សារអេឡិចត្រូនិច
តារា​​កំប្លែង​តាស៊ីត្រូ ធ្លាក់​ខ្លួន​ឈឺ ​សុំ​ក្តី​សន្តោស​ពីសម្តេច​តេជោ និង​លោក​​ជំទាវ​កិត្តិ​ព្រឹទ្ធបណ្ឌិត


រាជធានីភ្នំពេញ ៖ តារាកំប្លែងជើង​ចាស់តាស៊ីត្រូដែលធ្លាប់តែ​​បំរើអារម្មណ៍​ទស្សនិកជនកន្លង​មកនោះ ពេលនេះ​បានធ្លាក់ខ្លួន​ឈឺជាទម្ងន់ ហើយ​ត្រូវ​​បាន​ក្រុមគ្រួសារ​បញ្ជូនទៅព្យា​បាលនៅមន្ទីរពេទ្យ​កាល់ម៉ែត កាលពីយប់​ថ្ងៃទី​៧ មីនា ២០១៣ ក្រោយពី​តាស៊ី​ត្រូវ​មានអាការ​ធ្លាក់​ឈាម​ច្រើន។

អ្នកស្រី គេន សុខា ហៅទូច ដែលត្រូវ​ជាប្រពន្ធ​លោកតាស៊ី​ត្រូបាននិយាយឲ្យ​ដឹងថា ប្តីរបស់គាត់ជា​តារាកំប្លែង​​ឈ្មោះភិន ស៊ីត្រូ ហៅ​តាស៊ីត្រូ មាន​អាយុ​៧០ឆ្នាំ ហើយមួយ​ជីវិតនេះគាត់បាន​បំរើខាងវិស័យ​សិល្បៈតែពេល​នេះគាត់​បានធ្លាក់ខ្លួន​​ឈឺ​ធ្ងន់​ក្រោយពី​បានធ្លាក់​ឈាម​​យ៉ាង​​ច្រើន​តាមទ្វារ​ធំ កាល​ពីយប់​​ថ្ងៃទី៧ មីនា ២០១៣ រួចត្រូវ​បង្ខំ​ចិត្តបញ្ជូនទៅ​​មន្ទីរពេទ្យ​​​កាល់ម៉ែត បើទោះជាគ្មាន​ប្រាក់កាក់ក៏​ដោយ។ ពេលនេះ​ពិតជាគួរឲ្យសង្វេគ​ខ្លាំងណាស់​ដែល​តាស៊ី​ត្រូមិន​អាចនិយាយ​បានច្បាស់​នោះ ហើយដេកនៅ​តែលើគ្រែប៉ុណ្ណោះ និង​បាន​ត្រឹមតែ​សម្លឹង​មើល​មនុស្សជិត​ខាង។

គ្រូពេទ្យបានបង្ហើប​ឲ្យដឹងថា តារាកំប្លែង​តាស៊ី​ត្រូពេលនេះលោក​មានជម្ងឺខាន់​ស្លាក់ និងទាចទឹកមាន​អាការ​ពោះ​​​កាន់តែធំ ហើយស្ថិត​ក្នុង​សភាព​មិន​ធម្មតា​​នោះ​ទេ ​ទោះជាយ៉ាងណា​ខាងគ្រូពេទ្យជំនាញកំពុង​ពិនិត្យតាមដាន​អាការរោគរបស់​គាត់ជាប្រចាំ និងយកចិត្តទុកដាក់​ផង​ដែរ៕