សារអេឡិចត្រូនិច
ប្រ​វត្តិ​ជី​វិត​អតី​ត​កាល ​លោក​អៀង​​ ស៊ី​ធុល​ ស្រ​លាញ់​សិល្បៈ​បុ​រាណ​ រស់​បាន​ដោយ​សារ​សិល្បៈ


រាជ​ធា​នី​ភ្នំ​ពេញ​ ៖ លោក​អៀង​ ស៊ី​ធុល​ គឺ​ជា​សិល្បករ​បុ​រាណ​យ៉ាង​ចំ​ណាន​តាំង​ពី​ឆ្នាំ​១​៩​៧​៥​មក​ ។​ បច្ចុ​ប្ប​ន្ន​នេះ​លោក​គឺ​ជា​ព្រឹទ្ធា​ចារ្យ​សិល្បៈ​នៅ​សមា​គម​សិល្បៈ​ខ្មែរ​អមតៈ​ និង​ជា​អ្នក​បង្ហាត់​បង្រៀន​ដល់​អ្នក​ជំ​នាន់​ក្រោយ​ទាំង​ផ្នែក​ចម្រៀង​ តន្ត្រី​ និង​រ​បាំ​ ។​ តើ​មុន​ក្លាយ​ជា​អ្នក​មាន​ជំ​នាញ​សិល្បៈ​បុ​រាណ​គួរ​ឱ្យ​សរ​សើរ​នេះ​ លោក​អៀង​ ស៊ី​ធុល​ មាន​ប្រ​វត្តិ​ខិត​ខំ​ហាត់​រៀន​យ៉ាង​ណា​ខ្លះ​?

លោក​អៀង​ ស៊ី​ធុល​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​រៀប​រាប់​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យដឹង​ថា​ លោក​មាន​ស្រុក​កំ​ណើត​នៅ​ភូមិ​ត្បូង​ភ្នំ​ ឃុំ​វាល​ ស្រុក​គង​ពិ​សី​ ខេត្ត​កំ​ពង់​ស្ពឺ​ កើត​នៅ​ថ្ងៃ​ទី​១​៧​ កក្ក​ដា​ ឆ្នាំ​១​៩​៥​៧​ គិត​មក​ដល់​បច្ចុប្ប​ន្ន​នេះ​មាន​អា​យុ​ ៥​៨​ឆ្នាំ​ហើយ​ ។​ ចំ​ណែក​ឯ​ភរិយា​របស់​លោក ​ឈ្មោះ​ស្រី​ ពេជ្រ​គន្ធារី​ ជា​សិល្ប​ការិនី​នៅ​ក្រ​សួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ​ដូច​លោក​ដែរ​ ។​ លោក​ស៊ី​ធុល​ មាន​កូន​ចំ​នួន​៤​នាក់​ ក្នុង​នោះ​ប្រុស​២​នាក់​ ។​

កាល​នៅ​កុមារ​ភាព​ផ្ទះ​របស់​លោក​អៀង​ ស៊ី​ធុល​ មាន​ក្រុម​តន្ត្រី​បុ​រាណ​មួយ​​របស់​ជី​តា​លោក​ ។​ ជី​តា​របស់​លោក​គឺ​ជា​គ្រូ​ភ្លេង​អា​រក្ស​ ដូច្នេះ​នៅ​ពេល​ជី​តា​របស់​លោក​ជួប​ជុំ​គ្នា​ធ្វើ​ពិ​ធី​លៀង​អា​រក្ស​ ក្រុម​ជី​តា​របស់​លោក​មាន​ច្រៀង​ មាន​ហូប​ចុក​ និង​មាន​សែន​ព្រេន​ជា​ដើម​ ។​ នៅ​ក្នុង​អំ​ឡុង​ពេល​នោះ​លោក​ស៊ី​ធុល​ មាន​អា​យុ​ប្រហែល​ ៦​ទៅ​៧​ឆ្នាំ​ ហើយ​តែង​តែ​យក​តម្រាប់​តាម​ជី​តា​របស់​លោក​ ។​ លោក​ចេះ​កូត​ទ្រ​ និង​ចេះ​ផ្លុំ​ប៉ី​ តែ​មិន​ពី​រោះ​ដូច​ជា​អ្នក​ជំ​នាញ​ទេ​ គ្រាន់​តែ​អាច​ស្ដាប់បាន​ប៉ុណ្ណោះ​ ។​

