សារអេឡិចត្រូនិច
ស្ត្រីរក​ស៊ី​ផ្លូវ​ភេទ​​ ២​នាក់​ ឆក់​ខ្សែ​.ក​​ភ្ញៀវ​ត្រូវ​នគរបាល​ឃាត់​ខ្លួន​


រាជធានីភ្នំពេញ ៖ ​ស្ត្រីរក​ស៊ី​ផ្លូវ​ភេទ​២​នាក់​ត្រូវបា​ន​នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​ស្រះចក​ស្រាវជ្រាវ និង​ឃាត់​ខ្លួន​កាល​ពីវេលា​ម៉ោង​​៨​និង​៣០​នាទី​យប់​ថ្ងៃទី​​១២ មីនា ​២០១៣ ​ក្រោយ​ពី​ស្ត្រី​រូប​នោះ​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​លុយ ខ្សែ.ក​ ទូរស័ព្ទ​​ដៃពីភ្ញៀវ​​ដែល​ចង់​រួម​ភេទ​​នៅ​ចំណុច​ខាងលើ​ផ្លូវ​រថភ្លើង​​ផ្លូវ​លេខ​៧០ ភូមិ​ទី​១ សង្កាត់​​ស្រះចក ​ខណ្ឌដូនពេញ ​ហើយ​ព្យាយាម​រត់​គេច​ខ្លួន​ ។

​យោង​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹងថា ​ជនរងគ្រោះ​​ឈ្មោះ​អៀវ វុធថា ភេទប្រុស អាយុ​​២៣​ឆ្នាំ មាន​ទី​លំនៅ​​ស្រុក​ពារាំង​ ខេត្ត​ព្រៃ​​វែង និង​មិត្តភក្តិ​​មាន​គ្នា​៣​នាក់ ។ នៅ​យប់​កើតហេតុ​ពួក​គេ​​បាន​ជិះ​ម៉ូតូ​​ទៅ​រក​​ស្ត្រី​រក​ស៊ី​​ផ្លូវភេទ​នៅចំណុច​ខាងកើត​ផ្លូវរថភ្លើង​​​លេខ​៧០ ​ស្ថិត​ក្នុង​ភូមិ​ទី១ សង្កាត់​ស្រះចក ​​ខណ្ឌ​ដូន​ពេញ ​ហើយ​បាន​ជួប​ស្ត្រី៣-៤​នាក់​ ។ ខណៈ​​ពេល​ដែល​ជន​រងគ្រោះ​​​ឈប់​​ម៉ូតូ ហើយ​និយាយតថ្លៃ​គ្នា​ដើម្បីរួម​ភេទ​ស្រាប់តែ​ស្ត្រី​ទាំង​នោះ​​បាន​ធ្វើ​សកម្ម​ភាព​​ឆក់​យក​លុយ​​ចំនួន​១០០​ដុល្លារ ខ្សែ.ក​មួយ​ខ្សែ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង រួច​នាំ​គ្នា​រត់​គេច​​ខ្លួន ។ ​ក្រោយ​ពី​នគរបាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​ស្រះ​ចក ទទួល​ពាក្យ​បណ្តឹង​ពីជន​រងគ្រោះ ហើយ​​កំណត់​​មុខ​សញ្ញា​​រហូត​ដល់​ថ្ងៃទី​១២ មីនា ​វេលាម៉ោង​​៨​និង​៣០​នាទី​យប់​​នគរបាល​ជំនាញ​​បាន​ឃាត់​ខ្លួនជន​សង្ស័យ​ជា​ស្ត្រីរកស៊ី​​ផ្លូវ​ភេទ​ចំនួន​២​នាក់​ ខណៈ​​ពួកគេ​ឈរ​លេង​នៅមុខ​ផ្ទះ​លេខ​១៣៨ ផ្លូវលេខ​៧០ ភូមិ​ទី​១ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ យក​មក​សាក​សួរ ។

ជនសង្ស័យ​​ដែល​បាន​ធ្វើ​សកម្ម​ភាព​​ឆក់​សម្ភារ​​ភ្ញៀវ​​ដែល​ចង់​រួម​ភេទ​នោះ ១-ឈ្មោះ​​រុន ស្រីមុំ អាយុ​​២៣​ឆ្នាំ ស្នាក់​នៅ​​ផ្ទះជួល ​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះ​​ចក ខណ្ឌ​ដូនពេញ និង​ឈ្មោះ​ម៉ៅ ស្រីពៅ ​អាយុ​១៩​ឆ្នាំ ​ស្នាក់​នៅ​ជា​មួយ​ស្ត្រី​​ខាងលើ ហើយ​ស្ត្រីទាំង​២​នាក់​នេះ​មាន​មុខ​របរ​ជា​ស្ត្រីរក​ស៊ីផ្លូវភេទ ៕