សារអេឡិចត្រូនិច
សេចក្តីថ្លែងការណ៍​រួម ១១ ចំណុច​នៃ​កិច្ចប្រជុំ​កំពូល កម្ពុជា ​ឡាវ វៀតណាម លើក​ទី​៧


ភ្នំពេញ​: កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​៧ (CLV) បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​ នៅ​រសៀល​ថ្ងៃ​ទី១២ ខែមីនា នា​សណ្ឋាគារ​ឡាវ​ផ្លាសា ទីក្រុង​វៀង​ច័ន្ទ។ ​កិច្ចប្រជុំ​កំពូល​បានចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ មាន ​១១​ចំណុច​។​

​ប្រមុខ​រាជរដ្ឋាភិបាល ​នៃ​ប្រទេស​កម្ពុជា ​ដឹកនាំ​ដោយសម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និងប្រមុខ រដ្ឋាភិបាល​ឡាវ ដឹកនាំ​ដោយ លោក ថង​ស៊ីន ថា​ម​ម៉ា​វង្ស ត្រូវ​បាន​ការ​ធ្វើ​គារវកិច្ច​ស្វា​មគ​ន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោក ង្វៀន តាន់​យ៉ុង នាយក​រដ្ឋ​មន្ត្រី​​វៀតណាម និងជា​ប្រធាន​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម​លើក​ទី​៧​។​

​​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី កម្ពុជា ឡាវ វៀតណាម បាន​សំដែង​នូវ​ការ​កត់​សំគាល់​​ដោយ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​សំខាន់ៗ​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែល​បាន​សំរេច​ចាប់​ពី​កិច្ចប្រជុំ កំពូល​លើក​ទី​៦​។​
    ​ 
​នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នោះ​ដែរ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​បាន​អះអាង​សាជាថ្មី​នូវ​ការបេ្តជ្ញាចិត្ត​និង​ការសន្យា​របស់​ខ្លួន​ក្នុង​ការបង្កើត​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម​ដ៏​មាន​សុខដុមរមនា​និង​ចម្រុងចម្រើន​តាមរយៈ​ការពង្រីក​និង​ពង្រឹង​ប្រសិទ្ធភាព​និង​គុណភាព​នៃ​កិច្ចសហប្រតិបត្តិការ​និង​ការជំរុញ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​ ថ្នាក់​មូលដ្ឋាន​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ​ វៀតណាម​។​ ​

ជាមួយគ្នា​នេះ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​ក៏​បាន​ទទួលស្គាល់​យ៉ាង​ច្បាស់​នូវ​ឧបសគ្គ​ និង​ភាព​ប្រឈម​ដែលប្រទេស​ទាំង​បី​កំពុង​ជួបប្រទះ ជា​ពិសេស​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម​និង​ផ្តល់​នូវ​សារៈសំខាន់​ដល់​កិច្ចសម្រប សម្រួល​ជិតស្និត​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី និងសារសំខាន់​នៃ​សកម្មភាព​រួម​គ្នា​ដើម្បី​ជំនះ​នូវ​ឧបសគ្គ ទាំងឡាយ​ក្នុង​ការអភិវឌ្ឍន៍​តំព​ន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ។

នៅក្នុង​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​៧ មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​បាន​ចេញ​នូវសេចក្តី ថ្លែងការណ៍​រួម​ស្តី​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម មាន​១១​ចំណុច​រួមមាន​៖

