សារអេឡិចត្រូនិច
ផាន់​ ម៉ូនីកា បញ្ចប់មន្ទិល​​រឿង​ស្នេហ៍ ចូល​រោងការ​​ថ្ងៃទី​​​ ១៧មីនា


រាជធានី​ភ្នំពេញ ៖ បន្ទាប់​​ពី​​ល្បីថា តា​រា​ចម្រៀង​ប្រចាំ​ផលិតកម្ម​​​សាន់ដេ​​កញ្ញា​ផាន់ ម៉ូនីកា ​​ទាក់​ទង​ស្នេហា​ជាមួយបុរស​​អ្នក​ជំនួញ​​​​ម្នាក់​​​ មក​ពេល​នេះ​ប្រាកដ​ប្រជា​ហើយ​ដោយ​នាង​កំពុង​​តែ​ដើ​រចែក​​សំបុត្រកា​​រ​យ៉ាងមមាញឹក​​ ។ ​តា​រា​ចម្រៀង​ដែល​មាន​ដើមកំណើត​នៅ​​​ស្រុក​កោះធំ​​រូប​នេះ ​​​​បានបញ្ជាក់​ឱ្យ​ដឹងតាម​ទូរស័ព្ទ​​​​កា​ល​ពីល្ងាច​ថ្ងៃទី​១០​ ​​មីនា​​​ថា ​ជាការ​ពិត​​​​នាងកំពុង​​​តែ​ត្រៀម​ខ្លួន​​​ធ្វើជា​កូន​​ក្រមុំ​​​​​​នៅ​ថ្ងៃទី​១៧ ​មីនា ​​​ឆ្នាំ ​២០១៣ ​​ ។ ​

​​តា​រា​ចម្រៀង​សម្ដី​ផ្អែម​រូប​នេះ ​​​ប្រាប់​​​ថា​ស្វាមី​របស់នាង​​ គឺជា​អ្នក​ជំនួញ​ និង​ត្រូវ​ជាបង​ប្អូន​សាច់ឆ្ងាយ​​របស់នាងនោះ​គឺប្អូន​ប្រុស​បង្កើត​របស់​​លោកគង់ រ៉ាយុទ្ធ​​ ​ឈ្មោះគង់​ សុខ​ម៉េង ​។ ​​ស្នេហា​​របស់នាង​​បាន​កើតឡើង​រយៈ​ពេល​​​​៥ឆ្នាំ ​មកហើយ ។ ​​ផាន់ ម៉ូនីកា ​​ឱ្យ​ដឹង​ថា ​​នាង​បាន​​ស្គាល់​​​លោក​គង់ ​សុខម៉េង​ ​​តាំងពី​​​នៅ​តូច​​ៗមក​ម្ល៉េះ​ ប៉ុន្តែ​រូប​នាង​​​មិន​ដែល​​​ចាប់​អារម្មណ៍​​រឿង​ស្នេហា​​ឡើយ​​​ដោយ​សារ​តែ​​​នាង​គិតថា ​​ជាបង​ប្អូន​នឹង​​គ្នា​​ ។  នៅ​ពេលពេញ​វ័យ​​ពួកនាង​​ពុំ​ដែលបាន​ជួប​គ្នា​​​​ទេ  ។ រហូត​​ដល់​​​​ថ្ងៃ​​មួយខណៈ​​ពេលនាង​​កំពុង​​​តែ​ដើរ​​​ទិញ​សម្លៀក​បំពាក់នៅ​ក្រុងបាង​កក​​​​​ដើម្បី​យក​​​​មក​​លក់​​នាង​បាន​ជួប​​ជាមួយគង់ សុខម៉េង​​​ ហើយ​នាងសម្គាល់​​​​ឃើញ​​​ថា ​ជា​សុភាពបុរស​ ​មាន​សុជី​វ​ធម៌​​​​​ និង​រួស​រាយ​​​​​រាក់ទាក់​​​ជាមួយ​​នាង​​ ។

បន្ទាប់​​ពី​នោះ​​​​មក​លោក គង់ ​សុខម៉េង​ ​​បាន​សារភាព​​​​ស្នេហ៍​​ប្រាប់នាង​​ ហើយនាង​​​យល់​ព្រម​​​ តែ​រូប​នាង​​មិនដែលទម្លាយ​​រឿងស្នេហ៍​​នេះ​​ឱ្យ​អ្នកសារព័ត៌មាន​​​​បាន​ដឹង​​ទេ​ ព្រោះ​​តែ​នាង​ភ័យ​ខ្លាច​​​​​បរាជ័យនៅ​ថ្ងៃណាមួយ ។​ ម្យ៉ាង​វិញ​ទៀត​ខណៈ​ពេល​​​នាង​ទាក់ទង​​ជា​មួយ​លោកគង់ ​សុខ​ម៉េង ​នាងមិន​​ហ៊ាន​​គិ​ត​ដល់​​ថ្ងៃ​រៀប​​ការ​​ទេ ព្រោះ​តែ​នាង​​មិន​ទាន់សម្រេច​​​បាន​នូវ​គោល​​​​បំណង​​របស់នាង​​​នៅ​​ឡើយ ​​គឺ​​ទី​មួយ​​​នាង​ចង់​​ធ្វើ​ឱ្យ​​ខ្លួន​នាង​​​មានមុខ​​មាត់​​ក្នុង​សង្គម​​ ​ទី២​​នាង​ចង់​​មាន​មុខ​របរ​​ផ្ទាល់​ខ្លួន​​​​ និងទី៣​​នាង​ចង់​​មាន​ផ្ទះ​​​​សម្រាប់​​រស់នៅ​​​មុន​ពេល​​​នាង​រៀប​ការ​​រួច​​ ព្រោះ​តែ​នាង​​មិន​ចង់​ឱ្យ​កូន​របស់នាង​​​កើត​មក​​មិន​ទាន់​​មានទី​ជម្រក​​ច្បាស់លាស់​ទេ ។ ​​ពេល​នេះ​ក្ដី​​បំណង​របស់នាង​​​​បានសម្រេច​​ដូច​បំណង​​​ ហើយ​​​ទើប​នាង​​​សម្រេ​ច​​ចិត្តចូល​​រោងការ​​ជាមួយ​​លោក​គង់ ​សុខម៉េង ​ ។

