សារអេឡិចត្រូនិច
ធនា​គារ​ពិភព​លោក​នឹង​បង្កើន ការ​គាំ​ទ្រ​​ដល់ពល​រដ្ឋក្រីក្រ​បំផុត របស់​​ប្រទេស​​ឥណ្ឌា​


ប្រធានធនាគារពិភពលោក​លោកជីម យ៉ុង​គីម បានថ្លែងកាលពីថ្ងៃពុធ​ ទី​១៣ មីនា ថា​ស្ថាប័ន​មួយនេះនឹង​ផ្តល់ការគាំ ទ្រ ក្នុង​ការ​អភិ​វឌ្ឍ​​​​រដ្ឋដែលក្រីក្រ​បំផុតរបស់ឥណ្ឌា​ ដែលជា​ផ្នែក​មួយ​នៃ​ការខិតខំ​ប្រឹងប្រែងរបស់ខ្លួន​ដើម្បី​បញ្ចប់​ភាព ក្រីក្រ​នៅ​លើពិភពលោក​នៅក្នុង​ជំនាន់​នេះ​ ។​

នៅក្នុងដំណើរ​ទស្សនកិច្ចលើកដំបូងទៅកាន់​រដ្ឋដែលមានប្រជាជន១,២ពាន់លាននាក់​ចាប់​តាំងពី​ក្លាយជាប្រធាន​ធនាគារកាល​ពីខែកក្កដា​លោកគីមថ្លែងថា ​រដ្ឋទាំង៧ដែលក្រីក្របំផុត​របស់​ឥណ្ឌា​ដែលមានប្រជាជន​ជាង​២០០លាន​នាក់​​ទាំងនោះមិន​ទទួល​បាន​ការ​អប់រំ​ ការថែទាំ​សុខភាព​ និង​សេវាមូលដ្ឋានផ្សេង​ៗទៀត​​ទេ ។​ ដើម្បី​សម្រេច ​បេសក កម្មក្នុងការបញ្ចប់​ភាព​ក្រីក្រ​នៅលើពិភព​លោក​របស់​ធនាគារពិភព​លោក​ ទាមទារឲ្យយើងទាំងអស់គ្នាបង្កើនការ​គាំទ្រ ដល់​ពលរដ្ឋក្រីក្រ​បំផុតរបស់​ឥណ្ឌា​ ។​

នៅក្នុងដំណើរទស្សនកិច្ចនេះ​លោកគីមបាន​ជួបពិភាក្សាជាមួយ​នាយករដ្ឋមន្រ្តីម៉ាន់ ម៉ូហាន់​ស៊ីង និងបណ្តាមេដឹកនាំ ផ្សេងៗ​ទៀត​​ ។ ​លោក​គីម ​​ថ្លែងថា ​លោកយល់ដឹងកាន់តែ​ជ្រាលជ្រៅ​ពី​​បញ្ហា​ដែលឥណ្ឌាកំពុងប្រឈម​ខណៈ​ដែល​ប្រទេស​​នេះ​ប្រឹងប្រែង​ជំរុញ​កំណើនសេដ្ឋកិច្ច​ ។ ​អ្នកនាំពាក្យ​ធនាគារពិភពលោក​ លោក Sudip Mozumder បានឲ្យដឹងថា គម្រោង​របស់​ធនាគារ​ដែល​ផ្តោត​លើ​រដ្ឋដែលក្រីក្ររបស់​ឥណ្ឌា​មិនមែនមានន័យថា ​បង្កើន​ទឹក​ប្រាក់​៣ពាន់​លាន​​ទៅ​៥​ពាន់លានដុល្លារដែលខ្លួន​ឲ្យខ្ចី​ជា​មធ្យម​​ដល់​ប្រទេសដែលមាន​ទីផ្សារកំពុង​លូត​លាស់​​មួយ​នេះ​ទេ​។​ប៉ុន្តែ​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ភាគរយ​ខ្ពស់បំផុតនៃការ​គាំទ្ររបស់​ធនាគារ​សំដៅលើ​រដ្ឋ​ដែលមានប្រាក់​ចំណូល​ទាបទាំង៧​នោះ ។ ​រដ្ឋដែលក្រីក្របំផុតទាំង៧តំណាងឱ្យ​ពាក់​កណ្តាលនៃពលរដ្ឋ​ឥណ្ឌា​​៤០០លាននាក់​ដែល​រស់​នៅដោយពឹងលើ​ប្រាក់ចំណូលមិនដល់​១,២៥​ដុល្លារក្នុងមួយថ្ងៃ ៕