សារអេឡិចត្រូនិច
សម្តេច​តេ​ជោ ហ៊ុន សែន ជួប​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ប្រទេស​ឡាវ


ភ្នំពេញ: ​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ បានធ្វើ​សេចក្តីរាយការណ៍​ពី​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​មក​ថា នៅក្នុង​ជំនួប​ទ្វេភាគី ដែល​ធ្វើ​នៅវេលា​ម៉ោង ៨​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ កម្ពុជា-ឡាវ-វៀតណាម​ លើក​ទី៧ ​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា​-​វៀតណាម បាន​សំដែង នូវ​ការវាយតំ​លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ បើទោះបីជា​ការកើតមាន​ឡើង នូវ​វិបត្តិ​សេដ្ឋកិច្ច ពិភពលោក កាលពីពេល​ថ្មីៗ​ក៏ដោយ​។​

​ឯកឧត្តម ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី​វៀតណាម​មានប្រសាសន៍​ជម្រាបជូន ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា បើទោះបីជា​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​កើត​មាន​ឡើង នៅតាម​បណ្តា​ប្រទេសមួយ ចំនួន​លើ​ពិភពលោក​ក៏ពិតមែន​ប៉ុន្តែ​កំណើនសេដ្ឋកិច្ច នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម នៅតែមាន​ការ​កើន ឡើង ក្នុងនោះ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ ២០១២ បាន​កើនឡើង​ជាង ៥% ដោយឡែក កំណើន សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១២ មានការ​កើនឡើង​ជាង​៧%​។​

​នៅក្នុង​ជំនួប​នោះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​រួមគ្នា​ថា នឹង​ជំរុញ កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ រីកចម្រើន ទ្វេ​ឡើង ថែមទៀត តាមរយៈ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង​វិស័យ ទេសចរណ៍ ឲ្យ​កាន់តែខ្លាំង ក្លា​ថែមទៀត​។ នៅក្នុង​កិច្ចសន្ទនា​នោះ ដែរ ឯកឧត្តម ង្វៀន តាន់​យ៉ុង បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន ដឹកនាំ និង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២០-២១ ដែល​បញ្ចប់ទៅ ប្រកបដោយ លទ្ធផល​ដ៏​ត្រចះត្រចង់​បំផុត បើទោះបី​ជាមាន​បញ្ហា មួយចំនួន​កើតមានឡើង​នៅក្នុង​កិច្ចប្រជុំ​ក៏ពិតមែន​។​

​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ឲ្យ​ដឹង​បន្តថា សម្តេច​តេ​ជោ ​មានប្រសាសន៍ ស្វាគមន៍​ចំពោះ​ប្រសាសន៍​របស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម និង​បាន​គូសបញ្ជាក់​ពីសារ សំខាន់​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៅតាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច របស់​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ចំពោះ នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បានរៀបចំ​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម លើក​ទី ៧ នៅ​ប្រទេស ឡាវ បន្ទាប់ពី​ការអាក់ខាន​កាលពីពេល​កន្លងមក​នោះ​៕​