សារអេឡិចត្រូនិច
សម្តេច​ហ៊ុន សែន ជួប​ប្រធាន​រដ្ឋ​ឡាវ ​មុន​កិច្ចប្រជុំ​កំពូល


ភ្នំពេញ: សេចក្តីរាយការណ៍​ពី​ប្រទេស​ឡាវ​បានឲ្យដឹងថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក ជុំ​ម៉ាលី សៃ​យ៉ាសន (Chommaly SAYASONE) ប្រធាន​រដ្ឋ​នៃ​ប្រទេស​ឡាវ នៅ​មុនពេល​បើក​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម​លើក​ទី​៧​នៅ​ព្រឹក​ថ្ងៃទី ១២ ខែ​មីនា​។​

 ​ប្រធាន​រដ្ឋ​នៃ​ប្រទេស​ឡាវ​មានប្រសាសន៍ថា វត្តមាន​របស់​សម្តេច​តេជោ​មិន​គ្រាន់តែ​នាំមក​នូវ​ជោគជ័យ​សម្រាប់​កិច្ច ប្រជុំ​កំពូល​ទាំងអស់​នោះ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​បង្ហាញ​នូវ​ការ​រិត​ចំណង​មិត្តភាព​សាមគ្គីភាព​ឲ្យ​កាន់តែ​រីកចំរើន​ទ្វេ​ឡើង​ថែម​ទៀត​សម្រាប់​ប្រជាជាតិ​ នៃ​យើង​ទាំង​ពីរ ​កម្ពុជា ឡាវ ។

​​ប្រភព​ព័ត៌មាន​និយាយ​ថា សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ នឹង​បន្ត​បង្កើន​កិច្ចសហ ប្រតិបតិការ​ជាមួយគ្នា​ ពិសេស​ការធ្វើ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​នៅតាម​តំបន់​ព្រំដែន សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ចេញចូលប្រកប​របរចិញ្ចឹមជីវិតប្រកប​ដោយ​ថាមពល និង​សុខដុមរមនា ។​