សារអេឡិចត្រូនិច
ខេមរៈ សិរីមន្ត រៀបរាប់​ពី​ហេតុ​ការគ្រោះថ្នាក់ និង​ប្តឹង​ទារ​៦​ម៉ឺន​ដុល្លារ ពី​រថយន្ត​បង្ក​


ភ្នំពេញ: ​សន្និសីទ​សារព័ត៌មាន​របស់លោក ខេមរៈ សិរីមន្ត កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ ដែល​ធ្វើឡើង​នៅ​ក្រុមហ៊ុន សាន់​ដេ នៅ​កែង​ច្រមុះជ្រូក​ស្ទឹងមានជ័យ ផ្លូវ​វេ​ង​ស្រេង ដែលជា​ដី​អតីត​ស្ថានីយ​វិទ្យុជាតិ​ស្ទឹងមានជ័យ ដោយមាន​អ្នកសារព័ត៌មាន​ជាច្រើន បាន​ចូលរួម​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​លោក ខេមរៈ សេរី​មន្ត បាន​ឲ្យ​ដឹងថា ៖ “​នៅ​ថ្ងៃ កើតហេតុ​នោះ ខ្ញុំ​និង​ក្រុមការងារ បាន​ជិះ​រថយន្តដែល​រងគ្រោះ​នោះ មានគ្នាចំនួន ៨នាក់ ដោយ​លោក​បានទទួល គម្រោង​ទៅ​សម្តែង​នៅ​ខេត្ត​ព្រះសីហនុ​ផង និង​នាំ​ក្រុមការងារ ទៅ​កំសាន្ត​ផង មុនពេល សម្តែង​ផង តែ​ជា​រឿង​អកុសល មិនទាន់​ទៅដល់​គោលដៅ ដែល​ត្រូវ​ទៅ​ផង ក៏​ជួបនឹង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​តែម្តង​”​។​

លោក​បន្តថា ៖ មុនពេល​ទៅជិត​ដល់​កន្លែងកើតហេតុ​នោះ ស្របពេល​ដែល​មេឃ​មាន​ធ្លាក់​ភ្លៀងរលឹម ខ្ញុំ​បានឃើញ​រថយន្ត​កុងតឺន័រ ដែលជា​រថយន្ត​បង្ក​នោះ បើក​រេ​ពេញ​ផ្លូវ ដែល​ស្ថិតក្នុង​ចំងាយ ប្រហែលជា​២០០​ម៉ែត្រ បន្ទាប់មក​គឺ​រថយន្ត​បែរមក​ទទឹងផ្លូវ អ្នកបើករថយន្ត​រប​ស់​ខ្ញុំ បាន​ព្យាយាម​បើក​ចៀស​ដែរ​តែ​មិន​ផុត ធ្វើ​ឲ្យ​កន្ទុយ​រថយន្ត​កុងតឺន័រ ធ្លាក់​មក​សង្កត់​លើ​រថយន្ត​របស់ខ្ញុំ បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​រងរបួស​។ ក្នុង​ហេតុការណ៍​នោះដែរ ចំពោះ​អ្នក​នៅ​អង្គុយ​ខាងក្រោយ មាន​អ្នកខ្លះ​ស្តាប់​ចម្រៀង​លេង អ្នក​ដេក តែ​មិនមែន​ដេកលក់​នោះទេ គឺ​ដេក​លេង គឺ​នៅក្នុង​រថយន្ត​ស្ងប់ស្ងាត់ ទាំងអស់គ្នា​។

