សារអេឡិចត្រូនិច
រដ្ឋមន្រ្តីសាធារណការ ឲ្យធ្វើ ផ្លូវបន្ទាន់ ទៅឃុំមេម៉ង់


មណ្ឌលគីរី: ឃុំ​មេ​ម៉​ង និង​ឃុំ​ចុង​ផ្លាស់ ស្ថិតក្នុង​ស្រុ​វ​កែវ​សីមា ដែល​តាំងពីដើម​មក ​មិនមាន​ផ្លូវ​គមនាគមន៍​ទៅដល់​នោះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​សា​ធា​​រណការ អនុញ្ញាត​ឲ្យ​ធ្វើជា​បន្ទាន់​ហើយ បន្ទាប់ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​បាន​ទៅដល់​ទីនោះ ដោយ​គ្មាន​ផ្លូវ​រួចមក​។​
​    ​
​លោក​ម៉ៅ ធន​រៈ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​មណ្ឌល​គី​រី និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ នេះ​ថា ផ្លូវ​ទៅកាន់​ឃុំ​មេ​ម៉​ង់ ដែល​កន្លង​​ទៅនេះ​រថយន្ត​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ទៅ​មិន​រួច​នោះ ឥឡូវ​ទទួល​បាន ការ​អនុញ្ញាត ពី​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណ​ការធ្វើ​បន្ទាន់​ហើយ ដោយ​ប្រើប្រាស់​ថវិកា​កញ្ចប់​រប​ស់​ក្រសួង​សាធារណការ ដើម្បី​ឲ្យ​ប្រជាជនមាន​ផ្លូវ​ធ្វើដំណើរ​ទៅមក ជាពិសេស​សម្រួល​ដល់​ការ​ទៅមក​របស់​ក្រុមយុវជន​ស្ម័គ្រ ចិត្ត​វាស់វែង​ដីធ្លី​។​

លោក​ម៉ៅ ធន​រៈ បាន​ឲ្យ​ដឹង​ទៀតថា ពេលនេះ មន្ទីរ​កំពុងតែ​ដំណើរការ​ត្រួស​ត្រាយព្រៃ ដើម្បី​បើកផ្លូវ​បន្ទាន់ ឲ្យ​ក្រុម យុវជន​ស្ម័គ្រចិត្ត​ចុះ​វាស់វែង​ដីធ្លី​នៅក្នុង​ឃុំ​មេ​ម៉​ង មាន​ផ្លូវចេញចូល​បាន​ស្រួល​។ ឃុំ​នេះ​គ្មាន​ផ្លូវ​ប្រើប្រាស់​រាប់សិប​ឆ្នាំ​មកហើយ ប្រជាជន​ធ្វើដំណើរ​កាត់​ព្រៃ​។​
​    ​
​លោក​ម៉ៅ ធន​រៈ បាន​ឲ្យ​ដឹង​ទៀតថា នៅ​ជំហាន​ដំបូង បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ធ្វើ​ពី​ លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ មន្ទីរ​បាន​ចាប់ផ្តើម​ធ្វើ​ដោយ​ខ្ចីបុល​ថវិកា​គេ​មក​ធ្វើការ​ត្រួស​ត្រាយព្រៃ ដើម្បី​បើកផ្លូវ​ឲ្យ​បាន​ទៅដល់​ឃុំ​មេ​ម៉​ង់​ក្នុងពេល​ឆាប់ៗ​នេះ​។ ផ្លូវ​នេះ គឺជា​ការងារ​បន្ទាន់​ត្រូវធ្វើ បន្ទាប់ពី​ត្រួសត្រាយ​ព្រៃ ឈូសឆាយ​បើកផ្លូវ គឺ​ត្រូវ​ដឹក​ដី ក្រហម​មកចាក់​លប់​ថ្មភ្នំ​ដែល​មិនអាច​យកចេញ​បាន​។ ផ្លូវ​ពី​សែន​មនោ​រម្យ​ដល់​ឃុំ​មេ​ម៉​ង់​មាន​ប្រវែង​៤៥​គីឡូម៉ែត្រ តែ​បានធ្វើ​រួច​ជាង​ពាក់កណ្តាល​ហើយ​នាពេល​​កន្លងមក​។​

