សារអេឡិចត្រូនិច
​នៅ​​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើ​ទូរ​ស័ព្ទ​ចល័ត​និង​អ​ចល័ត​ជាង​19​លាន​នាក់​


រាជ​ធា​នី​ភ្នំពេញ ៖ លោក​សូរ​ ឃុន​ រដ្ឋ​មន្ត្រី​ក្រ​សួង​ប្រៃ​ស​ណីយ៍​និង​ទូរ​គ​មនា​គមន៍​បាន​ថ្លែង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ធ្នូ​ ២០១២​ កន្លង​មក​​​នេះ​ កម្ពុជា​មាន​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​និង​អ​ចល​័ត​ចំនួន​ជាង​១៩​លាន​នាក់​គឺ​មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១១​ដែល​មាន​តែ​១៦​លាន​នាក់​ប៉ុណ្ណោះ​ ។ ចំពោះ​អ្នក​ប្រើ​ប្រាស់​សេវា​អីុន​​ធើរ​ណេត​ វិញ​គឺ​មាន​ការ​កើន​ឡើង​ចំនួន​ជាង​២​លាន​នាក់​ ។ លោក​សូរ​ ឃុន​ បាន​ថ្លែង​បែប​នេះ​​កាល​ពី​ថ្ងៃ​ទី​១៤​ មី​នា​ ក្នុង​ពិ​ធី​បើក​កិច្ច​ប្រ​ជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១២​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៣​ នៅ​ទី​ស្តី​ការ​ក្រ​សួង​ប្រៃ​សណីយ៍​និង​ទូរ​គម​នា​គមន៍​កម្ពុជា​ ។

លោក​រដ្ឋ​មន្ត្រី​សូរ​ ឃុន​ ​មាន​ប្រ​សា​សន៍​ថា​ ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​អនុ​វត្ត​តាម​គោល​នយោ​បាយ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រាជ​រដ្ឋា​ភិបាល​ទន្ទឹម​គ្នា​នឹង​​ការ​ខិត​ខំ​រៀប​ចំ​បណ្តា​លិខិត​បទ​ដ្ឋាន​គ​តិ​យុត្តិ​ពាក់​ព័ន្ធ​ផង​ដែរ​នោះ​ ក្រ​សួង​បាន​រៀប​ចំ​ជំរុញ​ឱ្យ​អង្គ​ភាព​ ២​ ទៅ​ជា​សហ​គ្រាស​សា​ធា​រណៈ​គឺ​ ទូរ​គម​នា​គមន៍​កម្ពុជា​ និង​ ប្រៃ​សណីយ៍​កម្ពុជា​ ។ សហ​គ្រាស​ទាំង​២​នេះ​កំពុង​ធ្វើ​ប្រ​តិ​បត្តិ​ការ​របស់​ខ្លួន​ប្រ​កប​ដោយ​ការ​ប្រ​កួត​ប្រ​ជែង​​ជាមួយ​​ប្រ​តិ​បត្តិ​ករ​ផ្សេង​ទៀត​ក្នុង​ប្រ​ទេស​និង​ស្ថិត​ក្នុង​ស្ថាន​ភាព​រី​ក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ។ នា​ចុង​ឆ្នាំ​ ២០១២​ កន្លង​មក​នេះ​ ក្រសួង​បាន​រៀប​ចំ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​អង្គ​ភាព​បញ្ញត្តិ​ករ​ទូរ​គមនា​គមន៍​កម្ពុជា​ ដែល​ជា​អង្គ​ភាព​មាន​ស្វ័យ​ភាព​ក្នុង​ការ​ត្រួត​ពិ​និត្យ​​និង​គ្រប់​គ្រង​ខាង​ផ្លូវ​បច្ចេក​ទេស​ និង​រដ្ឋ​បាល​នៃ​វិស័យ​ទូ​រ​គម​នា​គមន៍​ និង​កំពុង​ជំ​រុញ​រៀប​ចំ​បង្កើត​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ទិន្ន​ន័យ​សេ​វា​ទូរ​គម​នា​គមន៍​ និង​ព័ត៌​មាន​​វិទ្យា​​ (DMC) ដែល​គ្រោង​ដាក់​ឱ្យ​ដំណើរ​ការ​ឆាប់​ៗ​នេះ​ ។

