សារអេឡិចត្រូនិច
យ៉ែម សំអូន និង​ភរិយា​ផ្តាច់​គម្រោង​ចេញទៅ​កាណាដា ស្រវា​កើប​ប្រាក់​ក្នុងស្រុក​


រាជធានីភ្នំពេញ ៖ ​លោក​យ៉ែម សំអូន និង​ភរិយា នាង​យាន លីនដា បាន​​លុប​​ចោល​គម្រោង​​ចេញ​ទៅ​សម្តែង​​នៅ​ក្នុង​ប្រទេស​កាណាដា ហើយ​បន្ទាប់​​ពី​ការ​ងារ​នៅ​ក្នុង​ស្រុក​​បាន​ធ្លាក់​មក​យ៉ាង​ច្រើន​ស្អេក​ស្កះ​​ជា​ហេតុ​​ធ្វើឱ្យ​​ប្តី​ប្រពន្ធ​​មួយ​គូ​​នេះ​សម្រេច​ចាប់​យក​ឱកាស​​មួយ​នេះ​ក្នុង​ការ​កើប​ប្រាក់​នៅ​ក្នុង​ស្រុក​ជំនួស​វិញ ។

​តាម​គម្រោង​តារា​ទាំង​២​ដួង​នេះ​នឹងវេច​បង្វេច​ចេញទៅ​ប្រទេស​កាណាដា​​នៅ​ក្នុងអំឡុង​ចុង​​ខែមីនា ខាងមុខនេះ ​ក្នុងការ​សម្តែង​​នៅ​ទី​នោះ​រយៈ​ពេល​១​ខែ ​នា​ឱកាស​បុណ្យចូល​ឆ្នាំ​ខ្មែរ តែ​ដោយ​សារ​​ភាពចាំ​បាច់​ដែល​មិន​អា​ចឱ្យ​តារា​​ដែលជា​ប្តី​ប្រពន្ធមួយ​គូ​នេះ​​ចោល​ការ​ងារ​នៅ​ក្នុង​ស្រុក​បាន​នោះ ទើប​សម្រេច​លុប​គម្រោង​ចេញ​ទៅ​បង្ហាញ​មុខនៅ​ក្នុង​ប្រទេស​ដ៏​ទាន់​សម័យ​មួយ​នេះ​ចោល​ទាំង​​តក់​ក្រហល់ ។

​តារា​ចម្រៀង​​ក្នុង​ផលិត​កម្ម​រ៉ៃ​មាស​ លោក​យ៉ែម សំអូន ​បាន​អះ​អាង​ប្រាប់​កោះ​សន្តិ​ភាពតាម​ទូរស័ព្ទ​ថា ​លោក​និងភរិយា​​បាន​សម្រេច​លុប​ចោល​គម្រោង​ចេញ​ទៅ​សម្តែង​​នៅ​ក្នុង​ប្រទេស​កាណាដា​ ប្រាកដមែន ​ដោយ​សារតែ​ការងារ​នៅ​ក្នុង​ស្រុក​មាន​ការមមាញឹក​​ច្រើន​​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​មិន​អាច​ដក​ឃ្លា​បាន ៕