លោក​ម៉ៅ ធន​រៈ បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា ការធ្វើ​ផ្លូវ​ទៅ​ឃុំ​មេ​ម៉​ង់​នេះ មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​មេ​ម៉​ង់​ជា​អ្នក​នាំមុខ​បើកផ្លូវ​។ នៅតាម​ផ្លូវ​ត្រូវធ្វើ​នេះ​មាន​អូរ​តូចធំ  កន្លែង​ណា​អូរ​តូច​ដាក់លូ តែ​កន្លែង​ណា​អូរ​ធំ គឺត្រូវធ្វើ​ស្ពាន ឈើ​បណ្តោះអាសន្ន ដោយ​ត្រូវ​ពឹងពាក់​ដល់​រដ្ឋបាល​ព្រៃឈើ​ឲ្យ​គេ​ជួយ​។​
​    ​
​ស្ត្រី​ឈ្មោះ ស៊ូ ហៀ​ង ជា​ក្រុមប្រឹក្សាឃុំ​មេ​ម៉​ង់ បាន​និយាយ​ឲ្យ​ដឹង​ដោយ​ក្តីរំភើប នៅ​ថ្ងៃទី​១២ ខែមីនា ថា ប្រជាជន​ឃុំ​មេ​ម៉​ង់ សប្បាយរីករាយ​ខ្លាំងណាស់ នៅពេល​ដឹងថា រដ្ឋាភិបាល​ចាប់​ផ្តើមធ្វើ​ផ្លូវ​ចូលមក​កាន់​ទីនេះ​។ ខ្ញុំ (​ស៊ូ​ហៀ​ង​) បាន​នាំ​ផ្លូវ​មន្ទីរ​សាធារណ​ការដើរ​មើល​ភូមិសាស្ត្រ ដើម្បី​ធ្វើ​ផ្លូវ​កុំ​ឲ្យ​ប៉ះចំ​ដី​ប្រជាជន និង​កុំ​ឲ្យ​ចំ​កន្លែង​មាន​ឆ្លងកាត់​អូរ​ច្រើន​។ អ្នក​ឃុំ​មេ​ម៉​ង់​ចាប់ផ្តើម​មាន​ផ្លូវ​ហើយ​។ អ្នក​ឃុំ​មេ​ម៉​ង​ជាច្រើន​ឆ្នាំ​មកហើយ​គ្មាន​ផ្លូវ​លំបាក​ខ្លាំងណាស់ ជា ពិសេស​ពេល​មាន​អ្នក​ឈឺ អ្នក​សម្រាលកូន​មិន​រួច​ត្រូវ​យកទៅ​ពេទ្យ​ខេត្ត​នោះ គឺ​ភាគតិច​ណាស់​ដែល​បាន​ទៅដល់​ពេទ្យ​នោះ​។​
​ 
គួរ​និយាយ​ឲ្យ​ដឹងថា ឃុំ​មេ​ម៉​ង​និង​ឃុំ​ចុង​ផ្លាស់ ស្ថិតនៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី មាន​ប្រជាជន​រស់នៅ​ជាង​មួយ​ពាន់​គ្រួសារ​តែ​គ្មាន​ផ្លូវ​គម​នា​​គម​ន៍​ភ្ជាប់​ក្រុង​សែន​មនោ​រម្យ របស់​ខេត្ត​មណ្ឌល​គី​រី​ទេ​។ ពី​មុននេះ​ការធ្វើ​ដំ​តាម​ម៉ូតូ ឬ​រថយន្ត​កែច្នៃ​ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ និង​អស់​ថវិកា​ច្រើន​ទើបបាន​ដល់​គោលដៅ​។ ឈ្នួល​ដឹក​អង្ករ​មួយ​តោន​ពីរ លាន​រៀល នៅក្នុង​រដូវវស្សា និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូឌុប​ពី​ប្រាំ​ពីរម៉ឺន​រៀល​ដល់​ដប់​ម៉ឺន​រៀល​៕