សេ​វា​ប្រៃ​ស​ណីយ៍​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​ដូច​ជា​ ១-​ការ​កាត់​បន្ថយ​រយៈ​ពេល​ចែក​ចាយ​បញ្ញើ​ ២-ការ​ដាក់​ឱ្យ​ដំ​ណើរ​ការ​នូវ​សេ​វា​បញ្ញើ​ឆាប់​រហ័ស​នៅ​រាជ​ធា​នី​ភ្នំពេញ​និង​ខេត្ត​ទាំង​អស់​​ ៣-ការ​ពង្រីក​សេ​វា​កម្ម​ប្រៃ​ស​ណីយ៍​ទៅ​ដល់​តំបន់​ទី​ប្រ​ជុំ​ជន​សំខាន់​ៗ​ដោយ​បង្កើន​ទី​តាំង​សា​ខា​ដល់​ចំនួន​៧៩​កន្លែង​ ៤-ការ​បង្កើត​ប្រ​ព័ន្ធ​គ្រប់​គ្រង​តាម​ដាន​ត្រួត​ពិនិត្យ​បញ្ញើ​ដោយ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ (IPS) ចំពោះ​បញ្ញើ​ប្រៃ​ស​ណីយ៍​ឆាប់​រហ័ស​-ប្រៃ​ស​ណីយ៍​ភ័ណ្ឌ​ និង​បញ្ញើ​អនុ​សិដ្ឋ​ជា​ដើម​ ។ ទាំង​អស់​គឺ​ក្នុង​គោល​ដៅធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ជន​បទ​បាន​ប្រើ​ប្រាស់​និង​ទទួល​ផល​ប្រយោជន៍​ពី​សេ​វា​នេះ​បាន​គ្រប់​ៗ​គ្នា ។
គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ធ្នូ​ ២០១២​ ចំនួន​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​សរុប​ (អចល័ត​​ និង​ ចល័ត​) បាន​កើន​ឡើង​រហូត​ដល់​ជាង​១៩​លាន​នាក់​ គឺ​កើន​ខ្ពស់​ជាង​ឆ្នាំ​២០១១​ ដែល​មាន​ជាង​១៦​លាន​នាក់​ប៉ុណ្ណោះ​ និង​ចំនួន​អ្នក​ប្រើ​ប្រាស់​សេ​វា​អីុន​​ធើរ​ណេត​កើន​ដល់​ជាង​២​លាន​នាក់​ ។ អត្រា​នៃ​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​និង​អីុន​ធើរ​ណេត​មាន​ការ​កើន​ឡើង​យ៉ាង​លឿន​ ជា​ពិ​សេសនៅ​តំបន់​ជន​បទ​ អ្នក​ប្រើ​ប្រាស់​កុំ​ព្យូ​ទ័រ​ អីុ​មែល​ និង​បច្ចេក​វិទ្យា​អីុន​ធើរ​ណេត​កំពុង​មាន​ការ​កើន​ឡើង​ទូ​ទាំង​ប្រទេស​ដោយ​សារ​មាន​ការ​យល់​ដឹង​និង​ជំនាញ​នៃ​វិស័យ​នេះ​ស្ថិត​ក្នុង​ចំណោម​យុវ​វ័យ​ ។ និយាយ​រួម​ ការ​អភិ​វឌ្ឍ​​គួរ​ឱ្យ​កត់​សម្គាល់​នេះ​ បាន​កើត​ឡើង​ក្រោយ​ពេល​បើក​ទូ​លាយ​លើ​វិស័យ​ទូរ​គ​ម​នា​គមន៍​ដែល​បាន​ស្រូប​យក​អ្នក​វិ​និ​យោគ​ទុន​ជា​ច្រើន​មក​អ​ភិ​វឌ្ឍ​លើ​វិស័យ​ទូរ​គ​ម​នា​គមន៍​យ៉ាង​សកម្ម​ ។