​លោក​បាន​បន្ថែមទៀតថា ៖ “​ស្របពេលនោះ​ខ្ញុំ​ក៏បាន​ក្រាប ព្រោះ​រថយន្ត​នោះ​វា​លឿន​ពេក តែ​១​វិនាទី គឺ​មកដល់​ភ្លាម ហើយ​ខ្ញុំ​គិតថា ខ្ញុំ​គ្មាន​ជីវិត​មកឈរ​នៅថ្ងៃនេះ​ទេ ព្រោះ​រថយន្ត​កុងតឺន័រ​នោះ​វា​ធំ​ណាស់​។ ក្រោយពី​ត្រូវ​រថយន្ត​សង្កត់ ខ្ញុំ​ក៏បាន ស្ទុះ​ឡើង​ស្វែងរក​ក្រុមការងារ របស់ខ្ញុំ​ទាំងអស់ ខណៈនោះ​ខ្ញុំ​គ្មាន​គិត​អ្វី​ក្រៅពី​ឡានពេទ្យ​ទេ​។ មនុស្ស​នៅក្នុង​ឡាន​គឺ​សន្លប់​ទាំងអស់ គឺ​មានតែ​ខ្ញុំ​ម្នាក់​គត់​ដែល​ដឹងខ្លួន ខ្ញុំ​បាន​បី​ជនរងគ្រោះ ដែលមាន​ដង្ហើម ហើយ​ក៏មាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ ក៏​បានមក​បណ្តើរៗ ខ្ញុំ​បាន​អង្វរ​ពួក​គាត់ មេត្តា​ឲ្យ​ជួយ រក​ឡានពេទ្យ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​កាន់​ទូរស័ព្ទ ក៏​ខ្ញុំ​ធ្វើ​អ្វី​មិនកើត​ដែរ​”​។​

​លោក​បាន​បញ្ជាក់ថា​ទៀតថា ៖ “​ខ្ញុំ​គិតថា​អ្នករងគ្រោះ​ទាំងអស់ គឺ​ពួកគាត់​គ្រាន់តែ​សន្លប់​ទេ ក្រោម​មក​ក៏មាន​ក្រុមគ្រូពេទ្យ​មកដល់ គ្រូពេទ្យ បាន​ប្រាប់ថា ជនរងគ្រោះ បាន​ស្លាប់​អស់​ទៅហើយ តែ​ខ្ញុំ នៅតែ​មិន​ជឿ ខ្ញុំ​ក៏បាន​អង្វរ​ពួកគាត់ ជួយ​មើល​ម្តង​ហើយ​ម្តងទៀត​តែ​គ្រូពេទ្យ​នៅ តែ​ប្រាប់ថា ពួកគាត់​បាន​ស្លាប់​ទៅហើយ​។ នៅពេលដែល​ឮ​គ្រូពេទ្យ​និយាយ​បែបនេះ ខ្ញុំ​មិនអាច​ធ្វើ​អី​បាន​ទៀត​ទេ គឺ​បាត់បង់​ស្មារតី ព្រោះ​ខ្ញុំ បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​នៅពេល​ដ៏​ខ្លី ឯ​ប្រជ​ពលរដ្ឋ​ឃើញ​ខ្ញុំ​មាន​សភាព​ធ្ងន់ធ្ងរ ពួកគាត់ ក៏បាន​និយាយ​លើកទឹកចិត្ត និង​មាន​អ្នក​ជូន​ខ្ញុំ ទៅកាន់​ខេត្ត​ព្រះសីហនុ ដោយនៅ​ទីនោះ​ខ្ញុំ​ក៏មាន​សាច់ញាតិ​ដែរ​”​។​

​លោក​បញ្ជាក់​បន្តថា ៖ “​ខ្ញុំ​បាន​លុបចោល​កម្មវិធី​ប្រគំ​តន្ត្រី​ជាច្រើន​ដែល​ខ្ញុំ​បាន ព្រមព្រៀង​ រួចហើយ​ជាមួយ​ម្ចាស់​កម្មវិធី នៅ​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​ខ្ញុំ ខាត់​បង់​រាប់ម៉ឺន​ដុល្លារ ហើយ​ខ្ញុំ​ខ្លាច គឺ​ខ្លាច​ការធ្វើដំណើរ​តាមផ្លូវ​នេះ​ណាស់ ហើយ​ខ្លាច​បំផុត គឺ​ឡាន​កុង​ទី​ន័​រ​តែម្ដង​”​។​

