សារអេឡិចត្រូនិច
Samsung បញ្ចេញ​ស្មា​ត​ហ្វូ​ន Galaxy S 4 ជា​ផ្លូវការ​


ដោយមាន​ការគ្រប់គ្រង​ដោយ​កាយវិការ​ដ៏​សម្បូរបែប​, Camera Mode ប្រសើរ​ជាង​មុន​ជាច្រើន​, និងការគ្រប់គ្រង​បញ្ជា​ដោយ​អារម្មណ៍​កាន់តែច្រើន ក្រុមហ៊ុន Samsung បានបង្ហាញ​នូវ​ឧ​បរ​កណ៍​ល្អ​បំផុត​របស់ខ្លួន គឺ​ទូរស័ព្ទ Samsung Galaxy S 4 ក្នុង​ទីក្រុង​ញូវយ៉ក (​ម៉ោង ៧.៣០ នាទី​យប់​) នា​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៥ មីនា ២០១៣ ទៅកាន់​មនុស្ស​រាប់ពាន់នាក់​នៅ​សាល Radio City Hall នៃ​សង្កាត់ Manhattan ។​

​ដោយ​បំពាក់​នូវ​ស្គ្រី​ន Full-HD Super Amoled រួម​ជាមួយនឹង​កញ្ចក់ Gorilla Glass 3 ថ្មី​របស់​ក្រុមហ៊ុន Corning ទូរស័ព្ទ​នេះ​នឹង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Google Android 4.2.2 ។ ខណៈដែល​វា​មាន Hardware ប្រសើរ​ជាង​មុន​ជាច្រើន​ធៀប​នឹង​ទូរស័ព្ទ​ស៊េរី​មុន​របស់​វា ដូចជា កាមេរ៉ា​ក្រោយ​ទំហំ ១៣ មេ​ហ្គា​ភិ​ច​សែ​ល​, កាមេរ៉ា​មុខ ២ មេ​ហ្គា​ភិ​ច​សែ​ល និង ថ្ម​កម្លាំង ២៦០០ mAh នោះ ការចាប់អារម្មណ៍​នៃ​ទូរស័ព្ទ​នេះ​មិនមែន​ស្ថិតក្នុង Hardware នោះទេ ព្រោះ​ក្រុមហ៊ុនទូរស័ព្ទ​យក្ស​របស់​កូរ៉េ​មួយ​នេះ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ដើម្បី​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​នូវ​លក្ខណៈពិសេស​របស់​សូ​ហ្វ​វែ​ជា​ហូរហែ​របស់ខ្លួន ។​

​សូ​ហ្វ​វែ​កាមេរ៉ា​ថ្មី​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​លុបចោល​នូវ​វត្ថុ​មាន​ចលនា​ទាំងស្រុង​ចេញពី​រូបភាព ខណៈ​សូ​ហ្វ​វែ​មួយទៀត​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​បង្កើត​នូវ File ប្រភេទ GIF ដែលមាន​ចលនា ដោយ​ប្រើ​រូបភាព​ចម្រុះ​ជាច្រើន ។ ជំនួស​ឲ្យ​ការ​ប៉ះ​ផ្ទាល់​លើ​ស្គ្រី​ន ទូរស័ព្ទ​ថ្មី S4 នេះ​មានការ​បញ្ជា​ដោយ​កាយវិការ​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាច្រើន ។ អ្នកប្រើប្រាស់​អាច​ប្តូរ​បទ​ចម្រៀង​ដោយ​គ្រាន់តែ​គ្រវាសដៃ​កាត់​លើ​អេក្រង់ ឬ​បើក​មាតិកា​សារ​ជា​អ៊ីមែល និង អាល់​ប៊ុ​ម​រូបថត​ដោយ​គ្រាន់តែ​សំកាំង​ម្រាមដៃ​នៅ​ពីលើ​ស្គ្រី​ន​តែប៉ុណ្ណោះ ។​

​ដើម្បី​រុញ​ចុះឡើង​នូវ​សារ​ជា​អ៊ីមែល ឬ ទំព័​រវេ​ប​សាយ អ្នកប្រើប្រាស់​គឺ​គ្រាន់តែ​ត្រូវ​ទ្រេត​ទូរស័ព្ទ​ចុះឡើង​តែប៉ុណ្ណោះ ។ សម្រាប់​អ្នក​ចូលចិត្ត​មើល​វីដេអូ សកម្មភាព​វីដេអូ​នឹង​បញ្ឈប់​នៅពេលដែល​ភ្នែក​របស់​អ្នកប្រើប្រាស់​ងាក​ចេញពី​អេក្រង់ ហើយនឹង​បន្ត​លេង​ឡើងវិញ​នៅពេលដែល​អ្នកប្រើប្រាស់​សម្លឹង​ទៅ​មើល​លើ​អេក្រង់​ម្តងទៀត ។ កម្មវិធី​បកប្រែ​បំពាក់​នៅ​ខាងក្នុង​ទូរស័ព្ទ​នេះ នឹង​បកប្រែ​ភាសាបរទេស​ជាច្រើន​ដោយ​ស្វ័យប្រវត្តិ​ក្នុង​អ៊ីមែល​, Text និង សារ​ជជែក​កម្សាន្ដជាច្រើន ។​

Samsung មិន​បញ្ជាក់​អំពី​តម្លៃ​នោះទេ ប៉ុន្តែ​វា​ត្រូវគេ​រំពឹងថា​នឹង​ចាប់ផ្តើម​ពី​តម្លៃ ២០០ ដុល្លារ​ជាមួយនឹង​កុងត្រា ២ ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក៕