិទ្យា និងអ្នកប្រាជ្ញខាងបុរាណវត្ថុវិទ្យា សម្រាប់បានសិក្សាស្រាវជ្រាវ ជាលក្ខណៈអន្តរជាតិ ។ ជាក់ ស្ដែងក្នុងសប្ដាហ៍នេះយើងបានស្ថិតនៅជាមួយតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ គឺប្រាង្គប្រាសាទអង្គរវត្ត។ ពិសេសផងដែរនោះ គឺ មហាប្រាង្គប្រាសាទបុរាណខ្មែរ ដែលប្រកបដោយមហាស្ថាបត្យកម្មដ៏ពិសិដ្ឋទាំងនេះ បានធ្វើឲ្យពិភពលោកទាំងមូល មានការទទួលស្គាល់ នូវភាពល្បីល្បាញ ព្រមទាំងមានភ្ញៀវមកទស្សនា យ៉ាងច្រើនកុះករ ផងដែរ ៕

(ប្រភព៖ ដើមអម្ពិល)