សារអេឡិចត្រូនិច
តារា​ស្រី​ល្បីៗ​កូរ៉េ​បួន​នាក់​ ត្រូវបាន​ចោទប្រកាន់​ ពីបទ​សេព​សារធាតុ Propofol


ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​បាន​រាយការណ៍​ថា ពួក​រដ្ឋអាជ្ញា​កូរ៉េ​កាលពី​ថ្ងៃ​ពុធ​ បាន​ចោទ​ប្រកាន់ពួក​តារា​ស្រី​បួន​នាក់​ជា​ផ្លូវការ មានដូចជា នាង ផាក ស៊ី​យិន​, នាង ចាង មី​អ៊ី​នេ​, នាង លី សឹង យឹ​ន និង នាង យុន យ៉ាំង ពីបទ​សេព​សារធាតុ Propofol ជា​ថ្នាំ​ដែល​គេ​ប្រើ​ជាទូទៅ​សម្រាប់​ធ្វើជា​ថ្នាំស្ពឹក​អំឡុង​ការវះកាត់។​

​ក្រុម​រដ្ឋអាជ្ញា​បាន​និយាយថា នាង ផាក គឺជា​អ្នកប្រើប្រាស់​ខ្លាំងជាងគេ​បំផុត​ក្នុងចំណោម​តារា​ទាំង​បួន​នាក់​ខាងលើ ដោយ​បានទទួល​ការចាក់​ថ្នាំ​នេះ​ចំនួន ១៨០ ម្ជុល ​នៅ​គ្លីនិក​កែ​សម្ផស្ស​ចំនួន​ពីរ​នៅ​ចន្លោះ​ឆ្នាំ ២០១១ និង ២០១២ សម្រាប់​ដំណើរការ​វះកាត់​ដែល​ពុំបាន​កើតឡើង​ទាល់តែសោះ។​

​ក្រុម​អាជ្ញាធរ​កូរ៉េ​ក៏បាន​ចោទ​ប្រកាន់ពួក​វេជ្ជបណ្ឌិត​ដែល​បានផ្តល់​ការចាក់​ថ្នាំ Propofol ដោយ​ខុសច្បាប់ និងអ្នកតំណាង​ទីភ្នាក់ងារ​គ្រប់គ្រង​តារា​មួយរូប​ដែល​បាន​រំខាន​ដល់​ការស៊ើបអង្កេត​របស់​ពួកគេ​ផងដែរ ។

​សារធាតុ Propofol គឺជា​ថ្នាំ​រម្ងាប់​អារម្មណ៍ ​មាន​ប្រសិទ្ធភាព​ភ្លាមៗ ដែល​ជួយ​ឲ្យ​អ្នកប្រើប្រាស់​ស្រួលខ្លួន និងផ្តល់នូវ​អារម្មណ៍​រីករាយ​ដល់​អ្នកប្រើប្រាស់។ ទោះយ៉ាងណាវា​មាន​ផលប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ផងដែរ និងអាច​ប៉ះពាល់​ដល់​បេះដូង និងផ្លូវដង្ហើម​របស់​អ្នកប្រើប្រាស់។​

សារធាតុ Propofol គឺជា​ថ្នាំ​ដូចគ្នា​តែមួយ​ដែល​បានសម្លាប់​កំពូល​តារាចម្រៀង​អាមេរិក ម៉ៃ​ឃើ​ល ជែក​សុន ដែល​បាន​ស្លាប់​ដោយ​សេព​ហួស​កម្រិត​ក្នុង​ឆ្នាំ ២០០៩៕