សារអេឡិចត្រូនិច
ស៊ី​សូ​រ៉ា​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រ​កួត​ជា​ថ្មី​


កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​របស់​អង់​គ្លេស​ឌី​រ៉េក ស៊ី​សូ​រ៉ា​នៅ​សប្តាហ៍​នេះ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រ​កួត​ជា​ថ្មី​បន្ទាប់​ពី​ត្រូវ​បាន​ដក​ហូត​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពេល​រូប​គេ​វាយ​តប់​គ្នា​​ជា​មួយ​កីឡាករ​ដេវីដ ហេ​អំ​ឡុង​ពេល​ធ្វើ​សន្និ​សីទ​កា​សែតមួយ​នៅ​ក្រុង​មុយ​និច​ ប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​កុម្ភៈ ឆ្នាំ​កន្លង​ទៅ​​ ។ ​នៅ​ខែ​មេសា​ឆ្នាំ​ដដែល​ ក្រុម​ប្រឹក្សា​ប្រ​ដាល់​របស់​អង់​គ្លេស(BBBC)​​បាន​ប្រ​ជុំ​សម្រេច​ដក​ហូត​អាជ្ញា​ប័ណ្ណ​ប្រ​កួត​របស់​ស៊ី​សូ​រ៉ា ។​

​ទោះ​ជា​យ៉ាង​ណា​ នៅ​ថ្ងៃ​ទី​១៤ ​ខែ​កក្ក​ដា ​ឆ្នាំ​២០១២​ អតី​ត​ម្ចាស់​ជើង​ឯក​កីឡា Commomwealth រូបនេះ​នៅ​តែ​អាច​ឡើង​សង្វៀន​ប្រ​កួត​លើ​ទឹក​ដី​អង់​គ្លេស​បាន​ជា​ដដែល​ដោយ​ប្រើ​អាជ្ញា​ប័ណ្ណ​លុច​ហ្សំ​បួ ។ ប៉ុន្តែ​ការ​ប្រ​កួត​នា​ពេល​នោះ​ រូប​គេ​ត្រូវ​សន្លប់​ក្រោម​កណ្តាប់​ដេវីដ ហេ​ក្នុង​ទឹក​ទី​៥ ។​

ការ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ជា​ថ្មី​នេះ​បាន​ធ្វើ​ឱ្យ​កីឡាករ​ស៊ី​សូ​រ៉ា​មាន​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង ។ គេ​បាន​ថ្លែង​ថា​៖«ខ្ញុំ​រីក​រាយ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ថ្មី ហើយ​ខ្ញុំ​ពិត​ជា​អាច​បន្ត​​អា​ជីព​របស់​ខ្លួន​បាន​តទៅ​មុខ​ទៀត​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស» ៕