​តា​រា​ចម្រៀង​​រូប​នេះ​​ប្រាប់​​ឱ្យ​ដឹង​ថា ​ផ្ទះដែល​​​នាង​​ទិញ​​នៅម្ដុំ​​ស្ទឹង​មានជ័យ​នោះគឺនា​​ង​​បាន​ចូល​​ប្រាក់ជាមួយលោកគង់ សុខម៉េង​។ ចំណែក​​ឯ​ហាង​កាកា​ស៊ុ​​គី​ស៊ុប ​​​គឺនាង​​ចូល​ហ៊ុនជា​មួយ​​ឪពុក​ម្ដាយ​​ក្មេក​របស់នាង​ ។ ​​ពេលនេះនាង ​និ​​ង​​អនា​គត​ស្វាមី ​​គឺ​ជា​អ្នក​គ្រប់​គ្រង​​​នៅទីនោះ​​​​ដោយ​ឪ​ពុក​ និងម្ដាយក្មេក​​របស់នាង​​​បាន​​ប្រគល់​ឱ្យ​​ពួក​នាង​ទុក​ជា​ចំណងដៃ​​អាពាហ៍ពិពាហ៍​​​ ។

តា​​រា​ចម្រៀង​សម្ដីផ្អែម​រូប​នេះ​បញ្ជាក់ថា ​​ ចាប់​តាំង​ពី​រូបនាង​​ប្រឡូក​ក្នុងពិភព​សិល្បៈ​មក​ ឪ​ពុក​ម្ដាយ​ក្មេក​របស់នាង​តែង​តែ​ជួយជ្រោម​ជ្រែង​​​ដល់រូបនាង​​​មិន​ដែល​​​ខានទេ ដោយសា​រ​​តែ​ពួក​​គាត់​​អាណិតអាសូរ​​ចំពោះ​រូប​នាង​​​ដែល​ជាកូន​កំព្រា ​។ ផាន់ ម៉ូនីកា​ ​ប្រា​ប់​ឱ្យ​ដឹង​ពី​​ពិធីមង្គល​ការ​​​របស់នាង​​ថា នាង​អញ្ជើញ​​ភ្ញៀវ​​​៨០តុ​​ឯណោះ  ភាគ​ច្រើន​ជា​អ្នកសិល្បៈ​។ ពិធីនេះ​រៀបចំ​​នៅ​ទីក្រុង​កោះពេជ្រ​​អគារ​A​​​ ដ៏ធំ​ទូលាយ​​​ ។

តា​រា​ដែល​មានខ្សែ​ជីវិត​ជូរចត់​រូបនេះ​​បញ្ជាក់​​ឱ្យ​ដឹងថា ​​ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​​​រួច​ស្វាមី​របស់នាង​មិន​ឱ្យ​នាង​​បោះបង់អាជីព​​សិល្បៈ​​ទេ​ ដោយ​​សារ​តែ​​​លោក​ជាមនុស្សម្នាក់​​​ដែល​ចូល​ចិត្ត​​ និងគាំទ្រ​សិល្បៈ​ខ្លាំង​​ណាស់​ ។​ ចំពោះ​​នាង​ផ្ទាល់​​​​មិន​​​ដែលមានគំនិត​​ចង់​លា​ឈប់​​ពី​​សិល្បៈ​ម្ដងណា​ ទេ​​​បើ​​សិន​​ជានៅ​មានទស្សនិក​ជន​​​ស្រឡាញ់​​ និង​គាំទ្រ​​​រូប​នាង​​​នោះ ។ ​

កញ្ញាផាន់ ម៉ូនីកា​ ​បានប្រឡូក​​ក្នុង​​ពិភព​​​សិល្បៈ​​ចម្រៀង​កន្លះទសវត្សរ៍​​មក​ហើយ​​ដោយ​ចាប់​​ផ្ដើម​​មានឈ្មោះបោះ សំឡេង​​តាម​រយៈ​បទ​​​ចម្រៀង​​​​មួយចំនួន​​ដូចជា​​បទ​​«លំចង់ប្រែខ្លួន​ »​​និងបទ«​​​លើកស្នេហ៍ជូនបង​»​ ​ជា​ដើម ។ ​នាង​អរគុណ​​​ផលិតកម្មសាន់ដេ​​ដែល​ផ្ដល់​​ឱកាស​​​ឱ្យ​នាង​អាច​ឆ្លៀត​​ពេល​សម្រាប់​​មុខរបរ​​រកស៊ី​​​ផ្ទាល់​ខ្លួន​​បាន ​​​។ ភាព​មន្ទិលសង្ស័យ​​ស្នេហ៍​របស់​​ផាន់ ម៉ូនី​កា​ បានបញ្ចប់​​​ហើយ​​តាម​រយៈ​​អាពា​ហ៍​ពិពា​ហ៍​​ក្នុង​សប្ដាហ៍នេះ​ ៕