សារអេឡិចត្រូនិច
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន និង UME ខេត្តបន្ទាយមានជ័យ សហការលើកស្ទួយវិស័យអប់រំ


បន្ទាយមានជ័យ: ​វី​សិន​ហ្វា​ន់​ខេ​ម​បូ​ឌា ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលមាន​អាជ្ញាប័ណ្ណ និង​មាន​បេសកកម្ម​ក្នុងការ​លើកស្ទួយ​ជីវិត​កុមារ អោយ​កាន់តែ​ប្រសើរឡើង បានធ្វើ​ការសហការ​ណ៍​ជាមួយ​សាកលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ដើម្បី​រួមគ្នា​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា អោយ​កាន់តែ​ប្រសើរឡើង​។


​ពិធី​ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​មួយ​រវាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វី​សិន​ហ្វា​ន់ និង​សកល​វិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម​ពី​សំណាក់    ប្រធាន​សារ​ខា​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វី​សិន​ហ្វា​ន់​គឺ​លោក ហួត សុ​ភ័​ទ្ធ និង លោក ណង ថា នាយក​សាកលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ រួមជាមួយ​ការចូលរួម​ពី​សំណាក់ សាស្ត្រាចារ្យ និង​ក្រុមនិស្សិត​ចំនួន​ប្រមាណ​២០០​នាក់​ទៀតផង​ដែរ​។ 


​ការរួម​សហ​ការណ៍​គ្នា​ជា​ដៃគូ​រវាង​ស្ថាប័ន​ទាំងពីរ​នេះ គឺ​ក្នុង​គោលបំណង រួមគ្នា​គាំទ្រ​ដល់​ការសិក្សា​របស់​ប្រជាជន​កម្ពុជា ពិសេស​គឺ​និស្សិត​សាកលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ​តាមរយៈ​ការផ្តល់​កម្ចី​សិក្សា​ដែលមាន​អត្រា​ការប្រាក់​សមរម្យ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វី​សិន​ហ្វា​ន់ ទៅដល់​និស្សិត​ដែលមាន​បំណង​បន្ត​ការសិក្សា​របស់ខ្លួន កំរិត​បរិញ្ញាបត្រ ឬ អនុបណ្ឌិត នៅ​មហាវិទ្យាល័យ ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​បង់ថ្លៃ​សាលា​។ វី​សិន​ហ្វា​ន់​ក៏មាន​ផ្តល់​កម្ចី​សម្រាប់​និស្សិត​ទិញ​សម្ភារៈ ដែលជា​ជំនួយ​ដល់​ការសិក្សា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព រួមទាំង​លក្ខខណ្ឌ​អនុគ្រោះ និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។ លើសពីនេះ និស្សិត​ឆ្នើម​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ក៏​នឹង​ត្រូវបាន​លើកទឹកចិត្ត​អោយមាន​ឱកាស​ក្នុងការ​ប្រកួតប្រជែង ដើម្បី​បម្រើ​ការងារ​នៅ​វី​សិន​ហ្វា​ន​ខេ​ម​បូ​ឌា​។​


​គួរ​រម្លឹក​ផងដែរ​ថា សាកលវិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៤ ដែល​បច្ចុប្បន្ន សាកលវិទ្យាល័យ​នេះ​មាន​បុគ្គលិក​សរុប​ចំនួន​៧២​នាក់ ព្រមទាំង​មាន​និស្សិត​ដែល​កំពុង​សិក្សា​សរុប​ប្រមាណ​ជាង​ពីរពាន់​នាក់​។ 


​ស្របទៅនឹង​ទស្សនៈវិស័យ និង​បេសកកម្ម​របស់ខ្លួន​ក្នុង​ការកសាង​សមត្ថភាព និង​ចំណេះដឹង​របស់​និស្សិត​ក៏ដូចជា យុវជន​កម្ពុជា សាកលវិទ្យាល័យ គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បាន​ចាប់ដៃគ្នា​ជាមួយ វី​សិន​ហ្វា​ន់​ខេ​ម​បូ​ឌា ដើម្បី​ធ្វើជា​ការចូលរួម​លើកស្ទួយ​ដល់​ការសិក្សា​របស់​យុវជន នៅ​កម្ពុជា​ហើយ​សង្ឃឹមថា ពួកគេ   នឹង​អាច​មានឱកាស​ទទួលបាន​ការសិក្សា​គ្រប់គ្រាន់ និង​ប្រកបដោយ​គុណភាព​ដែល​ជួយ​អោយ​ពួកគេ​សម្រេចបាន​នូវ​អនាគត​ដ៏​ប្រសើរ​នាពេលខាងមុខ​។


​គួរបញ្ជាក់​ផងដែរ​ថា វី​សិន​ហ្វា​ន់​ខេ​ម​បូ​ឌា គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តែមួយគត់​នៅ​កម្ពុជា ដែលមាន​បណ្តាញ​វី​សិន​ហ្វា​ន់​រហូតដល់​ជិត​៤០​ប្រទេស​ទូទាំង​ពិភពលោក​។ គិត​មក​ត្រឹម​ខែធ្នូ ឆ្នាំ​២០១២​នេះ​វី​សិន​ហ្វា​ន់​ខេ​ម​បូ​ឌា​បាន​បំរើ​អតិថិជន​ចំនួន​ជាង ១៥​ម៉ឺន​គ្រួសារ ជាមួយ​ផល​ប័ណ្ណឥណទាន​ជាង ៤៨ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​មាន​ប្រតិបត្តិ​ការណ៍​នៅ​ទីក្រុង​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​/​ក្រុង​ចំនួន​២០​ទៀត​ដែល​នាំមក នូវ​លទ្ធផល​ជា​វិជ្ជមាន​លើ​កុមារ​កម្ពុជា​រហូតដល់​ទៅ​ជាង​៥៣​ម៉ឺន​នាក់​។ ក្រៅពី​កម្ចី​សម្រាប់​ការសិក្សា វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា​ក៏មាន​ផ្តល់នូវ​សេវាកម្ម​ផ្សេងៗ​ទៀត​ដូចជា សេវា​ឥណទាន​សម្រាប់​ប្រកប​របរ​អាជីវកម្ម កសិកម្ម​ផ្សេងៗ​សេវា​ផ្ទេរប្រាក់​តាម​ទូរស័ព្ទដៃ និង​សេវា​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ជាដើម​៕