សារអេឡិចត្រូនិច
"ឬសគល់នៃការសម្អាតប្រាក់សុទ្ធតែបានមកពីការប្រព្រឹត្ត​បទល្មើស"


ភ្នំពេញ: អគ្គទេសាភិបាល​រង ​នៃ​ធនាគារជាតិ​កម្ពុជា លោកស្រី នី​វ ចន្ថា​ណា បាន​មានប្រសាសន៍ថា បើ​យើង​ក្រឡេកមើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច ទៅលើ​ឬ​សគល់​នៃ​ការសម្អាត​ប្រាក់ យើង​នឹង​ឃើញថា ប្រភព​សាច់ប្រាក់​ដែល​កំពុង​ចរាចរ​នៅក្នុង​សេដ្ឋកិច្ច សុទ្ធតែ​បានមកពី​ការប្រព្រឹត្ត​បទល្មើស​ទាំងអស់ ជាពិសេស​ផល​នៃ​បទល្មើស​បានមកពី​ការជួញដូរ​គ្រឿងញៀន អំពើពុករលួយ និង​ការជួញដូរ​មនុស្ស ជាដើម​។ ដូច្នេះ​កាស​ម្អា​ត់​ប្រាក់ ពុំបាន​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះទេ វារិត​តែ​បង្ក​ស្ថានភាព​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ និង​ដុនដាប​ថែមទៀត​ចំពោះ​សេដ្ឋកិច្ចសង្គម​។​

លោកស្រី នី​វ ចន្ថា​ណា បាន​មានប្រសាសន៍​ដូច្នេះ ក្នុង​វគ្គ​បណ្តុះបណ្តាល ស្តីពី ការពង្រឹង​ការអនុវត្តន៍ និង​ការកាត់ ទោស​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រយៈពេល ៥​ថ្ងៃ គឺ​ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៣​។​

​លោកស្រី​បាន​បន្តថា សិក្ខាសាលា​នេះ ក្នុង​គោលបំណង​ផ្តល់​លទ្ធភាព​ដល់​ភ្នាក់ងារ​អនុវត្ត​ច្បាប់ ឲ្យ​កាន់តែ​យល់ដឹង​ច្បាស់​អំពី​មុខងារ និង​ភារកិច្ច​របស់ខ្លួន និង​វិធា​នា​ការ​នានា ដែល​ត្រូវអនុវត្ត​ចំពោះ​បទល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ស្របតាម​ការទទួលខុសត្រូវ​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​។​ ​លោកស្រី​អគ្គ​ទេសាភិបាលរង​នៃ​ធនាគារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ជា​បញ្ហា​ប្រឈម​មួយ ដែល​ប្រទេស​កម្ពុជា​នៅក្នុង​តំបន់ កំពុង​យកចិត្តទុកដាក់​ការពារ​ទប់ស្កាត់ តាមរយៈ​ការបង្កើត​ឲ្យ​មាន​ក្របខ័ណ្ឌ​ច្បាប់ និង​យន្ត​ការជំរុញ​ការអនុវត្តន៍​ច្បាប់ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធ​ក្នុងស្រុក និង​អន្តរជាតិ​។ យន្តការ​មួយទៀត ដែល​ត្រូវ​យកចិត្តទុកដាក់ គឺ​ការកសាង​សមត្ថភាព​អ្នកអនុវត្ត​ច្បាប់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដូចដែល​យើង​កំពុង​ធ្វើ​ថ្ងៃនេះ​។​

លោកស្រី​បាន​បញ្ជាក់ថា មតិ​មួយ​យល់ថា ការសម្អាត​ប្រាក់ បានរួម​ចំណែក​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន ដូចជាទាក់ទាញ​អ្នកវិនិយោគទុន និង​បង្កើត​ការងារ​ធ្វើ​សម្រាប់​ជនក្រីក្រ​។ លោកស្រី នី​វ ចន្ថា​ណា បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​បានអនុម័ត​ច្បាប់​ជាច្រើន រួមមាន ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ច្បាប់​ស្តីពី​ការប្រឆាំង​នឹង​អំពើ​ភេរវកម្ម ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស ច្បាប់​ប្រឆាំង​អំពើពុករលួយ ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​បង្ហាញថា កម្ពុ​ជាមាន​ក្របខ័ណ្ឌ​ច្បាប់​ច្បាស់លាស់​ក្នុងការ​ប្រឆាំង​បទល្មើស រួមទាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ផងដែរ​។ ដោយសារ​កម្ពុ​ជា មាន​ក្របខ័ណ្ឌ​ច្បាប់​ច្បាស់លាស់​ដូច្នេះ ភ្នាក់ងារ​អនុវត្ត​ទាំងអស់​ត្រូវបាន​បង្កើន​ការយកចិត្តទុកដាក់ អនុវត្ត​ច្បាប់​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព​។ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដើម្បី​អនុវត្ត​មុខងារ ទទួល​របាយការណ៍​ប្រតិបត្តិ​ការសង្ស័យ និង​ប្រតិ​ប​តិ្ត​ការ​សាច់ប្រាក់ សម្រាប់​វិភាគ និង​បញ្ជូន​របាយការណ៍​ដល់​អាជ្ញាធរ​អនុវត្ត​ច្បាប់ សម្រាប់​ស៊ើបអង្កេត​បន្ត​៕