សារអេឡិចត្រូនិច
លោក​ខេមរៈ សិរីមន្ត ​ធ្វើ​សន្និ​សីទ​កាសែត ​​ពាក់​ព័ន្ធ​ករណី​គ្រោះថ្នាក់ ​ចរា​ចរណ៍​​នៅ​ផលិត​កម្ម​​សាន់ដេ​


រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​ល្បី​ប្រចាំ​ផលិត​កម្ម​សាន់ដេ លោក​​ខេមរៈ សិរីមន្ត ​​​បាន​ធ្វើ​សន្និ​សីទ​កាសែត​ពាក់​ព័ន្ធ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏រន្ធត់​​មួយ​ដែល​បាន​កើតឡើង​កាល​ពី​យប់​ថ្ងៃទី​​៧ មីនា បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់-របួស​ និង​ពាក្យ​ចចាមអារ៉ាម​​ពាក់​ព័ន្ធ​នឹង​ការ​រង​របួស​​របស់​លោក ។ ​សន្និ​សីទ​​កាសែត​នេះ​បានធ្វើ​​ឡើង​វេលាម៉ោង​៩​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​​១៤ មីនា ​នៅ​ផលិត​កម្ម​សាន់​ដេ ដោយ​មាន​វត្ត​មាន​​លោក​ខេមរៈ សិរីមន្ត ​ផ្ទាល់​​ លោក​ខេមរៈ ​ភារុណ បងប្រុស​ខេមរៈ សិរីមន្ត ​និង​លោក​ឡាយ សុកចំរើន ​ប្រធាន​ក្រុម​ហ៊ុន​​សាន់ដេ ។

លោក​​ខេមរៈ សិរីមន្ត បាន​​បក​ស្រាយ​លំអិត​ពីទិដ្ឋ​ភាពនៃ​គ្រោះថ្នាក់​ចរា​ចរណ៍ ដោយ​លោក​ប្រាប់​​ថា មុន​ពេល​កើតហេតុ​​លោក​ឃើញ​រថយន្ត​កុងតឺ​ន័រ ​មាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​​ពី​រថយន្ត​របស់​លោក​បាន​​បើក​រេ​ពេញ​ផ្លូវ និង​វាត់​កន្ទុយ​​កាត់​ទទឹង​ថ្នល់ ហើយ​ពេល​​នោះ​លោក​​​បាន​ឱ្យ​រថយន្ត​​រក​ទីតាំង​ឈប់​ ស្រាប់តែ​​រថយន្ត​កុងតឺន័រ​​មានល្បឿន​លឿន​បាន​មក​ដល់​មួយ​រំពេច  បន្ទាប់​មក​​​លោក​ក៏​បាន​ស្រែកឱ្យ​​អ្នក​នៅ​ក្នុង​រថយន្ត​ក្រាប​ចុះ​ ហើយ​ក៏​បុក​រះ​រថយន្ត​របស់​លោក​តែម្តង ៕