សារអេឡិចត្រូនិច
ដើររយៈ​ពេល​​វែង​ប្រសើរ​ជាង ​ហាត់​ប្រាណ​ដោយ​បង្ខំ​រយៈ​ពេល​ខ្លី​


ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​ដើរ​ក្នុង​ល្បឿន​ធម្ម​តាតែ​ប្រើ​ពេល​ច្រើន​ម៉ោង ​ពិត​ជា​ល្អ​ប្រ​សើរ​ជាង​ការ​ហាត់​ប្រាណ​​ដោយ​​បង្ខំ​ប្រើ​កម្លាំង​ខ្លាំង​តែ​មាន​រយៈ​ពេល​ខ្លី​ ។ តាម​ការ​ពន្យល់​រៀប​រាប់​ក្នុង​ព្រឹត្តិ​ប័ត្រ​ PLOS ONE ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​មធ្យម​ក្នុង​រយៈ​ពេល​វែង​នឹង​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​កម្រិត​អាំង​ស៊ុយ​លីន​ក៏​ដូច​ជា​​កម្រិត​លី​ពីត​ក្នុង​ឈាម ។​

អំ​ឡុង​ការ​ពិ​សោធន៍​ អ្នក​ស្រាវ​ជ្រាវរបស់​​សាកល​វិទ្យា​ល័យ Maastricht University   ប្រ​ទេស​ហូ​ឡង់​បាន​បែង​ចែក​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ពី​១៩​-២៤​ឆ្នាំ​ជា​៣​ក្រុម​ ដោយ​ក្រុម​ទី​១​តម្រូវ​ឱ្យ​អង្គុយ​១៤​ម៉ោង​គ្មាន​ការ​ហាត់​ប្រាណខណៈ​ក្រុម​ទី​២​អង្គុយ​១៣​ម៉ោង​ ប៉ុន្តែ​ហាត់​ប្រាណ​ប្រើ​កម្លាំង​ខ្លាំង​រយៈ​ពេល​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ ចំណែក​ក្រុម​ទី​៣​តម្រូវ​ឱ្យ​អង្គុយ​៦​ម៉ោងតែ​ដើរ​៤​ម៉ោង ​និង​ឈរ​២​ម៉ោង ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា ក្រុម​ទាំង​៣​ប្រើ​ថាម​ពល​​ប្រហាក់​ប្រ​ហែល​គ្នា​ ក៏​ប៉ុន្តែ​កម្រិត​លី​ពីត​និង​កូ​ឡេស្តេរ៉ូល​របស់​ក្រុម​ទី​៣មាន​ភាព​ល្អ​ប្រ​សើរ​ច្រើន​ជាង​២​ក្រុម​ផ្សេង​ទៀត ។​

​វេជ្ជ​បណ្ឌិត​ Hans Savelberg​ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​បាន​ថ្លែង​ថា​៖«ការ​ហាត់​ប្រាណ​ដោយ​បង្ខំ​ប្រ​ចាំ​ថ្ងៃ​​និង​​ប្រើ​រយៈ​ពេល​ខ្លី​ពិត​ជា​មិន​អាច​តប​ស្នង​ទៅ​នឹង​ផល​អវិជ្ជ​មាន​នៃ​ការ​មិន​មាន​សកម្ម​ភាព​រាង​កាយ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​​បាន​នោះ​​ទេ ។​ ការ​កាត់​បន្ថយ​ភាព​គ្មាន​សកម្មភាព​របស់​​រាង​កាយ​តាម​រយៈ​ការ​ហាត់​ប្រាណ​​ត្រឹម​កម្រិត​មធ្យម​ តួយ៉ាង​ដូចជា ដើរ និង​ឈរ​ជា​ដើម​គឺ​ពិត​ជា​មាន​ប្រ​សិទ្ធ​ភាព​ជាង​ការ​ហាត់​ប្រាណ​ដោយ​បង្ខំ​តែ​ប្រើ​ពេលខ្លី​»៕