សារអេឡិចត្រូនិច
នាយ​​​កុយ និង​​យាយ​ណាង ទាមទារ​សំណង​ពី​ក្រុម​ហ៊ុន SK


រាជធានីភ្នំពេញ ៖ ក្នុងជំនួប​ចរចារវាង​ភាគីក្រុម​ហ៊ុន SK និងភាគី​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែលបាន​ធ្វើឡើង​នៅ​ក្នុង​សមាគម​សិល្បករ​ខ្មែរ​នាថ្ងៃទី​​១៥ មីនា ២០១៣ ពាក់ព័ន្ធ​នឹងឧប្បត្តិ​ហេតុគ្រោះ​ថ្នាក់ចរាចរណ៍​រវាងរថយន្ត​របស់តារា​ចម្រៀងលោក​ខេមរៈ សិរីមន្ត និង​រថយន្ត​កុងតឺន័ររបស់​ក្រុមហ៊ុន SK កាលពី​ថ្ងៃទី៧ មីនា ២០១៣ នៅ​តាមបណ្តោយ​ផ្លូវជាតិ​លេខ៤ តារាកំប្លែង​លោក​ជួង ជី ហៅ​កុយ បាន​អះអាងថា ក្នុងនាម​លោកជា​តំណាង​​សាច់​ញាតិជន​រងគ្រោះ និងជាឪពុក​ជនរងគ្រោះ​ម្នាក់ដែរនោះ លោក​សូមស្នើសុំ​ឲ្យភាគីក្រុម​ហ៊ុន SK ផ្តល់សំណង​ដល់ក្រុម​គ្រួសារសព​ក្នុងម្នាក់​ចំនួន​ ២ម៉ឺន៥​ពាន់​ដុល្លារ។

តារាកំប្លែង​រូបនេះបាន​បញ្ជាក់ថា ចំនួន​ទឹកប្រាក់នេះមិន​មែនជាការទាមទារ​របស់ក្រុមគ្រួសារ​សព ដល់ម្ចាស់​ក្រុមហ៊ុន SK ឡើយ តែវា​ជា​ការ​ស្នើសុំ និង​ការសំណូម​ពរដល់ម្ចាស់ក្រុមហ៊ុន​ឲ្យមានការចូលរួមជួយ​ឧបត្ថម្ភដល់ក្រុមគ្រួសារ​សពក្នុងលក្ខខណ្ឌណា​មួយដែលភាគី​ទាំង​សង​ខាងអាចទទួល​​យកបាន។ លោក​បន្ថែមថា គ្រប់ភាគី​ទាំងអស់ គឺសុទ្ធ តែ​មិនចង់ឲ្យ​មានហេតុ​ការណ៍ដ៏​អាក្រក់​នេះកើតឡើង​ឡើយ ប៉ុន្តែ​រឿងវាបានកើត​ឡើងរួចទៅ​​ហើយ ចំណែកអ្នក​ដែលបានស្លាប់​នោះក៏មិនវិល​មកវិញ​ដែរ ហេតុនេះ​យើងជាអ្នក​នៅគឺត្រូវនាំ​គ្នា​ពិភាក្សា​អំពីបញ្ហាអស់​ទាំងនេះ ៕