ឡាយអិនស្ព័តក្លឹបជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តកីឡាបាល់ទាត់
ថ្ងៃ ព្រហស្បត្ត៏ ទី ១៤ ខែ មីនា ឆ្នាំ ២០១៣ ម៉ោង ១៣:១០
រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីភាពរីកចម្រើនលើវិស័យកីឡាបាល់ទាត់ ក៏ដូចជាមានបំណងចូលរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរនោះ ឡាយអិនស្ព័តក្លឹប បានបង្កើតទីលានប្រកួតកីឡាបាល់ទាត់មួយកន្លែងស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទល់មុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ពានទី១ ។
លោកសេង ប៊ុនធឿន ជាម្ចាស់ឡាយអិនស្ព័តក្លឹបបានឱ្យដឹងថា ទីលានបាល់ទាត់ដែលលោកបានបង្កើតឡើងនេះមានចំនួន២ ដែលទីលាននីមួយៗមានទំហំ២៤ម៉ែត្រ គុណ១៤ម៉ែត្រ ដោយមានដាំស្មៅសិប្បនិម្មិតទន់ល្មើយនាំចូលមកពីបរទេស ហើយជាទីលានដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ។ ទីលានបាល់ទាត់នេះអាចបង្កលក្ខណៈកាន់តែងាយស្រួលចំពោះមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន ឬអ្នកប្រកបរបរការងារផ្សេងៗពេលសម្រាកពីការងារអាចចូលលេងដើម្បីបង្កើនសុខភាពប្រចាំថ្ងៃ ។
លោកសេង ប៊ុនធឿន ឱ្យដឹងទៀតថា ទីលានបាល់ទាត់ឡាយអិនស្ព័តក្លឹបនេះ មានទីកន្លែងសម្រាប់ចតយានយន្តធំទូលាយ មានបរិយាកាសល្អ មិនតែប៉ុណ្ណោះអ្នកដែលរវល់ការងារពេលថ្ងៃអាចចូលលេងនៅពេលយប់បាន ព្រោះថានៅទីលានមានបំពាក់ទៅដោយភ្លើងហ្វាធំៗភ្លឺច្បាស់ដូចជាពេលថ្ងៃដែរ ដោយមានប្រក់យ៉ាងល្អប្រណីត។ លោកអ្នកដែលមានបំណងចង់ចូលលេងពេលថ្ងៃ គឺគ្រាន់តែចំណាយប្រាក់ត្រឹមតែ៧-៨ដុល្លារ និងពេលយប់១១-១២ដុល្លារប៉ុណ្ណោះសម្រាប់រយៈពេល១ម៉ោង នោះលោកអ្នកអាចលេងបានយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិរួមការងារ ។
គួរបញ្ជាក់ផងដែរថា ទីលានបាល់ទាត់ឡាយអិនស្ព័តក្លឹបដែលមានឈ្មោះថា Gold អាចលេងក្នុងម្ខាងមានគ្នា៥ទៅ៦នាក់ ដែលជាទីលានមានលក្ខណៈស្តង់ដាអន្តរជាតិ ជាពិសេសនៅពេលដួលមិនបង្កឱ្យមានរបួសស្នាមដល់អ្នកលេងឡើយ ។លោកសេង ប៊ុនធឿន ឱ្យដឹងទៀតថា ឡាយអិនស្ព័តក្លឹបកំពុងរៀបចំទីលានបាល់ទាត់មួយកន្លែងទៀតដែលមានឈ្មោះថា Platinum អាចលេងបានម្ខាង១១នាក់ ជាលក្ខណៈអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះចម្ងាយពីឡាយអិនស្ព័តក្លឹប Gold ៣០០ម៉ែត្រ ៕