សារអេឡិចត្រូនិច
ក្រុមហ៊ុន កែច្នៃរថយន្ត កាន់តែប្លែក សម្រាប់ទាក់ទាញ ចំណាប់អារម្មណ៍ ភ្ញៀវទេសចរ


សៀមរាបៈ ក្រុមហ៊ុន Tuxi Car Services នឹងដាក់ឱ្យដំណើរការសាកល្បងនូវរថយន្តកែច្នៃ សម្រាប់ដឹកភ្ញៀវទេសចរ
នៅខេត្តសៀមរាបនៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ។

លោក ស្រេង វ៉ាន់ថាន អគ្គនាយកក្រុមហ៊ុន Tuxi Car Services បានឱ្យដឹងថា កំណើននៃភ្ញៀវទេសចរនៅខេត្ត សៀមរាបបានជំរុញឱ្យលោក សហការជាមួយពាណិជ្ជករ កាណាដា សាកល្បង វិនិយោគ ទៅលើវិស័យមួយនេះ ។

លោកបានមានប្រសាសន៍ថា “រថយន្ត ៣គ្រឿង ជាការសាកល្បង រយៈពេល៣-៦ខែ ហើយបើដំណើរការល្អ យើងបន្ថែមឱ្យបាន៥គ្រឿងទៀត ក្នុងឆ្នាំនេះ” ។

លោកបានបន្ថែមថា រថយន្ត Tuxi ដែលត្រូវបានកែច្នៃ ឱ្យកាន់តែប្លែក ពីរថយន្ត Visto (វីស្តូ) នឹងបម្រើសេវា ដូចទៅនឹង រថយន្តតាក់ស៊ីដទៃដែរ ដោយដឹកនាំភ្ញៀវទេសចរ ពីវិថីនានា ទៅសណ្ឋាគារ និងទៅតំបន់កម្សាន្តនានា ក្នុងក្រុងសៀមរាប ក្នុងតម្លៃដ៏សមរម្យមួយ។

លោកបានបញ្ជាក់ថា “ពេលនេះ យើងប្រើដើមទុន ចំនួន៤ម៉ឺនដុល្លារ ប៉ុន្តែយើងនឹងដាក់ទុន បន្ថែមទៀត ជាមួយដៃគូ ជាពាណិជ្ជករ មកពីប្រទេសកាណាដា” ៕

(ប្រភព៖ ដើមអម្ពិល)