សារអេឡិចត្រូនិច
​​អ្នក​មាន​បុណ្យ​ Barcelona ​បំបាក់​​ Milan ៤-០ រក​បាន​​កៅអី​​ ១​ឡើង​ទៅ​វគ្គ​ ៨​ក្រុម


ទោះបី​បរាជ័យ​​ ២-០ ​​ក្នុង​ទឹក​ដី​ Milan កាល​ពី​​​​ប្រកួត​ជើងទី ​១​ក្ដី​ ​ក្រុម​អ្នក​មាន​បុណ្យ Barcelona បានបំបាក់​ក្រុម​ Milan ​យ៉ាង​ចាស់​ដៃ​​​​ដោយ​លទ្ធ​ផល ​៤ ទល់នឹង​ ០ ​​ក្នុងពហុកីឡ​ដា្ឋន ​​Camp Nou កាល​ពី​រាត្រី​​​ថ្ងៃ​អង្គារ​​​ ទី​​១២ ​មីនា ​ឆ្នាំ​​២០១៣ ​កន្លង​ទៅ​នេះ ។ ​​​គ្រាប់បាល់​​សរុប​ទាំង​​២ជើង ក្រុម Barc​e​l​o​n​​​a បាន​​​យក​ឈ្នះ​​​ Milan ៤-២ កក់បាន​កៅអី​​​​១ដឹក​ដៃក្រុម​​​ Galatasaray ឡើង​​ទៅ​​ប្រកួត​​នៅ​វគ្គ​ ​៨ ក្រុម​​ចុងក្រោយ ។

​​នៅក្នុង​ដំណើរ​ការ​ប្រកួត ​ក្រុម​​​ Barcelona ​​​គ្រប់គ្រង​ទី​លាន​​​​ប្រកួត​បាន​​ ៦៦ ​ភាគរយ​ និង​មាន​​​​ឱកាស​​ស៊ុតបាល់​បញ្ចូល​ទី​​បាន​ច្រើន​ជាង​​​ក្រុម​ Milan ។ ​​​​ការ​ប្រកួត​តង់​ទី ១ កីឡាករ​​ម៉េស ស៊ី​​បាន​​​នាំ​សំណាង​ឱ្យ​ក្រុម Barcelona គឺ​ស៊ុត​បាល់​បញ្ចូល​ទី​​​បាន​១គ្រាប់​នៅ​នាទី​​​ទី ៥ ​​​បន្ទាប់ពី​មានការ​បញ្ជូន​បាល់​​​ដ៏​ល្អ​ពីកី​ឡាករ​​​សាវ៉ី ។ ​បន្ទាប់​ពី​ រក​​គ្រាប់​បាល់បាន​​​ ១ គ្រាប់​ក្នុង​ដៃ​​ក្លិប​អ្នក​មាន​បុណ្យ​ Barcelon​a កាន់​តែ​មាន​កម្លាំង​ចិត្ត​ ហើយ​បាន​វាយ​​លុក​​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម Milan ​​ហើយ​​ជា​លទ្ធ​​ផល​នៅនាទីទី​​ ៤០ ​​មុន​នឹង​បញ្ចប់​តង់​ទី​​១ ​​​កីឡាករ​អ៊ីណេស្ដា​ ​បញ្ជូន​បាល់​ឱ្យ​កីឡាករ​​​ម៉េស ស៊ី​ ស៊ុត​​បាល់​បញ្ចូល​ទី​បាន​​​ ១ គ្រាប់​​​​​បន្ថែម​ទៀត​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​​​តង់​ទី​​ ១ ​​​​ក្រុម Barcelona នាំមុខ​​ Milan ដោយលទ្ធផល​​​បណ្ដោះអាសន្ន​​ ២-០ ​។

​ចូល​មក​ដល់​តង់​ទី ២ ក្រុម Barcelona នៅ​តែ​មានមហិច្ឆតា​​រក​គ្រាប់​បាល់​​បញ្ចូល​ទី​​​ក្រុម​ Milan​​ ​បន្ថែម​ទៀត​ ពី​ព្រោះ​ពួកគេមិន​ចង់​​​​លេង​ថែម​ម៉ោងនោះ​​​​ទេ ​​ដូច្នេះ​ពួកគេ​បានបង្កើន​​​យុទ្ធ​សាស្ត្រ​​​​​គ្រប​សង្កត់​ទៅ​លើ​​​ក្រុម​ Milan​ ​សារ​ជា​ថ្មី​ម្ដង​​ទៀត​ ​​។ ​នៅ​​នាទី​ទី ​​៥៥  ​​កីឡាករ​ដេវិដ វីឡា​​​ស៊ុត​បាល់បញ្ចូល​ទី ​​​បាន ១ គ្រាប់​​ ​និងនៅ​នាទី​​ទី​ ៩០ បូក​​ ២ ​​កីឡាករ​ Alba ស៊ុតបាល់​បញ្ចូល​ទី​​​​បាន​​ ១ គ្រាប់​​​បន្ថែម​ទៀត​​ ហើយបាន​រក្សា​លទ្ធ​ផ​ល​​​នេះ​រហូត​ដល់​ចប់ការ​ប្រកួត​​​​​ ៩០ នាទី​​ ​ធ្វើ​ឱ្យ​ក្រុម​ Barcelon​​a បាន​យក​ឈ្នះ Milan ​ដោយ​លទ្ធ​ផល​​​ ៤-០ ។

​ចំណែក​ឯ​ការ​ប្រកួត​មួយ​គូប្រកួត​ទៀត​​​ក្រុម​​​ Galatasaray បាន​យក​ឈ្នះម្ចាស់​ផ្ទះ​ Schalke ​​ដោយ​​លទ្ធផល​ ​​៣-២ ​​​។ សរុប​ទាំង​ពីរ​ជើង​គឺ​​​ក្រុម​ Galatasaray បាន​យក​​​ឈ្នះ​​​ Schalke ដោយ​ទទួលលទ្ធ​ផល ៤-៣ មានកៅអី​១ឡើង​ទៅ​ប្រកួត​វគ្គ​ ៨ ​ក្រុម​ចុង​ក្រោយ​ដែរ​ ៕