សារអេឡិចត្រូនិច
នាយ​​តាក់ស៊ី ពុំ​ទាន់​ជា​​អន្ទះសា​​ចង់​ទៅ​សម្តែង​វិញ​​​​ តែ​គ្រូ​ពេទ្យ​ហាម​ឃាត់​


រាជធានីភ្នំពេញ ៖ ​អស់រយៈ​​ពេលជិត​​២​ខែ​​​​ហើយ​ដែ​លនាយ​តាក់​ស៊ី ​ធ្លាក់​​ខ្លួន​​​ឈឺ​ធ្ងន់​ដោយ​សារ​តែ​​ជំងឺ​ទឹកនោមផ្អែម​​​​ធ្វើ​ឱ្យក្រុមគ្រួសារ​ និង​មិត្ត​រួម​អាជីព​​ព្រួយ​​បារម្ភ​​​យ៉ាង​ខ្លាំង​​​ចំពោះ​​​សុខ​ភាព​​​របស់​នាយ ។ រហូត​​​មក​ដល់​​​ពេលនេះ ​ជំងឺ​របស់នាយ​​​តាក់​ស៊ីបាន​ធូរ​ស្បើយ​​​ខ្លះៗ​​​​​ហើយ​ បន្ទាប់ពី​​ទទួល​បាន​​​​ការ​យក​ចិត្ត​ទុកដាក់​​​​ពីគ្រូ​ពេទ្យ​​​ និងសប្បុរស​ជន​​​​ផ្សេងៗ​នោះ​​ ។​​

​​​នាងភីម ​ភរិយា​​នាយ​តាក់​ស៊ី​​​​​រៀប​​រាប់​​ប្រាប់​កោះ​សន្តិភាព​​តាម​​​​ទូរស័ព្ទ​​កាលពី​​​ថ្ងៃទី​១៤ មីនា ​​​ថា ​​​​​​​​នាយ​តាក់​ស៊ី ​​បាន​​ធូរស្បើយ​​​​ច្រើន​គួរ​សម​ហើយ​​​​​ គឺ​អាច​ទទួល​​​ទាន​បាន​​ ដើរ​បាន​​ និង​​និយាយ​​បាន​ច្រើន​​ជា​ង​មុន​ ។ ​​ទោះ​បី​ជា​យ៉ាង​ណា​​​ក្តី ​នាង​នៅ​​តែ​មានការ​ព្រួយ​បារម្ភ​​​ចំពោះ​​​ស្វាមី​​​របស់នាង​​ដដែល​ ព្រោះ​​​​មាន​ជំងឺ​​​រ៉ាំ​រ៉ៃ​​​​​ទាម​​ទារ​​ឱ្យមាន​​​ការ​ព្យា​បាល​​​និង​មើល​​ថែ​​យ៉ាង​​យក​ចិត្ត​ទុកដាក់​​​​​​​បំផុត គឺ​​ប្រហែស​មិន​បាន​​ទេ ។​​

​នាង​ភីមនិយាយ​​ថា ពេល​នេះ​​ស្វាមី​​របស់​នាង​​បន់​ឱ្យ​​​​​​តែ​មាន​​សុខ​ភាព​​​ល្អ​ឡើង​វិញ​​ទេ ​​ព្រោះ​​​តែ​​នាយ​​​អផ្សុក​​​​ខ្លាំង​ នឹក​ទស្សនិក​ជន ​និង​ចង់​​​ចូល​សម្តែង​​​វិញ ​ព្រោះ​​ចាប់​​តាំង​ពី​​នាយ​ធ្លាក់​​ខ្លួន​ឈឺ​​​មក នាយ​មិនអាច​​ធ្វើ​អ្វីបាន​​​ទេ ។ ម្យ៉ាង​​ទៀត ​​​​​​​​នាយ​តាក់​ស៊ី​​ ធ្លាប់​​​តែ​សម្តែង​ ​នៅ​​ពេល​មិន​បាន​​សម្តែង​​​នាយ​នៅ​មិន​សុខ​​​​ទេ​ អន្ទះ​សា​ចង់​​​តែ​ចូល​​​សម្តែង​វិញ​ ។​​​ពេល​នេះ​ទោះ​​បី​ជា​​ស្វាមី​​​របស់​នាង​​​អន្ទះ​សា​ចង់​ចូ​ល​សម្តែង​​វិញ​យ៉ាង​ណាក៏ដោយ​ ​ក៏គ្រូ​​​ពេទ្យ​​មិន​អនុញ្ញាត​​ទេ ព្រោះ​ខ្លា​ច​​​​ជំងឺ​​រើ​ឡើងវិញ​ ​ចាំ​ពេល​​​​​ជំងឺ​​ធូ​រ​ស្បើយ​​​ជា​ង​នេះ​​​​បន្តិ​ច​ទៀត​​​​ ទើ​ប​នាយ​​​​អាច​​​​សម្តែង​​​វិញ​បាន​ ។​​ នាង​ភីម ​​​​បាន​ថ្លែង​អំណរ​គុណ​​​​ដល់​សប្បុរស​​ជន​​​​ទាំង​អស់​​​ដែល​បាន​ជួយ​​ឧបត្ថម្ភ​​​​ដល់​ក្រុម​គ្រួសារ​​​​នាង​នា​ពេល​​​កន្លង​មក ។ ​

​​​​នាយ​តាក់​ស៊ី​មានឈ្មោះ​ដើម​ មុល សារឿន​ ​ស្រុក​កំណើត​​នៅ​ភូមិ​វត្ត​​​​រំដួល​​​ ស្រុក​​សង្កែ​​ ខេត្ត​បាត់​ដំបង​ បច្ចុប្បន្ន​រស់នៅ​​​​ភូមិ​​​​វត្តកណ្តាល​​​​ ឃុំ​​ទឹក​​វិល ស្រុក​​ស្អាង​​ ខេត្ត​​កណ្តាល​ ដែល​ជា​​ស្រុក​​​​កំណើត​​​ភរិយា​ ។ ​​​​​​​នាយ​តាក់​ស៊ី​​ រៀប​ការ​​នៅ​ឆ្នាំ​​​២០០៦ ​​និង មានកូន​​​ប្រុស​​ម្នាក់​ ។

​តាម​​រយៈ​ការ​ប្រឡង​ជ្រើ​ស​​រើស​​​​តា​រា​​​កំប្លែង​​របស់​ស្ថានីយ​ទូរទស្ស​ន៍ ​​CTN ​​លោក មុល សារឿន​ បាន​ក្លាយ​​ជា​អ្នក​​កំប្លែង ហើយ​​ចាប់​ផ្តើម​​ល្បី​ឈ្មោះ​ខ្លាំង​ ខណៈ​សម្តែង​ជា​តួ​អង្គ ស៊ុន​អ៊ូ​ខុង​ ​នៅ​ក្នុង​​រឿង «ថាំង​ចេង​ទៅចម្លង​ធម៌» ។ ឥឡូវ ស៊ុន​អ៊ូខុង ធ្លាក់ខ្លួន​ឈឺ​​​​​តែ​​នៅ​មិន​សុខ​ចង់​​​ត្រឡប់​​​​ចូល​ពិភព​​​​សម្តែង​​​​វិញ ៕