សារអេឡិចត្រូនិច
ប្រកួត​ជម្រើស​ជើងឯក​កីឡា​សិស្ស មធ្យមសិក្សា នៅ​ខេត្តតាកែវ​


 តាកែវ: មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តតាកែវ បានរៀបចំ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត ប្រចាំឆ្នាំ​សិក្សា ២០១២-២០១៣ រយៈពេល ៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១១ មីនា ២០១៣ ហើយ​បានបញ្ចប់​បិទ​កម្មវិធី​កាលពី​ល្ងាច​ថ្ងៃទី​១៥ មីនា ២០១៣​។

​លោក នុត ខុន ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត បានអោយដឹងថា ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣ នេះ​មាន​ក្រុមកីឡា​សិស្ស​មធ្យមសិក្សា​មកពី​ក្រុង និង​ស្រុក ទូទាំង​ខេត្ត ដែលមាន​វិញ្ញាសា បាល់ទាត់​(​បុរស​-​នារី​) បាល់ទះ​(​បុរស​-​នារី​) បាល់បោះ​(​បុរស​-​នារី​) អត្តពលកម្ម ប្រណាំង​កង់​(​បុរស​-​នារី​)​ព្រមទាំង​មាន​កីឡា​ប៉េតង់​(​បុរស​-​នារី​) ១ ទល់ ១ និង ២ ទល់ ២ និង ៣ ទល់ ៣ យើង​បាន​កីឡាករ​កីឡាការិនី​មក​ចូលរួម​ប្រកួត​សរុប​ចំនួន ៩២៥​នាក់ ក្នុងនោះ​ស្រី ៤១៩​នាក់​។

​ក្នុងឱកាស​នោះ​លោក អ៊ិត សុខ អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ឆ្លង​តាមរយៈ​ការប្រកួត​ដ៏​ស្វាហាប់​តាម​មុខ​វិញ្ញាសា​នីមួយៗ បានកត់សំគាល់​ឃើញថា កីឡាករ កីឡាការិនី​ម្នាក់ៗ សុទ្ធតែ​បាន​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​ថាមពល និង​បច្ចេកទេស ដែល​បាន​ហ្វឹកហាត់​កន្លងមក ដើម្បី​ព្យាយាម​ដណ្តើមយក​ប្រៀប​លើ​គូប្រកួត​ដោយ​ភាពរហ័សរហួន​ឈ្លាសវៃ ក្នុង​បរិយាកាស​សាមគ្គី​សិ្ន​ទ្ធ​ស្នាល​និង​យោគយល់​គ្នា​។ ផ្តើមចេញពី​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​បានជ្រើសរើស​ទៅតាម​លក្ខណៈ​បច្ចេកទេស ទទួលបាន​កីឡាករ​ឆ្នើមៗ ពី​សាលារៀន​ក្នុងស្រុក​ទាំងអស់​ដែល នឹងត្រូវ​ទទួល​ជ័យលាភី​ជើងឯក​សម្រាប់​ឆ្នាំ ២០១២-២០១៣ នាឱកាស​នេះ លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ថ្វីត្បិតតែ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​នាពេលនេះ សម្រេចបាន​លទ្ធផល​គូរ​ជាទី​មោទនៈ ប៉ុន្តែ​ដើម្បី​លើកកម្ពស់​និង​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​កាយ និង​កីឡា​ក្នុង​ខេត្ត​អោយ​កាន់តែ​មានការ​រីកចម្រើន យើង​ត្រូវ​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កីឡា​ជា​បន្តទៅទៀត ដើម្បី​ជ្រើសរើស​អ្នក​បន្តវេន​សម​ដូច​ពាក្យ​ថា ទំពាំង​ស្នង​ឫស្សី​៕