រ​ហូត​ដល់​ឆ្នាំ​១​៩​៦​០​ ល្ខោន​បា​សាក់​ និង​យី​កេ​ មាន​ឥទ្ធិ​ពល​ខ្លាំង​នៅ​ក្នុង​ប្រទេស​យើង​ ។​ នៅ​តាម​ពិ​ធី​បុណ្យផ្សេង​ៗ​ ឱ្យ​តែ​មាន​ការ​សម្ដែង​ល្ខោន​បា​សាក់​ និង​យី​កេ​ លោក​តែ​ង​តែ​ប​បួល​មិត្ត​ភក្តិ​ទៅ​មើល​ ហើយ​នៅ​ពេល​មក​ផ្ទះ​វិញ​ លោក​នាំ​គ្នា​សម្តែង​តាម​គេ​ ដោយ​មាន​ស្លៀក​ពាក់​ ចង​ក្រ​មា​ យក​ម្សៅ​​​​​​​​ និង​ធ្យូង​គូរ​មុខ​ដើម្បី​ឱ្យ​ដូ​ច​ជា​តួ​ល្ខោន​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ពេល​ទៅ​សា​លា​ ឱ្យ​តែ​មាន​កម្ម​វិ​ធី​ប្រ​លង​ច្រៀង​ និង​រាំ​ គឺ​តែង​តែ​មាន​មុខ​របស់​លោក​ជា​និច្ច​ ។​

ក្នុង​ឆ្នាំ​១​៩​៧​០​ ឪ​ពុក​ម្ដាយ​របស់​លោក​អៀង​ ស៊ី​ធុល​​ បាន​បញ្ជូន​រូប​លោក​ទៅ​សិក្សា​នៅ​វិ​ទ្យា​ល័យ​កំ​ពង់​ស្ពឺ​ ។​ លោក​ទៅ​រៀន​បាន​តែ​មួយ​ឆ្នាំ​ ក៏​មាន​បាតុ​កម្ម​កើត​ឡើង​ ហើយ​បង​ប្រុស​របស់​លោក​បាន​បញ្ជូន​​រូប​លោក​ទៅ​ភ្នំ​ពេញ​ ស្នាក់​នៅ​ជា​មួយ​លោក​គ្រូ​ម៉េង​ ហ៊ុន​ លោក​យាយ​សង្វា​ ពេជ្រ​ ។​ ដោយ​សារ​តែ​លោក​គ្រូ​ម៉េង​ ហ៊ុន​ គឺ​ជា​អ្នក​ភ្លេង​បុ​រាណ​ លោក​ក៏​បាន​រៀន​ភ្លេង​ដែរ​ ។​ ក្រោយ​មក​លោក​អៀង​ ស៊ី​ធុល​ បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សា​លា​វិ​ចិត្រ​សិល្បៈ​ ក្នុង​ឆ្នាំ​១៩៧១​ រហូត​ដល់​ឆ្នាំ​១​៩​៧​៤​ ឈាន​ចូល​ឆ្នាំ​១៩៧៥​ ដោយ​លោក​ចាប់​យក​ជំ​នាញ​ផ្នែក​ល្ខោន​ ច្រៀង​​ ហើយ​ពេល​ទំ​នេរ​លោក​រៀន​ផ្នែក​តន្ដ្រី​ជា​មួយ​ជី​តា​របស់​លោក​ ។​

នៅ​ក្នុង​សម័យ​នោះ​ស្រុក​របស់​យើង​កំ​ពុង​មាន​សង្គ្រាម។​ នៅ​ក្នុង​ពេល​នោះ​ដែរ​ លោក​ស៊ី​ធុល​ បាន​ចាប់​យក​ជំនាញ​ល្ខោន​បា​សាក់​ ល្ខោន​យី​កេ​ ហើយ​ធ្លាប់​សម្តែង​នៅ​តាម​កម្ម​វិ​ធី​បុណ្យ​ផ្សេង​ៗ​ ទាំង​នៅ​ក្នុង​ក្រុង​ និង​នៅ​តាម​បណ្ដា​ខេត្ត​នា​នា​ និង​នៅ​តាម​មហោ​ស្រព​សិល្បៈ។​ នៅ​ក្នុង​សម័យ​នោះ​លោក​អៀង​ ស៊ី​ធុល​សម្តែង​បាន​ជា​ច្រើន​រឿង​ដូច​ជា​​រឿង​ព្រះ​វេ​ស្ស​ន្តរ​ កោះ​ចំ​ប៉ី​ស​ សុ​ភា​ទន្សាយ​ ជី​​​​​​​វិត​មាតុ​ភូមិ​ និង​រឿង​ដាវ​សុ​ភមង្គ​ល​ជា​ដើម​ ។​