​    ​-​ទី​១.​មេដឹកនាំ​ទាំង​បី​បាន​អបអរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ​ដើម្បី​អនុវត្ត​ផែនការ​មេ​ដែល​បាន​ធ្វើ​វិសោធនកម្ម​រួច​ហើយ​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​កម្ពុជា​ឡាវ ​វៀតណាម ​ដល់​ឆ្នាំ​២០២០ និងកំណត់​ពី​សមិទ្ធផល​បាន​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ​និង​បាន​ប្រគល់​ភារកិច្ច ជូនគណៈ កម្មាធិការ​សម្របសម្រួល​ចម្រុះ កម្ពុជា ឡាវ វៀតណាម ដើម្បី​សិក្សា​បន្ថែមទៀត និងផ្តល់​អនុសាសន៍ នូវ​វិធីសាស្ត្រ​ច្បាស់លាស់​សម្រាប់​ការអនុវត្ត​ផែនកា​មេ​ដែល​បាន​កែសម្រួល​នៅ​ឆ្នាំ​២០១០​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​    ​-​ទី​២.​មេដឹកនាំ​ទាំង​បី​បាន​ឯកភាព​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អនុគ្រោះ និង​ពិសេស​ដើម្បី​បង្កើត​បរិស្ថាន អនុគ្រោះ​មួយ​សម្រាប់​វិនិយោគ និងធុរៈកិច្ច​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ​វៀតណាម និងដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​ការ​ត​ភ្ជាប់​រវាង​មូលដ្ឋាន​នានា​ក្នុង​តំបន់ ។ តាមរយៈ​នោះ​មេដឹកនាំ​ទាំង​បី ​បាន​ប្រគល់​ភារៈកិច្ច​ជូន​រដ្ឋមន្ត្រី នៃ​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ​ដើម្បី​ពិនិត្យ​ជំរុញ និងធ្វើ​របាយការណ៍​ពី​លទ្ធផល​នៃ​ការអនុវត្ត​អនុស្សារណៈ យោគយល់​គ្នា​ស្តីពី​គោលនយោបាយ​អនុគ្រោះ​ពិសេស​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដែល​បាន​ធ្វើ វិសោធនកម្ម ​និង​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១០​។ ជាមួយគ្នា​នេះ​មេដឹកនាំ​ទាំង​បី ​បាន​ប្រគល់​ភារកិច្ច​ជូន​រដ្ឋ​មន្ត្រី​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀងទ្វេភាគី និង ពហុភាគី​រវាង​ប្រទេស​ទាំង​បី និង ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការសម្រួល​និង​ការជំរុញ​ពាណិជ្ជកម្ម​នៅ​ក្នុង តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ដើម្បី​ដាក់ជូន​ចុះ ហត្ថលេខា​នៅឯ​កិច្ចប្រជុំ​កំពូល​តំបន់ត្រីកោណអភិវឌ្ឍន៍​កម្ពុជា​ ឡាវ​ វៀតណាម​លើក​ទី ៨ ដែល និងប្រារ​ព្វ​ធ្វើឡើ​ង​នៅ​ប្រទេស​ឡាវ​។
    ​    ​    ​
   -​ទី​៣.​ មេដឹកនាំ​ទាំង​បី ​បាន​ឯកភាពគ្នា​ក្នុង​ការធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងកា​រ​ពន្លឿន កិច្ចប្រឹងប្រែង​ធ្វើ សមាហរណកម្ម​តំបន់​អាស៊ាន​រួមទាំង​ការអនុវត្ត​ផែនទី​បង្ហាញផ្លូវ​សម្រាប់​សហគមន៍​អាស៊ាន និងផែនការមេ​ស្តីពី​ការត​ភ្ជាប់​អាស៊ាន​ឲ្យមាន​ប្រសិទ្ធភាព​និង​ទាន់ពេ​ល​វេលា​។​
    ​    ​    ​  
   -​ទី​៤.​មេដឹកនាំ​ទាំង​បី​ឯ​ភាព​ពន្លឿន​ការអនុវត្ត​កិច្ចព្រមព្រៀ​ង​ទ្វេភាគី និង ពហុភាគី​ដើម្បី​បង្កើត​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ការផ្លាស់ប្តូរ​មនុស្ស និងទំនិញ​ជា​ពិសេស​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្នុង​ក្របខណ្ឌ​កិច្ចសហ ប្រតិបត្តិការ​មហា​អនុ​តំបន់​ទន្លេមេគង្គ ការត្រួតពិនិត្យ​ច្រកចេញចូល​តែមួយ របស់​គយ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ និង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ការវិនិយោគ​និង​ការដឹកជញ្ជូន​។ តាមរយៈ​នេះ​មេដឹកនាំ​ទាំង​បី​ បានប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រី​គមនាគមន៍ នៃ​ប្រទេស​ទាំង​បី ដើម្បី​រៀបចំ​នូវ​នីតិវិធី​សម្រាប់​ការអនុវត្ត​អនុស្សារណៈ​នៃ​ការយោគយល់គ្នា​នេះ​ឲ្យមាន​ប្រសិទ្ធភាព​។​

