សារអេឡិចត្រូនិច
ចោរ បង្កើត​​គណៈ​កម្ម​ការ​ ចម្រុះ​​ឯក​សណ្ឋាន ​៣​ស្ថាប័ន ​ចុះ​ត្រួត​​ពិនិត្យ​​យាន​យន្ត​លើ​ដង​ផ្លូវ ​ចាប់​ម្ចាស់​ចង​រួច​ប្លន់​យក​ម៉ូតូ​


ខេត្ត​បាត់​ដំបង​ ៖ ចាត់​ទុកថា នេះជា​ស្ទីល​​ថ្មី​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​គួរ​ឱ្យ​អស់​សំណើច​ផង និង​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ឈឺ​ក្បាល​​ផង ដោយ​សារ​តែ​មាន​ជន​​សង្គម​ងងឹត​​មួយ​ក្រុម​បាន​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​មួយ​មាន​​សមា​សភាព​កង​កម្លាំង​ប្រដាប់​អាវុធ​៣​ស្ថាប័ន​ប្រដាប់​ដោយ​កាំភ្លើង​វែង​ផង ចុះ​ត្រួត​ពិនិត្យ​បទ​ល្មើស​យាន​យន្ត​នៅតាម​ដង​ផ្លូវ​ស្ងាត់ៗ​​ក្នុង​មូល​ដ្ឋាន រួច​ចាប់​ម្ចាស់​ចង​វាយ​ប្លន់​យក​ម៉ូតូ​​​អស់​២​គ្រឿង ។ សមត្ថ​កិច្ច​បាន​រាយ​ការណ៍​អំពី​បញ្ហា​នេះ​ថា បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​៥​និង​៤០​នាទី​​ល្ងាច​ថ្ងៃទី​​១០ មីនា ២០១៣ ​នៅលើ​ដងផ្លូវ​ស្ងាត់​មួយ​កន្លែង​ត្រង់​ចំណុច «ហុង​ទឹក» ស្ថិត​ក្នុង​ភូមិ​ចុងពរ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ជាប់​ព្រំ​ប្រទល់​ស្រុក​មោង​ឫស្សី ។

របាយ​ការណ៍​​សមត្ថ​កិច្ចបាន​ឱ្យ​ដឹងថា ជន​មិន​ស្គាល់​មុខ​​នោះ​មាន​បក្ស​​ពួក​៤​នាក់​ ក្នុង​ឯក​សណ្ឋាន​ជា​មន្ត្រី​នគរបាល​​ មន្ត្រី​ប៉េអឹម ​និង​មន្ត្រីយោធា​ប្រដាប់​ដោយ​អាវុធ AK ស្វាយ​បត់​១ដើម ។ ពួក​គេ​បាន​ចុះ​ដាក់​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​លើ​​មធ្យោ​បាយ​ធ្វើ​ដំណើរ​របស់​​ប្រជា​ពលរដ្ឋ​នៅ​ចំណុច​ខាងលើ ​ដោយ​គ្មាន​អ្នក​ណា​បាន​ដឹងពី​បេសក​កម្ម​របស់​ពួកគេឡើយ សូម្បី​តែ​សមត្ថ​កិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ក្តី ។ ​មន្ត្រីដដែល​និយាយថា បេសក​កម្ម​ដូច​​ផ្លេក​​បន្ទោរ​របស់​ក្រុម​នេះ បាន​ចាប់​អ្នក​ដំណើរ​២​នាក់​ចង រួច​វាយ​ប្លន់​យក​ម៉ូតូ​​២​គ្រឿងជិះ​គេច​​ខ្លួន​​​បាត់​ស្រមោល​​​ដែល​១​គ្រឿងម៉ាក​ហុងដា ឌ្រីម​​ស៊េរី​ឆ្នាំ​២០១៣ ​និង​មួយ​គ្រឿង​ទៀត​​​ម៉ាក​ស្មាស់​រីវ៉ូ ស៊េរី​ឆ្នាំ​​២០០៩ ។ រីឯ​ជន​រងគ្រោះ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​ជីង ទេព ​ភេទប្រុស អាយុ​​២២​ឆ្នាំ និង​ម្នាក់​ទៀត​​ឈ្មោះ​អេន ថា ភេទប្រុស អាយុ​​២៥​ឆ្នាំ នៅភូមិ​ទួល​គគីរ ឃុំ​ស្តុក​​ប្រវឹក ​ស្រុក​រុក្ខ​គិរី៕