សារអេឡិចត្រូនិច
Tri Asia PPFC នឹង​បង្ហាញ​វត្តមាន​ក្នុង League និង Hun Sen-Cup​នៅ​ឆ្នាំ​២០១៥


ក្លឹប​បាល់ទាត់​ដែល​ទើបនឹង​បង្កើត​ថ្មី​មួយ​ដែលមាន​ឈ្មោះថា Tri Asia PPFC កំពុងតែ​ក​សាង​នូវ​សមត្ថភាព​កីឡាករ​ក្មេងៗ​របស់ខ្លួន​ដើម្បី​ឲ្យ​ក្លាយជា​ក្លឹប​បាល់ទាត់​អាជីព​នា ពេល​អ​នាគ​ត​ដ៏​ខ្លី​ខាងមុខនេះ។​

​    ​កីឡាករ​ក្មេងៗ​ដែល​ទើប​ចាប់ផ្ដើម​លេង​បាល់ និងកីឡាករ​ក្មេងៗ​មួយចំនួនទៀត​ដែល​ចាក​ចេញពី​ក្លឹប​អាជីព​នានា​ដែល​គេ​ បណ្ដុះ​ទុកជា​ថ្នាល​សម្រាប់​បន្តវេន​នោះ​បានមក​ផ្ញើ​អនាគត​ជាមួយ​ក្លឹប​ថ្មី ​នេះ​ ក្នុងនោះ​ក៏មាន​ក្មេងៗ​មកពី​បណ្ដា​ខេត្ត​នានា​មួយចំនួន​ផង។​

​     ​ដោយ​ចាប់ផ្ដើម​បង្កើតឡើង​ក្នុងអំឡុង​ខែធ្នូ​ឆ្នាំ​២០១២​នោះ ​ក្លឹប​បាល់ទាត់​មួយ​នេះ​បានធ្វើ​ខ្លួន​ឲ្យ​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ តាមរយៈ​ការបង្កើតឡើង​នូវ​ព្រឹត្តិការណ៍​ប្រកួត​នានា​ដ៏​សម្បូរបែប ។ ជាមួយនឹង​កា​របង្កើតឡើង​នូវ​ព្រឹត្តិការណ៍​នានា​បាន​ច្រើន​នោះ បាន​ធ្វើ​ឲ្យ​ក្លឹប​នេះ​មាន​អ្នកគាំទ្រ​យ៉ាង​ឆាប់រហ័ស។​

​     ​ក្នុងខណៈ​ដែលមាន​អ្នកគាំទ្រ​កាន់តែច្រើន​នោះ ​យុវជន​ក្មេងៗ​ដែល​និយម​ កីឡាបាល់ទាត់​បាន​ចូលរួម​ជាមួយ​ក្លឹប​នេះ​កាន់តែច្រើន​ដែរ។ ក្នុង​ជំហាន​ឆ្ពោះទៅកាន់​ឋានៈ​ជា​ក្រុមបាល់ទាត់​អាជីព​នាពេលខាងមុខ​នោះ​ ក្លឹប​បាល់ទាត់ Tri Asia PPFC បានសម្រេច​ចិត្ត​មុនគេ​ក្នុងការ​បោះពុម្ព​អាវ​សម្រាប់​លក់​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​ ដែល​អាវ​នោះ​មាន​ពណ៌​ក្រហម។​

​     ​អាវ​ចំនួន ១០០​ដែល​ត្រៀម​លក់​ឲ្យ​អ្នកគាំទ្រ​ដំបូង​គេ​នោះ​មានតម្លៃ​១៨​ដុល្លារ​ដែលជា​ អាវ​មាន​លេខ​ល្អៗ​ដែល​កីឡាករ​ល្បីៗ​ចូលចិត្ត​ពាក់​នោះ​ ដូចជា​លេខ ៧ លេខ ៩ លេខ ១០ និង លេខ​១១ ។​​ជា​ក្លឹប​បង្កើត​ថ្មី​ដែលមាន​ធនធាន​គ្រាន់បើ​នោះ​ គឺជា​ក្លឹប​មួយ​ដែល​បង្ហាត់​ដោយ​គ្រូ​ជនជាតិ​ជប៉ុន​ដែលជា​គ្រូ​ជន​ជាតិ​ ជប៉ុន​ គឺ​លោក Daisuke Yoshioka ដែលជា​គ្រូបង្វឹក​មួយរូប​ធ្លាប់​បង្ហាត់​ក្រុមយុវជន​របស់​សហព័ន្ធ​បាល់ទាត់​ តែ​ ពេលនេះ​គាត់​មិន​បន្ដ​កុងត្រា​ជាមួយ​សហព័ន្ធ​ទៀតឡើយ ​ដោយ​គាត់​បង្កើត​ក្លឹប​ដោយ​ខ្លួនឯង។​

​    ​ក្លឹប​បាល់ទាត់​ដ៏​ថ្មី​នេះ​បានបង្ហាញ​មហិច្ឆតា​ថា ​នៅ​ឆ្នាំ​២០១៥ នឹង​ចូល​លេង​ក្នុង​ក្របខ័ណ្ឌ League និង ព្រឹ​ត្ត​ការណ៍ Hun Sen-Cup ឲ្យ​ទាល់តែ​បាន ។​គួរ​បញ្ជាក់ថា​ព្រឹត្តិការណ៍​ទាំង ២ នេះ​ជា​ព្រឹត្តិការណ៍​ដែល​ធំជាងគេ​នៅ​កម្ពុជា៕