រហូត​មក​ដល់​បច្ចុ​ប្ប​ន្ន​នេះ​ គម្រោង​វិ​និ​យោគ​លើ​វិស័យ​ទូរ​គម​នា​គមន៍​ ក្នុង​ការ​បង្កើត​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឆ្អឹង​ខ្នង​អស់​ទុន​សរុប​ប្រមាណ​១.៧០០ លាន​ដុល្លា​រ​អា​មេ​រិក​លើ​ប្រ​វែង​សរុប​ចំនួន​២២.៣៨០​គី​ឡូ​ម៉ែត្រ​ ដែល​ក្នុង​ប្រ​វែង​នេះ​មាន​ ១-​ទូរ​គ​ម​នា​គមន៍​កម្ពុជា​ប្រ​វែង​១.២០០​គី​ឡូ​ម៉ែត្រ​ ២-CIFONC ប្រ​វែង​៥.១៨០គី​ឡូម៉ែត្រ​ និង​៣-Viettelll ប្រ​វែង​១៦.០០០​គី​ឡូ​ម៉ែត្រ​ បណ្តាញ​នេះ​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​ប្រ​ទេស​វៀត​ណាម​-ឡាវ និង​ថៃ​ ហើយ​ ។ ការ​វិ​និ​យោគ​បង្កើត​មជ្ឈ​មណ្ឌល​ផ្កាយ​រណប​ និង​បាញ់​បង្ហោះ​ផ្កាយ​រណប​ចូល​ទៅ​ក្នុង​តា​រា​វិ​ថី​របស់​ក្រុម​ហ៊ុន​ Royal Blue Skies Co.Ltd ។ល។ បណ្តា​សមិទ្ធ​ផល​ដ៏​មាន​សា​រ​សំ​ខាន់​ក្នុង​សកម្ម​ភាព​ការ​ងារ​ពង្រឹង​ និង​អ​ភិ​វឌ្ឍ​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​នៃ​វិស័យ​ទូរ​គមនា​គមន៍​ទាំង​អស់​ដែល​ក្រសួង​កំពុង​គ្រប់​គ្រង​ គឺ​មាន​អា​ទិ​ភាព​ជា​សំខាន់​ដើម្បី​កែល​ម្អ​ប្រ​សិទ្ធ​ភាព​-គុណ​ភាព​ និង​ពង្រីក​សេ​វា​ទូរ​គម​នា​គមន៍​ជន​បទ​ និង​ធ្វើ​សមា​ហ​រណ​កម្ម​កម្ពុជា​ទៅ​ក្នុង​តំបន់​ សំ​ដៅ​ចូល​រួម​អនុវត្តន៍​គម្រោង​មេ​ អាស៊ាន​ឆ្នាំ​ ២០១៥​ខាង​មុខ​នេះ​ ។

លោក​រដ្ឋ​មន្ត្រី​បាន​​បញ្ជាក់​ថា​ ជា​មួយ​នឹង​​ក្តី​សប្បាយ​រីក​រាយ​ចំពោះ​សមិទ្ធ​ផល​ដែល​យើង​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១២ យើង​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​បញ្ហា​ទាំង​អស់​នេះ​ អង្គ​ប្រជុំ​របស់​យើង​ត្រូវ​លើក​យក​មក​ធ្វើ​ជា​ប្រធាន​បទ​ពិ​ភា​ក្សា​គ្នា​ក្នុង​គោល​បំណង​រួម​ចំណែក​អនុ​វត្ត​គោល​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋឱ្យ​បាន​១%​ក្នុង​១​ឆ្នាំ​ ស្រប​តាម​យុទ្ធ​សា​ស្ត្រ​ចតុ​កោណ​ដំ​ណាក់​កាល​ទី២​ ។ ដើ​ម្បី​ឆ្លើយ​តប​ទៅ​នឹង​​គោល​ដៅ​ជា​អា​ទិ​ភាព​របស់​ក្រសួង​ លោក​បាន​ឱ្យ​អង្គ​ប្រ​ជុំ​​ចាប់​អា​រម្មណ៍​ក្នុង​ការ​ផ្លាស់​ប្តូរ

បទ​ពិ​សោធន៍​ចែក​រំ​លែក​ការ​យល់​ដឹង​ដោយ​ផ្តោត​ការ​ពិ​ភា​ក្សា​លើ​បញ្ហា​មួយ​ចំនួន​ដូច​ខាង​ក្រោម​ ៖
ទី​១​-ការ​បន្ត​ធ្វើ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ និង​ការ​លើក​កម្ពស់​សមត្ថ​ភាព​ក្នុង​ការ​កសាង​ធន​ធាន​មនុស្ស​ ។
ទី​២​-ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​ច្បាប់​ លិខិត​បទ​ដ្ឋាន​ពាក់​ព័ន្ធ​ ។
ទី​៣-ការ​ថែ​រក្សា​ និង​ការ​អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​​ ។
ទី​៤​-យន្ត​ការ​ធ្វើ​ការ​ងារ​ និង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ជា​មួយ​ដៃ​គូ​ជា​ប្រ​តិ​បត្តិ​ករ​និង​វិស័យ​ឯក​ជន​ ។
ទី​៥-ការ​បញ្ជ្រាប​យេន​ឌ័រ​ និង​ការ​ងារ​យុវ​ជន​ក្នុង​វិស័យ​ប្រៃ​ស​ណីយ៍​និង​ទូរ​គ​ម​នា​គមន៍​ ៕