សារអេឡិចត្រូនិច
សម្តេច ហ៊ុន សែន​៖ ថ្ងៃនេះ និង​ថ្ងៃស្អែក កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​


ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ទៅ​កាន់​មហាជន រួមទាំង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​ទន្ទិញ និង​អនុវត្ត​គោលការណ៍ តាម​ពាក្យស្លោក​មួយ​ឃ្លាឲ្យ​ខាន​​តែ​បាន​ថា "​ថ្ងៃនេះ និង​ថ្ងៃស្អែក កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​"​។

​សេចក្តីអំពាវនាវ​ដូច្នេះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសឡើងក្រោយពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​កើតឡើង​ផ្ទួនៗ​គ្នា បង្កឡើង​ដោយ​យុវតី​និស្សិត​ពេទ្យ នៅ​មុខ​ក្រសួង​មហាផ្ទៃ និង​គ្រោះ​ថ្នាក់​លើ​រថយន្ត​របស់​អ្នកចម្រៀង លោក ខេមរៈ សិរី​មន្ត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​កំពង់សោម​។​

​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​អំពាវនាវ​ដល់​មហាជន ជា​ពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់ និង​ការពារ កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បង្ក​មហន្តរាយ​ដល់​សង្គម គ្រួសារ និង​ដល់​ប្រទេសជាតិ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​យ៉ាងច្រើន​អំពី​សោកនាដកម្ម គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​យុវតី​និស្សិត​ពេទ្យ គា​ម​ពិសិដ្ឋ ណា​រីតា អាយុ ២៣ ឆ្នាំ ដែល​បាន​បណ្តាល​ឲ្យ​កុមារ ៣ នាក់ ស្លាប់ និង ៦​នាក់​ផ្សេង​ទៀត រងរបួស នៅ​មុខ​ក្រសួង​មហាផ្ទៃ កាលពី​ព្រលប់​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៣​។ ករណី​នោះ ត្រូវបាន​សម្តេច បន្ទោស​លើ​ឪពុក​ម្តាយ​យុវតី​និស្សិត​ពេទ្យ ដែល​ទំរើសកូន ទិញ​ឡាន​ទំនើប​ឲ្យ​កូន​បើក បុក​គេ​ស្លាប់ ហើយ​នាំ​ឲ្យ​ខូច​ដល់​អនាគត​ខ្លួនឯង​ថែមទៀត​។ សម្តេច​ថា និស្សិត​ពេទ្យ​នោះ មិន​អាច​គេចផុត​ពី​ការផ្តន្ទាទោស តាម​ច្បាប់​ឡើយ​។​

​សោ​កនាដកម្ម​លើ​ឡាន​របស់​អ្នកចម្រៀង ខេមរៈ សិរី​មន្ត លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​កំពង់សោម កាលពី​យប់​ថ្ងៃ​ទី​៧ ឈានចូល​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៣ ដែល​បាន​បណ្តាលឲ្យ​ស្លាប់​មនុស្ស​សរុប ៧ នាក់ និង​របួស ៧ នាក់ ក្នុងនោះ ក៏​មាន​កូនប្រុស​របស់​លោកស្រី ណ​យ សំណាង អ្នកចម្រៀង​អា​យ៉ៃ និង​កូនប្រុស​របស់​លោក ជួង ជី ហៅ កុយ បាន​ស្លាប់​ដែរនោះ ក៏​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី  ហ៊ុន សែន ចូលរួម​មរណទុក្ខ​ផងដែរ​។​

​ចំពោះមុខ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​មនុស្ស​យ៉ាង​ដូច្នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ថា "​សូម​អនុវត្ត​នូវ​ពាក្យស្លោក​ថា ថ្ងៃនេះ និង​ថ្ងៃស្អែក សូម​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ យើង​ត្រូវ​ខិតខំ និង​ពិនិត្យ​ឡើងវិញ​ទាំងអស់ ដោយ​ត្រូវ​ធ្វើ​ការងារ​នេះ​ទាំងអស់គ្នា​។ អា​ឡាន​ត​វែង និង​កុងតឺន័រ ក៏​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ ដើម្បី​កុំឲ្យ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ក្រើនរម្លឹក​មន្ត្រី​ទាំងអស់ ថា​ត្រូវ​អនុវត្ត​តាម​ច្បាប់ កុំ​ចាំបាច់​តែមាន​អនុសាសន៍​របស់​សម្តេចទើប​អនុវត្តន៍​។ មន្ត្រី​ទាំងអស់​គ្រប់​លំដាប់ថ្នាក់ ត្រូវតែ​អនុវត្ត​ការងារ ដូច​ភ្លៀងរលឹម ជា​ពិសេស​ក្រសួង​សាធារណការ ដោយ​រឹតបន្តឹង​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំង​អស់ ដើម្បី​កុំឲ្យ​មាន​សោកនាដកម្ម ដោយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​ដងផ្លូវ កើតឡើង​ដូច្នេះ​ទៀត​។ រី​ឯ​ឡាន​កុងតឺន័រ ក៏​ត្រូវ​តែ​ចាប់​ខ្ចៅ​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។

ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសើរ​ចំពោះ​ការ​រួម​គ្នា និមន្តព្រះសង្ឃ សូត្រធម៌រំដោះគ្រោះ នៅកន្លែងកើតហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅមុខក្រសួងមហាផ្ទៃ និងនៅតាមកំណាត់ផ្លូវជាតិ លេខ៤។ ក៏ប៉ុន្តែសម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​មហាជន​អ្នក​បើកបរ​ទាំ​ងអស់ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត ដើម្បី​ជៀស​វាង​ឲ្យ​បាន​នូវ​គ្រោះថ្នាក់ ដែល​បង្ក​ឡើង​ដោយ​សារ​មនុស្ស ក្នុង​ពេល​សង្គ​ម​ជាតិ មាន​ការ​រីក​ចម្រើន​ពេលនេះ។

នៅព្រឹកមិញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ រួមទាំង​អាជ្ញាធរ​សមត្ថកិច្ច ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ថែមទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី H5N1 ដែល​កើតមាន​លើ​សត្វ​បក្សី មាន់​ទា ហើយ​ឆ្លង​មក​មនុស្ស និង​អាច​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​បំផុត​។​ ​ក្នុង​រយៈពេល ២ ខែ​ដើមឆ្នាំ​នេះ ជំងឺ​ផ្តាសាយ​បក្សី បាន​កើតឡើង​លើ​ពលរដ្ឋ​មន្ត្រី​កម្ពុជា ៩ ករណី និង​បាន​សម្លាប់​មនុស្ស ៨ នាក់​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ថ្លែង​អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ប្រុងប្រយ័ត្នមើល​ធូប ​ទៀន ដើម្បី​កុំឲ្យ​កើត​មាន​គ្រោះ​អគ្គីភ័យ ដែល​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​៕​