នៅ​ឆ្នាំ​​១​៩​៧​៥​​​ ក្រុម​របស់​លោក​អៀង​ ស៊ី​ធុល​ បាន​បែក​គ្នា​ ហើយ​លោក​បាន​ត្រឡប់​ទៅ​ស្រុក​កំ​ណើត​វិញ​ ដោយ​យក​ទ្រ​ទៅ​តាម​ខ្លួន​។​ នៅ​តាម​ផ្លូវ​ពួក​អង្គ​ការ​ បាន​ដក​ហូត​យក​ទ្រ​របស់​លោក​ ធ្វើ​ឱ្យ​លោក​សោក​ស្តាយ​យ៉ាង​ខ្លាំង​​ព្រោះ​លោក​គិត​ថា​ ឧប​ករណ៍​តន្ត្រី​គឺ​ជា​អ​ា​យុ​ជី​វិត​របស់​អ្នក​សិល្បៈ​ ។​ នៅ​ពេល​លោក​អៀង​ ស៊ី​ធុល​ ទៅ​ដល់​មូល​ដ្ឋាន​នៅ​ក្នុង​​សម័យ​ប៉ុល​ពត​​ គេ​ឱ្យ​លោក​ធ្វើ​ការ​ងារ​ច្រើន​ខុស​ពី​ជំ​នាញ​របស់​លោក​ ក្នុង​នោះ​មាន​លោក​គ្រូ​អ្នក​គ្រូ​ និង​សិល្ប​ករ​ប្រ​ហែល​ជា​ ២​០​ទៅ​៣​០​នាក់​ទៀត​ ។​ ដោយ​សេច​ក្តី​ស្រ​ឡាញ់​ ក្រុម​របស់​លោក​ តែង​តែ​លួច​រក​ឱ​កាស​ដើម្បី​ហាត់​រៀន​បន្ថែម​នៅ​ពេល​យប់​ គឺ​នៅ​ក្នុង​ចម្ការ​ស្ងាត់​​ ដោយ​នាំ​គ្នា​ហាត់​ក្បាច់​ផ្សេង​ៗ​​ ដែល​ជា​ក្បាច់​រ​បាំ​និង​ល្ខោន​បា​សាក់​ជា​ដើម​ ។​ ការ​ហាត់​រៀន​ដោយ​លួច​លាក់​បែប​នេះ​បាន​តែ​១​ខែ​ប៉ុណ្ណោះ​ ពួក​អង្គ​ការ​បាន​បំ​បែក​ក្រុម​របស់​លោក​ឱ្យ​នៅ​ផ្សេង​ៗ​ពី​គ្នា​ ហើយ​រូប​លោក​បាន​ទៅ​រស់​នៅ​ក្នុង​មូល​ដ្ឋាន​ជា​មួយ​ឪ​ពុក​ម្ដាយ​របស់​លោក​។​

លោក​អៀង​ ស៊ី​ធុល​ រំ​លឹក​ថា​ មាន​ថ្ងៃ​មួយ​ពួក​អង្គ​ការ​បាន​ហៅ​លោក​ទៅ​សួរ​ថា​ «​មិត្ត​ឯង​នៅ​ភ្នំ​ពេញ​រៀន​ខាង​អី​?​»​ ។​ លោក​បាន​ឆ្លើយ​ថា​ លោក​រៀន​ខាង​ភ្លេង​​ ដូច្នេះ​ហើយ​ពួក​អង្គ​ការ​ឱ្យ​លោក​ទៅ​ច្រៀង​នៅ​ក្នុង​«​ថ្ងៃ​ទី​១៧​ មេ​សា​»​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ស្តាប់​ ។​ លោក​ច្រៀង​នៅ​ភូមិ​ព្រៃ​ងៀត​​ ស្រុក​គង​ពិ​សី​រយៈ​ពេល​បី​ថ្ងៃ​ ។​ ក្នុង​ថ្ងៃ​ទី​១​និង​ទី​២​លោក​ទ​ទួល​បានជោគ​ជ័យ​ខ្លាំង​ណាស់​ តែ​ថ្ងៃ​ទី​៣​គេ​ឈប់​ឱ្យ​លោក​សម្ដែង​ ។​ មួយ​ខែ​ក្រោយ​មក​ ពួក​អង្គ​ការ​បាន​ចាប់​លោក​ដាក់​គុក​អស់​រយៈ​ពេល​៣​ខែ​ ដោយ​លើក​ហេតុ​ផល​ថា​ ចម្រៀង​ក៏​ដូច​ជា​រ​បាំ​ដែល​​ពួក​លោក​សម្តែង​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ទន់​ជ្រាយ​ មាន​អា​រម្មណ៍​មិន​ស្នេហាជាតិ ។