​    ​-​ទី​៥.​មេដឹកនាំ​ទាំង​បី​បាន​ឯកភាពគ្នា​ចាត់តាំង​ការអភិវឌ្ឍ​ឧស្សាហកម្ម​កៅស៊ូ ជា​ចំណុច​ស្នូល​នៃ​កិច្ច​សហ​ប្រតិ បត្តិ​ការនៃ​ប្រទេស​ទាំង​បី​នៅក្នុង​តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និង​ប្រគល់​ភារៈកិច្ច ជូន​គណៈ​កម្មាធិ​ការ សម្របសម្រួល​ចម្រុះ ដើម្បី​ធ្វើ​ការសិក្សា​លម្អិត និងបង្កើត​ផែនការ​អភិវឌ្ឍ​ច្បាស់លាស់​ដើម្បី​ផ្ញើ​ជូន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​បី ​កម្ពុជា​ ឡាវ ​វៀតណាម​ សម្រាប់​ពិចារណា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម​លើក​ទី​៨​។​    ​
  
​    -​ទី​៦.​ មេដឹកនាំ​ទាំង​បី ​បាន​ឯកភាពគ្នា​ថា​ប្រទេស​នី​មួយៗ​ត្រូវ​ចាត់តាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ដើម្បី​ធ្វើ​ជា​បង្គោល​សម្រាប់​សកម្ម​ភាព​បណ្តុះបណ្តាល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។​
    ​    ​ 
 ​  -​ទី​៧.​ មេដឹកនាំ​ទាំង​បី​ បាន​ធ្វើ​ការអំពាវនាវ​ដល់​ដៃគួ​អភិវឌ្ឍន៍​ជួយ​គាំទ្រ​យ៉ាង​សកម្ម និង​សហការ​យ៉ាង​ជិ​ស្និត​ជា មួយ​រដ្ឋាភិបាល​កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុង​កិច្ចប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម នៅក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ពិសេស​បាន​ស្នើ​ឲ្យ​សហគ្រាស​ក្នុង និងក្រៅ​ប្រទេស​បង្កើត​សកម្មភាព​វិនិយោគ និងធុរៈកិច្ច​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ។ ជាមួយគ្នា​នេះ​មេដឹកនាំ​ទាំង​បី​បាន​ថ្លែង នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ គាំទ្រ​បន្ថែម​ទៀត​របស់​ប្រទេស​ជប៉ុន ដល់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ក្នុង​បណ្តា​ឆ្នាំ​កន្លង​ទៅ និងប្រាថ្នា​ចង់ បន្ត​ធ្វើការ​ជាមួយ និងប្រទេស​ជប៉ុន​ពាក់​ពន្ធ័​និង​កិច្ចការ​ទាំងអស់​នោះទាំ​ង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ព​ហុ ភាគី​ក៏ដូចជា​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ វៀតណាម ជប៉ុន អាស៊ាន​ជប៉ុន និងមេគង្គ​ជប៉ុន​ដូច​បាន​ព្រមព្រៀង​គ្នា​នៅក្នុង​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ ឆ្នាំ​២០១២​។​
    ​  
    ​-​ទី​៨. ​មេដឹកនាំ​ទាំង​បី​បាន​ប្រគល់​ភារៈកិច្ច​ជូន​គណៈកម្មាធិការ​សម្របសម្រួល​ចម្រុះ និង ស្ថាប័ន​ពាក់​ពន្ធ័​នានាធ្វើ​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម និង ការវិនិយោគ​ប្រកបដោយ​ប្រសិទ្ធភាព​និង​យ៉ាង​សកម្ម​ក្នុង​គោលបំណង៖​
​    ​    ​១.​ជំរុញ​សក្តានុពល​ភាព​នៃ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និងការអនុវត្ត​គោលនយោបាយ​អនុគ្រោះ សម្រាប់ តំបន់ ដែល​ត្រូវ​អនុម័ត​ដោយ​រដ្ឋាភិបាល​ទាំង​បី ។     ​    ​
        ​២.​ត្រៀម​រៀបចំ ODA ​និង​ជំនួយ​បច្ចេកទេស​ពី​ដៃគួ​អភិវឌ្ឍន៍​សម្រាប់​គម្រោង​អាទិភាព​រៀបចំ​កិច្ចប្រជុំ​រវាង​ប្រទេស​កម្ពុជា​ឡាវ​វៀតណាម​និង​ដៃគួ​អភិវឌ្ឍន៍​នានា​និង
​    ​    ​៣.​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​តំបន់​។​    ​    ​    ​    ​

