សារអេឡិចត្រូនិច
ការវាយលុក​ភ្លាម​របស់ Samsung Galaxy S4 អាច​ញ៉ាំង​ឲ្យ Apple ពិចារណា​ឡើងវិញ​


ទូរស័ព្ទ​ថ្មី​របស់ Samsung គឺ​ម៉ាក Galaxy S4 អាច​នឹងដាក់​សម្ពាធ​លើ​ក្រុមហ៊ុន Apple Inc ឲ្យ​បង្កើនល្បឿន​នៃ​ការ​រចនា​ម៉ូដ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន និងការប្រថុយប្រថាន​ក្នុង​ការចេញ​នូវ​ឧបករណ៍​តម្លៃថោក ខុសពី​ការអនុវត្ត​ជាទូទៅ​របស់ខ្លួន។​

ទូរស័ព្ទ Galaxy ស៊េរី​ថ្មី​ចុងក្រោយ ដែល​ត្រូវ​បានដាក់​បង្ហាញ​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ភាពជោគជ័យ​ជាង iPhone ក្នុង​ផ្នែក​បច្ចេកទេស​ភាគច្រើន។ ប៉ុន្តែ​ការប្រកួតប្រជែង​ដែល​ក្រុមហ៊ុន​នេះ​កំពុងតែ​បង្ហាញ មាន​លក្ខណៈ​ជ្រាលជ្រៅ​ជាង​ការប្រៀបធៀប​លក្ខណៈពិសេស​ទៅទៀត។​

​លោក ឆា​លី ហ្គូ​ល​វីន អ្នកវិភាគ​នៅ​ក្រុមហ៊ុន Forrester បាន​និយាយថា "​វា​អាច​ជាការ​បំផ្លើស​ដែល​និយាយថា Apple តាម​ពីក្រោយ​ឆ្ងាយ​ពេក​" ។ ប៉ុន្តែ​គេ​ត្រូវតែ​កត់សម្គាល់​ពី​ជំហាន​នៃ​ឧបករណ៍​ដែលមាន​ការប្រកួតប្រជែង​យ៉ាង​លឿន ដែល​គេ​ទើបតែ​បញ្ចេញ​នាពេល​ថ្មីៗ​នេះ។​

"​ប្រសិនបើ​មានអ្វីដែល Apple ត្រូវ​ឆ្លើយតប​នោះ គឺ​ចង្វាក់​នៃ​ការបញ្ចេញ​របស់ខ្លួន ប្រហែល​ជាការ​រចនា​ម៉ូដ​ថ្មី​ទាំងស្រុង​រាល់​ពីរ​ឆ្នាំ​ម្តង ហើយ​ប្រភេទ​នៃ​ការវាយលុក​យ៉ាង​លឿន​រៀងរាល់ឆ្នាំ​ពុំមែន​ជា​ចង្វាក់​ប្រកួតប្រជែង​គ្រប់គ្រាន់​សម្រាប់ Apple ដើម្បី​រក្សា​នាំមុខ​ខាង​ការច្នៃប្រឌិត​ថ្មី​របស់​ស្មា​ត​ហ្វូ​ន​នាពេល​បច្ចុប្បន្ន​ឡើយ​"។​

​សមត្ថភាព​របស់ Samsung ដើម្បី​ប្រជែង​តទល់​ជាមួយ Apple លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បច្ចេកវិទ្យា​ចុងក្រោយ​អាច​នឹង​ញ៉ាំង​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​យក្ស​អាមេរិក​មួយ​នេះ ទីបំផុត​នឹង​បើក​ការវាយលុក​របស់ខ្លួន​លើ​ទីផ្សារ​តម្លៃថោក​ដូចជា​ចិន និងឥណ្ឌា​ជាដើម។​

​អ្នកវិភាគ​ជាច្រើន​ឥឡូវ​និយាយថា Apple ត្រូវតែ​ឆ្លើយតប​ដោយ​កម្លាំង​ចំពោះ Samsung និងគូប្រជែង​ដទៃទៀត​ដែល​កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន ។ ភាគច្រើន​នៃ​សង្កាត់​ហិរញ្ញវត្ថុ Wall Street កំពុង​ទន្ទឹង​ចាំមើល iPhone បន្ទាប់ ប៉ុន្តែ​ការរំពឹងទុក​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ណាស់។​

​ក្រុមហ៊ុន Apple ក្នុង​រយៈពេល ៦ ខែ​មកនេះ​បាន​ធ្លាក់ចុះ​ចំណែក​ភាគហ៊ុន​របស់ខ្លួន​ចំនួន ៣០ ភាគរយ ហើយ​កម្មវិធី​សូ​ហ្វ​វែ​ផែនទី​របស់ខ្លួន​ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ភាពមិនច្បាស់លាស់​របស់​វា៕