សារអេឡិចត្រូនិច
ដុន​នី យេន ទិញ​ផ្ទះ​ថ្លៃ​១៣៥​លាន​អោយ​ប្រពន្ធ​


ស្វាមី ដែល​ស្រឡាញ់​ភរិយា លោក​ដុន​នី យេន ដែល​ជា​កំពូល​តួ​សម្តែង​ទាត់​ធាក់​ហុងកុង បាន​ទិញ​ផ្ទះ​ថ្លៃ​១៣៥​លាន​ដុល្លារ​​ហុងកុង​(​ជាង​១៧​លាន​ដុល្លារ​អាមេរិក​)​អោយ​ប្រពន្ធ​នាង សេ​ស៊ីលៀ វ៉ាង បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សម្បថ​ស្រឡាញ់​គ្នា​ជា​ថ្មី​។​


យោង​តាម​វេបសាយ​Asianpopnews ប្រភព​ស្និទ្ធ​នឹង​ប្តី​ប្រពន្ធ​នេះ​បាន​បង្ហើប​អោយដឹងថា​ទោះជា​ដុន​នី​ចេញ​លុយ​ទិញ​ផ្ទះ​នេះ​ក៏​​នាង​សេ​ស៊ីលៀ ធ្វើ​ជា​ម្ចាស់​៨០​ភាគរយ​លើ​ផ្ទះ​នេះ​រីឯ​ដុន​នី​មាន​ចំណែក​តែ​២០​ភាគរយ​។​

នៅពេល​ត្រូវ​បាន​គេ​ទូរស័ព្ទ​សួរថា​តើ​ព័ត៌មាន​ខាងលើ​ពិត​ដែរឬទេ នាង​សេ​ស៊ីលៀ​បាន​និយាយថា​"​ពួក​យើង​បាន​ទិញ​ផ្ទះ​តម្លៃ​រាប់​​លាន​មួយ​។​ខ្ញុំ​តែងតែ​ចង់ទៅ​នៅ​ក្នុងផ្ទះ​ធំ​ជាង​សព្វថ្ងៃ ពីព្រោះ​វា​មាន​ភាពងាយស្រួល​ជាង​នៅពេល​ឪពុក​ម្តាយក្មេក​របស់ខ្ញុំ​វិល​មក​​ហុងកុង​។​តែ​យើង​មិនទាន់​សំរេច​ថា​ត្រូវ​ចូល​នៅ​ឬក៏​ជួល​នៅឡើយ​ទេ​"​។​

​នាង​ក៏​បាន​បង្ហាញ​បំណង​ធ្វើ​ការវិនិយោគ​ខាង​សាងសង់​អាគារ​សំរាប់​ការិយាល័យ​និង​រោងចក្រ តែ​គំនិត​នេះ​បាន​រលាយ​បាត់​វិញ​​នៅពេល​អាជ្ញាធរ​ចេញ​វិធាន​ការយកពន្ធ​លើ​អចលនទ្រព្យ​។​

​សេ​ស៊ីលៀ​បាន​និយាយថា​"​ខ្ញុំ​បាន​គិត​ដល់​ការវិនិយោគ​លើ​ហាង​ទំនិញ តែ​អាទិភាព​របស់​ខ្ញុំ​នៅ​តែ​លើ​គ្រួសារ​។​អ្វីៗ​ក៏​ថ្លៃ​ដែរ​ឥឡូវ​​បន្ទាប់​ពី​ទិញ​ផ្ទះ​នេះ ពួក​យើង​អស់​ប្រាក់​សន្សំ​"​។​

​នាង​បាន​និយាយ​បែប​លេងសើច​ថា នាង​នឹង​ជំរុញ​អោយ​ដុន​នី​សម្តែង​ភាពយន្ត​ច្រើន​ទៀត​ដើម្បី​សន្សំ​ប្រាក់​៕