    -​ទី​៩. ​មេដឹកនាំ​ទាំង​បី​ បាន​គួសបញ្ជាក់​ពី​សារៈសំខាន់​ នៃ​ការធានា​សន្តិសុខ​សុ​វត្តិភាព​ និង​បរិស្ថាន​ស្ថេរភាព​សម្រាប់​វិនិយោគិន​និង​ប្រជាជន​នៅក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ ​វៀតណាម ​ដោយ​បាន​ឯកភាពគ្នាក្នុង ការពង្រឹង កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​សម្រាប់​ប្រឆាំង​គ្រឿងញៀន និងការជួញដូរ​មនុស្ស​ឧក្រិដ្ឋកម្ម​ឆ្លងដែន និងជំនួញបន្ទាន់​ឆ្លងដែន​គ្រោះធម្មជាតិ និងភាព​ត្រៀម​ខ្លួន​សម្រាប់​ជម្ងឺឆ្លង និងការដោះស្រាយ​បញ្ហា​ជាតិ​មិន​ទាន់​ផ្ទុះ​ក្រោយសង្គ្រាម​។​
    ​    ​    ​
    -​ទី​១០. ​មេដឹកនាំ​ទាំង​បី​ បញ្ជាក់​សារជាថ្មី​ពី​ការសន្យា​យ៉ាង​មុតមាំ​របស់​ប្រទេស​ទាំង​បី​ ដើម្បី​ការពារ​បរិស្ថាន និង ការគ្រប់គ្រង​ប្រកបដោយ​ចិរភាព និងការប្រើប្រាស់​ធនធាន​ធម្មជាតិ​សម្រាប​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​និមួយៗ ក៏​ដូចជា​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ទាំងមូល ។ ជាមួយគ្នា​នេះ​មេដឹកនាំ​ទាំង​បី ​បាន​ប្រគល់​ភារកិច្ច ដល់​អាជ្ញាធ​រពាក់ ពន្ធ័​ឲ្យ​ពង្រឹង​កិច្ច​ព្រមព្រៀង​អនុស្សារណៈ​យោគយល់​គ្នា​ដែល​មាន​ស្រាប់​ស្តីពី​ការការពារ​បរិស្ថាន និងដើម្បី​អភិវឌ្ឍន៍ កម្មវិធី និងផែនការ​សកម្មភាព​រួម​សំដៅ​អភិរក្ស​ឧទ្យាន​ធម្មជាតិ និងតំបន់​ត្រូវការពារ​នៅក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និងបាន​លើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាន់ពេលវេលា និងយ៉ាង​សកម្ម​ពី​ប្រជាជនក្នុង​មូលដ្ឋាន និងភ្នាក់ងារ​ពាក់​ពន្ធ័​ដើម្បី​ដាក់​បញ្ចូល​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ទាក់ទិន និងបរិស្ថាន និង​ការអភិវឌ្ឍប្រកប​ដោយ​ចេរភាព​ទៅក្នុង​របៀបវារៈ​កិច្ចសហប្រតិបត្តិការ​ នៃ​ប្រទេស​ទាំង​បី ។​
    ​    ​  
​    -​ទី​១១. ​មេដឹកនាំ​ទាំង​បី​ បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៨ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម​ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ក្នុង ​ឆ្នាំ​២០១៤​។​    ​  

បន្ទាប់ពី​បាន​បញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី កម្ពុជា ឡាវ វៀតណាម បាន​ចុះ ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណា​ម ​ដើម្បី​ជា​ឯកសា​រ​គោល​នៃ​ការអនុវត្ត​រួមគ្នា​សម្រាប់​ប្រទេស​ទាំង​បី​ កម្ពុជា-​ឡាវ-​វៀតណាម៕
​    ​សំ​អូន (ទូរទស្សន៍​ជាតិ​កម្ពុជា រាយការណ៍​ពី​វៀង​ច័ន្ទ​)