បី​ខែ​ក្រោយ​មក​ ជា​រដូវ​ដក​ស្ទូង​ និង​ធ្វើ​ចម្ការ ​អង្គ​ការ​បាន​បញ្ជូន​លោក​អៀង​ ស៊ី​ធុល​ ទៅ​ធ្វើ​ចម្ការ​អស់​រយៈ​ពេល​បី​ខែ​ ទើប​ឱ្យ​ចូល​កង​វិញ​ ។​​ ចាប់​តាំង​ពី​ពេល​នោះ​មក​ លោក​មិន​មាន​ឱ​កាស​សម្ដែង​សិល្ប​ៈ​ទៀត​ទេ​ តែ​ហេតុ​តែ​ទឹក​ចិត្ត​ស្រឡាញ់​ឧបករណ៍​តន្ត្រី​បុ​រាណ​ លោក​បាន​យក​ខ្លុយ​មួយ​ និង​ទ្រ​មួយ​នៅ​ជាប់​ខ្លួន​ជា​និច្ច​ ។​ ជួន​កាល​មិត្ត​ភក្តិ​ក៏​ដូច​ជា​ពួក​អង្គ​ការ​បាន​ប្រើ​ឱ្យ​លោក​ច្រៀង​បទ​បដិ​វត្ត​ន៍​ ផ្លុំ​ខ្លុយ​ និង​កូត​ទ្រ​ឱ្យ​ពួក​គេ​ស្តាប់​ ខណៈ​សម្រាក​ពី​ការ​ងារ​ប្រ​ហែល​ជា​៥​នា​ទី​ ។​

លោក​អៀង​ ស៊ី​ធុល​ បញ្ជាក់​ថា​កាល​ពី​សម័យ​នោះ​ជី​វិត​លោក​រស់​បាន​ដោយ​សារ​តែ​សិល្បៈ ​និង​ឧបករណ៍​តន្ត្រី​បុ​រាណ​ខ្មែរ​ ព្រោះ​មាន​តែ​សិល្បៈ​នេះ​ហើយ​ដែល​អាច​បំ​ពេ​អា​រម្មណ៍​ និង​បន្ទន់​ចិត្ត​ពួក​គេ​ឱ្យ​ស្ដាប់​បាន​ ។​ រហូត​ដល់​ថ្ងៃ​ទី​៧​ មក​រា​ ១​៩​៧​៩​ ពួក​ប៉ុល​ពត​បាន​កៀរ​លោក​ទៅ​ធ្វើ​ជា​អ្នក​ជញ្ជូន​អង្ករ​ និង​ស្បៀង​ផ្សេង​ៗ​ទៅ​ឱ្យ​ពួក​គេ​ដើម្បី​ទប់​ទល់​ជា​មួយ​នឹង​កង​ទ័ព​រំ​ដោះ​ ។​ រហូត​ដល់​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែរ​ ទើប​លោក​អៀង​ ស៊ី​ធុល​ ត្រ​ឡប់​វិល​ចូល​ស្រុក​វិញ​បាន​ ។​

នៅ​ក្នុង​ខែ​មិ​ថុ​នា​ ១​៩​៧​៩​ លោក​អៀង​ ស៊ី​ធុល​​​​ បាន​រៀប​ការ​ជា​មួយ​នា​រី​ដែល​ធ្លាប់​ជា​មិត្ត​រៀន​នៅ​សា​លា​ជា​មួយ​គ្នា​ ។​ បន្ទាប់​មក​លោក​បាន​នាំ​ភរិយា​ទៅ​រស់​នៅ​ភ្នំ​ពេញ​ ។​ សិល្បករ​ជើង​ចាស់​រូប​នេះរំ​ឭក​ថា​ នៅ​ពេល​ដល់​ភ្នំ​ពេញ​ដំ​បូង​មិន​មាន​អ្នក​សិល្បៈ​ច្រើន​ទេ​ មាន​ប្រ​ហែល​ជាង​២​០​នាក់​ប៉ុណ្ណោះ​ ហើយ​ពួក​លោក​បាន​ប្រ​មូល​គ្នា​ហាត់​រៀន​ឡើង​វិញ​ ។​ ការ​ហាត់​រៀន​បាន​រយៈ​ពេល​៤​ខែ​ រដ្ឋា​ភិ​បាល​បាន​ឱ្យ​លោក​ចេញ​ទៅ​សម្តែង​នៅ​ប្រ​ទេស​អា​ល្លឺ​ម៉ង់​ និង​វៀត​ណាម​ ។​ រយៈ​ពេល​បី​ខែ​ លោក​បា​ន​ត្រ​ឡប់​មក​វិញ​ ហើយ​ចាប់​ផ្តើម​ជួប​ជុំ​មិត្ត​ភក្តិ​ដើម្បី​ហាត់​ល្ខោន​បា​សាក់​ ហាត់​រ​បាំ​ ហាត់​បទ​ភ្លេង​​រាំ​ច្រៀង​ឡើង​វិញ​ ។​

