សារអេឡិចត្រូនិច
ដើម​កណ្តោល​ភ្លើង ​ស្លឹក​ពណ៌ ​ក្រហម​មាន​ សោ​ភ័ណ​ភាព​ស្រស់​បំព្រង ​និង​ជា​ថ្នាំ​កែ​រោគ​


ខេត្តកំពង់ស្ពឺ ៖ ស្លឹក​ពណ៌​ក្រហម​តាំង​ពី​លាស់​រហូត​ដល់​ទុំ​ជ្រុះ​ មាន​សោ​ភ័ណ​ភាព​បី​ដូច​ជា​ដើម​ផ្កា​ នោះ​គឺ​ដើម​កណ្តោល​ភ្លើង​ ។ សម្រស់​នៃ​រុក្ខ​ជាតិ​នេះ​បើ​គេ​បាន​ឃើញ​ពិត​ជា​ចង់​គយ​គន់​ កម្ចាត់​ចោល​ការ​មិន​ចាប់​អា​រម្ម​ណ៍​ពី​មុន​មក​ ។ដើម​កណ្តោល​មាន​ពីរ​ប្រ​ភេទ​ប្លែក​ពី​គ្នា​ គឺ​មួយ​កណ្តោល​ស្លឹក​​ពណ៌​បៃ​តង​ខ្ចី​ធម្ម​តា​ តែ​ពេល​ស្លឹក​នោះ​ទុំ​ប្រែ​ជា​ពណ៌​ក្រហម​ និង​រុះ​រោយ​ រួច​លាស់​ស្លឹក​ថ្មី​ ។ ចំ​ណែក​កណ្តោល​មួយ​ប្រ​ភេទ​ទៀត​ គឺ​កណ្តោល​ភ្លើង​ មាន​ស្លឹក​ពណ៌​ក្រហម​តាំង​ពី​​លាស់​រហូត​​ទុំ​រុះ​រោយ​ ។

ដើម​កណ្តោល​ភ្លើង​កម្រ​មាន​អ្នក​ឃើញ​ និង​ពុំ​មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​ទេ​ ប៉ុន្តែ​បើ​គយ​គន់​យូរ​ៗ​ទៅ​ ជា​រុក្ខ​ជាតិ​មាន​សោ​ភ័ណ​ភាព​ល្អ​ណាស់​ ។​កណ្តោល​ទាំង​ពីរ​ប្រ​ភេទ​នេះ​ ច្រើន​ដុះ​តាម​ទី​ទួល​ តាម​ជ្រុង​ព្រំ​ដី​ ឬ​តាម​ភ្លឺ​ស្រែ​ ។ លោក​តា​ចាស់​ស្រុក​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​តា​ក្រាំង​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​ មាន​ប្រ​សា​ស​ន៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ដើម​កណ្តោល​ទាំង​ពីរ​​ប្រភេទ​ដុះ​នៅ​ក្បែរ​ភូមិ​ក៏​មាន​ តាម​ទួល​ តាម​ខ្នង​ភ្នំ​ក៏​មាន​ ។ ផ្លែ​កណ្តោល​មាន​ទ្រង់​ទ្រាយ​ដូច​ផ្លែ​ទទឹម​ ប៉ុន​ៗ​ប្លែ​ក្រូច​ពោ​ធិ៍​សាត់​ ហើយ​សត្វ​កាំ​ប្រមា​ចូល​ចិត្ត​ស៊ី​ណាស់​ ។ ស្លឹក​កណ្តោល​ធំ​ៗ​ដូច​ជា​ស្លឹក​ទំ​ពូង​ តែ​ទាល​ចុង​ ឯ​ដើម​វា​មិន​ខ្ពស់​ទេ​ ។ សំបក​ដើម​កណ្តោល​មាន​ភាព​សាញ​ ពុំ​អាច​កាប់​ដាច់​ងាយ​ស្រួល​ទេ​ បើ​កាប់​ច្រើន​ដង​រឹត​តែ​ទក់​សាញ​ខ្លាំង​ ។

សំបក​កណ្តោ​ល​មាន​ផល​ប្រយោជ​ន៍​ខ្លាំង​ចំពោះ​ហ្ម​ដំ​រី​សម្រាប់​ស្ទោះ​យក​ទៅ​ដំ​ឱ្យ​ទក់​ៗ​ ទាំង​ផ្ទាំង​ៗ​ធ្វើ​ទ្រ​នាប់​ទ្រាប់​ខ្នង​ ដំ​រី​ ដើម្បីដាក់​រយាង​អង្គុយ​ ។ លោក​តា​ចាស់​ស្រុក​រូប​នោះ​ឱ្យ​ដឹង​ថា​ សំបក​កណ្តោល​ជា​ប្រ​ភេទ​ថ្នាំ​ម្យ៉ាង​ សំរាប់​​ដាំ​ទឹក​ក្តៅ​ពិសា​ ព្យា​បាល​រោគ​ក្រ​ពះ​ និង​ពោះ​វៀន។ ដើម​កណ្តោល​ភ្លើង​ច្រើន​ដុះ​ឯង​មិន​មាន​អ្នក​ដាំ​ទេ​  តែ​ដោយ​វា​មាន​សោ​ភ័ណ​ភាព​ និង​ដើម​មិន​ធំ​នោះ​ គេ​គួរ​យក​ដាំ​លំ​អ​ក្នុង​ក្រុង​ ៕