​ខេមរៈ សិរីមន្ត បន្តថា “​ក្នុងអំឡុងពេល​ពីរ​បី​ខែ​នេះ ខ្ញុំ​មិន​ទទួលយក​ការ​ច្រៀង​ក្នុង​កម្មវិធី​នានា គឺ​ខ្ញុំ​ចង់​នៅ​ស្ងប់​មួយរយៈ​សិន ដើម្បី​ឲ្យ​អារម្មណ៍​ភ័យខ្លាច ស្លុត និង​រន្ធត់​រត់ចេញ​ពី​ស្មារតី​របស់ខ្ញុំ​”​។​

ខេមរៈ សិរីមន្ត បន្តទៀតថា ៖ លោក​ក៏បាន​រៀបចំ​ដាក់ពាក្យ​បណ្តឹង​ផងដែរ ហើយ​ការដាក់​ពាក្យបណ្តឹង​នេះ គឺ​យើង​ចង់​បញ្ចប់ កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ កើតមានឡើង​បន្តទៀត កាលណា​បណ្តឹង​មាន​លក្ខណៈ​ធូ​ស្រាល អញ្ចឹង​ជនល្មើស នៅតែ​បន្ត និង​គ្មាន​អ្នកខ្លាច ចំពោះ​បណ្តឹងទាមទារ​សំណង ខ្ញុំ​សុំ​ឲ្យ​ខាង​ភាគី​បង្ក​ផ្តល់​សំណង តែ​៦​ម៉ឺន​ដុល្លារ​។ ហើយ​រថយន្ត​របស់ខ្ញុំ​ក៏​មិន​ថោក​ដែរ ហើយ​ជំងឺ​ចិត្ត របស់ខ្ញុំ ពេលវេលា​របស់ខ្ញុំ ការងារ​របស់ខ្ញុំ ដោយ​មួយរយៈ​ពេលនេះ​ខ្ញុំ​រវល់​ខ្លាំងណាស់ ចុះ​ហេតុ​អី​ខ្ញុំ​មកជួប ហេតុការណ៍​ដ៏​អាក្រក់​នេះ ដោយសារតែ​ការបើកបរ​ធ្វេសប្រហែស របស់​អ្នកបើករថយន្ត​កុងតឺន័រ​ខាងលើ​នោះ​។​

​ចំពោះ​ពាក្យ​ច​ចាម​អារាម ដែលថា​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​នោះ រួមមាន​ប្រពន្ធ​និង​កូន​របស់លោក ខេមរៈ សិរីមន្ត​នោះ លោក​ក៏បាន​ធ្វើការ​បដិសេធ​ផងដែរ ដោយ​លោក​បាន​បញ្ជាក់ថា ប្រសិនបើ​ខ្ញុំ​មាន​ប្រពន្ធ​មែន​ខ្ញុំ​នឹង​ប្រកាស ឲ្យ​ទស្សនិកជន បានដឹង ខ្ញុំ​មិន​លាក់លាម​ទេ​។​

​គួរបញ្ជាក់​ផងដែរ​ថា ហេតុការណ៍​គ្រោះថ្នាក់​នោះ បានកើត​ឡើ​កាលពី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ខណ្ឌ​ព្រៃនប់ ក្រុងព្រះសីហនុ ដែល​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​បាន​ស្លាប់ ទី​១- ឈ្មោះ ជី វីរៈ កូនប្រុស​នាយ​កុយ ទី​២- ឈ្មោះ អ៊ា​ច វណ្ណៈ ហៅ​ដេវីត ត្រូវជា​កូនប្រុស​យាយ​ណា​ង ទី​៣- ឈ្មោះ រី សុផារ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​យោធា​វរៈ ៩១ (ទ័ពអាកាស) ជា​អ្នកបើកបរ​រថយន្ត ជា​ជំនួយការ​របស់លោក​ខេមរៈ សិរីមន្ត និង​ជា​អ្នក​សម្តែង មាន​លំនៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ឈ្មោះ សោម សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​សិល្បករ មាន​លំនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕​