សារអេឡិចត្រូនិច
ពាក្យ​ចចាម​អារ៉ាម​ផ្ទុះ​ឡើង ​ពី​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ​ជុំ​វិញ​​ ការ​គ្រោះ​ថ្នាក់​​របស់ ​ខេមរៈ សិរីមន្ត


រាជធានីភ្នំពេញ ៖ ឧប្បត្តិ​​ហេតុ​​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏រន្ធត់​​ដែល​បាន​កើតឡើង​ចំពោះ​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ លោក​ខេមរៈ សិរីមន្ត បាន​និង​កំពុង​តែមាន​​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មជ្ឈ​ដ្ឋាន​​ខាងក្រៅ ​ក្នុងពេល​ដែល​តារា​​ចម្រៀង​​រូប​នេះ​បាន​រួច​ផុតពី​សេចក្តី​ស្លាប់ ខណៈ​មនុស្ស​៤​នាក់​​​ទៀត​ ដែល​បាន​រួ​ម​ដំណើរ​​ជា​មួយ​លោក​បាន​ស្លាប់​បាត់​បង់​ជីវិត​នោះ ។

រហូតមកដល់ពេលនេះគេនៅមិនទាន់ច្បាស់នៅឡើយទេថា តារាចម្រៀងរូបនេះបានរងរបួសដល់កម្រិតណានោះ បើទោះបីជា​ក្រុម​គ្រួសារ​​របស់​លោក​ធ្លាប់បានអះអាងពីអាការ​របួសនោះត្រឹមរលាត់ដៃជើងបន្តិចបន្តួចក៏ដោយ។ ប៉ុន្តែ មជ្ឈដ្ឋានមួយចំនួន​នៅតែ​មិន​ទាន់​អាច​​ជឿជាក់ពីការ​អះ​អាងនោះ​នៅ​ឡើយទេ ព្រោះគេយល់ថា បើសង្កេតមើលពី ទិដ្ឋភាព​នៅកន្លែងកើត​ហេតុនោះគេ​ឃើញ​រថយន្តរបស់​តារា​​ចម្រៀងរូបនេះបានរង​ការខូចខាតស្ទើរ​តែ​មើល​មិនយល់ ទៅហើយវាមិនអាចនិយាយបានថា ខេមរៈ សិរីមន្ត ត្រឹមតែរង​របួសបន្តិច​បន្តួចនោះ​ទេ។ កត្តាទាំងនេះនាំឲ្យគេគិតថា បើទោះបីជាតារា​ចម្រៀង​រូបនេះមានគុណ​បុណ្យខ្ពស់ដែល​អាចរួចផុតពី​សេចក្តីស្លាប់ក៏​ដោយ តែលោកក៏អាចរងរបួស មិនតិចដែរ ឬក៏អាចនិយាយបានថាប្រសិនបើមិន​មាន​ការរងរបួសធ្ងន់ធ្ងរនោះ លោកក៏អាច​មានសតិ​មិន​ប្រក្រតីផងដែរ ខណៈពេលដែលព្រឹត្តិ​ការណ៍គ្រោះថ្នាក់ព្រលឹង​ចុងសក់នេះ ​បាន​ដិត​ជាប់​នៅក្នុង​អារម្មណ៍​របស់លោកនៅឡើយនោះ ៕