ក្រោយ​មក​លោក​បាន​ហាត់​យី​កេ​រឿង​ម៉ាក់​ថឺង​ ទុំ​ទាវ​ និង​ល្ខោន​បា​សាក់​​ ជា​ច្រើន​ទៀត​ ។​​ បើ​គិត​តាំ​ង​ពី​ឆ្នាំ​១​៩​៧​៩​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​លោក​បាន​សម្ដែង​រឿង​ធំ​ចំ​នួន​​​ ១​៩​រឿង​​ និង​រឿង​តូច​ៗ​ជាង​៣​០​រឿង​ ជា​ពិ​សេស​លោក​បាន​ទៅ​សម្តែង​នៅ​តាម​បណ្តាខេត្ត​ពេញ​ប្រ​ទេស​កម្ពុជា​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​យើង​បាន​ដឹង​ និង​ស្គាល់​កាន់​តែ​ច្បាស់​អំ​ពី​សិល្បៈ​ខ្មែរ​ ។​​​ ជាង​នេះ​ទៅ​ទៀត​នោះ​ រដ្ឋា​ភិ​បាល​បាន​បញ្ជូន​លោក​ឱ្យ​ទៅ​សហ​ការ​ជា​មួយ​ប្រ​ទេស​ឡាវ​​ វៀត​ណាម​ អាល្លឺ​ម៉ង់​ ស្វុីស​ បា​រាំង​ ហូ​ឡង់ អីុ​តា​លី​ និង​បាន​បង្ហាត់​បង្រៀន​អំ​ពី​សិល្បៈ​ខ្មែរ​ ។​

សព្វ​ថ្ងៃ​លោក​អៀង​ ស៊ី​ធុល​ គឺ​ជា​ព្រឹទ្ធា​ចារ្យ​នៅ​សមា​គមសិល្បៈ​ខ្មែរ​អមតៈ​ និង​ជា​អ្នក​បង្ហាត់​បង្រៀន​ដល់​ក្មេង​ជំ​នាន់​ក្រោយ​ទាំង​ផ្នែក​ចម្រៀង​ តន្ត្រី​ និង​របាំ​ ។ ជា​ពិ​សេស​លោក​មាន​ក្រុម​ផ្ទាល់​ខ្លួន​មួយ​ ដែល​លោក​រៀប​ចំ​តាំង​ពី​ឆ្នាំ​២០០២​ មក​ម៉្លេះ​ មាន​ឈ្មោះ​ថា​«​ក្រុម​បណ្ដុះ​បណ្ដាល​សេដ្ឋ​កិច្ច​កុមារ​កំ​ព្រា​ទី​ទ័ល​ក្រ​ជន​បទ​»​តែ​បច្ចុប្ប​ន្ន​នេះ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ក្រុម​កុ​មារ​បា​សាក់​ ដែល​មាន​សមា​ជិក​៩​០​នាក់។​ ពេល​នេះ​ក្រុម​របស់​លោក​អៀង​ ស៊ី​ធុល​ សម្តែង​នៅ​សា​រមន្ទីរ​ជាតិ​៦​ថ្ងៃ​ ក្នុង​មួយ​សប្តាហ៍​ ដោយ​លក់​សំ​បុត្រ​សម្រាប់​ភ្ញៀវ​បរទេស​តម្លៃ​ ១០​ដុល្លារ​ និង​ភ្ញៀវ​ជាតិ​​​ ៥​ដុល្លារ​ តែ​​មិន​ទាន់​ទទួល​បាន​ជោគ​ជ័យ​នៅ​ឡើយ​ទេ​ ៕​ ​