សារអេឡិចត្រូនិច
បបួល​នាង​ផឹក​ស៊ី ​ពេល​ស្រវឹង​ឆក់​ឱកាស ​ចាប់​នាង​រំលោភ​បន្ត​បន្ទាប់​


ក្រុងប៉ោយប៉ែត ៖​ ជន​សង្ស័យ​២នាក់​ ត្រូវ​បាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​ហៅ​សួរ​នាំ​ បន្ទាប់​មក​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មីនា​ បន្ទាប់​​ពី​នាង​ក្រមុំ​ម្នាក់​ប្តឹង​ថា​រំលោភ​នាង​បាន​សម្រេច​រួម​គ្នា​ កាល​ពី​វេលា​កណ្តាល​អធ្រាត្រ​ ម៉ោង​១២យប់​ ថ្ងៃ​ទី​៧​ មីនា​ នៅ​ម្តុំ​ដើម​ស្រល់​ក្នុង​ដី​កាស៊ីណូ​ក្នុង​ភូមិ​ក្បាល​ស្ពាន១​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ។ ជន​សង្ស័យ​ទាំង​២​ ម្នាក់​ឈ្មោះ​ សាំង វ៉នអ៊ុក​ ហៅខុន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កូប​តូច​ ឃុំ​គត្តសត​ ស្រុក​អូរ​ជ្រៅ​ និង​ម្នាក់​ទៀត​ឈ្មោះ​ កង​ ឌឿន​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​កោះ​ចារ​ ឃុំ​ស្រុក​ជាមួយ​ជន​សង្ស័យ​ទី១​ ។

មន្ត្រី​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​បាន​ប្រាប់​ថា​ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់​ខាង​លើ​​ បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ពី​នាង​ក្រមុំ​ម្នាក់​ឈ្មោះ​ រ.ភ.រ អាយុ​១៨ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​មិត្ត​ភាព​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មីនា​ ថា​ នាងត្រូវ​ជន​សង្ស័យ​ទាំង​២នាក់​ ចាប់​រំលោភ​បាន​សម្រេច​ ខណៈ​ផឹក​ស៊ី​ជុំ​គ្នា​ ។ ក្នុង​ពាក្យ​បណ្តឹង​ នាង​រៀប​រាប់​ប្រាប់​សមត្ថ​កិច្ច​ថា​ នៅ​វេលា​ម៉ោង​ប្រហែល​៦ល្ងាច​​ ថ្ងៃ​ទី​៧ មីនា​ នាង​ និង​ជន​សង្ស័យ​ទាំង​២​បាន​ទៅ​ផឹក​ស៊ី​ជុំ​គ្នា​ ដោយ​ផឹក​ស្រាបៀរ​អស់​១២​កំប៉ុង​ លុះ​យប់​កាន់​តែ​ជ្រៅ​ដល់​វេលា​កណ្តាល​អធ្រាត្រ​នាង​ក៏​ឱ្យ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ សាំង​ វ៉ន​អ៊ុក ហៅខុន​ ជូន​ទៅ​បន្ទប់​ទឹក​ ភ្លាម​នោះ​ឈ្មោះ​ សាំង​ វ៉ន​អ៊ុក ឆ្លៀត​ឱកាស​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​ក៏​ឆ្លៀត​ឱកាស​ចាប់​នាង​រំលោភ​បន្ត​បន្ទាប់​គ្នា​ដែរ​ ។

មន្ត្រី​នគរ​បាល​បន្ត​ទៀត​ថា​ ដោយ​សារ​តែ​មាន​បណ្តឹង​ ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ពួក​គេ​ទាំង​២​នាក់​តែ​ម្តង​ បន្ទាប់​ពី​ហៅ​មក​សួរ​នាំ​ ។ ជន​សង្ស័យ​ទាំង២​ បាន​សារភាព​ថា​ ពួក​ខ្លួន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ពី​នារី​រង​គ្រោះ​ពិត​ប្រាកដ​មែន​ ។ លោក​ អ៊ុំ សុផល​ អធិការ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​ បាន​ប្រាប់​ថា​ ជន​សង្ស័យ​ទាំង​២​នាក់​ ក្រោយ​ពី​ការ​សួរ​នាំ​ និង​ធ្វើ​កំណត់​ហេតុ​រួច​ បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ដើម្បី​ចាត់​ការ​ទៅ​តាម​នីតី​វិធី​ច្បាប់​ ៕