សារអេឡិចត្រូនិច
អ្នក​របាំ​វ័យ​ក្មេង​​ចាត់​ទុក​សិល្បៈ​ជា​ជីវិត​​របស់​ខ្លួន​


រាជ​ធានី​ភ្នំពេញ​ ៖ ​យុវជន​ នាង​ វិសាល គឺ​ជា​​អ្នក​របាំ​ប្រពៃណី​​ និង​បុរាណ​​ឆ្នើម​​មួយ​រូប​​ប្រចាំ​នៅ​អង្គការ​​សិល្បៈ​​ខ្មែរ​អមតៈ​ ។ ទេព​កោសល្យ​​របស់​យុវជន​​រូប​នេះ​ទទួល​ការ​សរសើរ​ពី​ប្រិយ​មិត្ត​ទស្សនិក​ជន​ ព្រម​ទាំង​​លោក​គ្រូ​ អ្នក​គ្រូ​​ដែល​បណ្តុះ​បណ្តាល​រូប​គេ​ទៀត​ផង ។យុវជន​ នាង​ វិសាល ​រៀប​រាប់​​ពី​ប្រវត្តិ​​របស់​ខ្លួន​​​ប្រាប់​កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​នា​ពេល​ថ្មីៗ​នេះ​ថា ​គេ​មាន​អាយុ​​​២២​ឆ្នាំ ជាសិស្ស​​របាំ​​នៅអង្គការ​​សិល្បៈ​ខ្មែរ​​អមតៈ​​ និង​ជា​និស្សិត​​ឆ្នាំ​​ទី២ នៅ​មជ្ឈមណ្ឌល​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​កម្ពុជា និង​ឥណ្ឌា ។

វិសាល​ជា​កូន​ពៅ​ ក្នុង​ចំណោម​​បង​ប្អូន​​ចំនួន​៤នាក់​​​​ក្នុង​នោះ​ស្រី​២នាក់​ ។ ឪពុក​​របស់​គេ​ឈ្មោះ​ពុក ចំណាន ជា​អ្នក​សិល្បៈ​​ចម្លាក់​​​ និង​សូន​រូប​​ និង​ម្តាយ​ឈ្មោះ​សូ គឹម​លាង ជា​មេផ្ទះ ។ វិសាល​​មាន​បង​ប្រុស​​ជា​អ្នក​​របាំ​ជាមួយ​គ្នា​ដែរ តែ​នៅ​ពេល​នេះ​​បាន​ងាក​ទៅ​ធ្វើ​ជា​​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​វិញ ។

​នាង​ វិសាល ​បាន​ចូល​ហាត់​សិល្ប​ៈ​​នៅ​ឆ្នាំ​២០០៣ ជាមួយ​លោក​​អៀង​ ស៊ី​ធុល​ ដោយ​ក្រុម​របស់​​លោក​ឈ្មោះ​ក្រុម​បណ្តុះ​បណ្តាល​​សេដ្ឋ​កិច្ច​កុមារ​​​កំព្រា​ទីទ័ល​ក្រជនបទ តែ​បច្ចុប្បន្ន​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្រុម​កុមារ​​​បាសាក់​វិញ ។​យុវជន​​នាង វិសាល និយាយ​ថា ​ព្រោះ​តែ​ចិត្ត​​​ចង់​ចេះសិល្បៈ​ខ្មែរ​​ បូក​រួម​ទាំង​​មាន​ការ​លើក​​ទឹក​ចិត្ត​​ពី​ឪពុក​ម្តាយ​​ និង​កន្លែង​​ហាត់​សិល្បៈ​​​នៅ​ជិត​ផ្ទះ​​ផង​ លោក​​ក៏​ចូល​ហាត់​​រៀន​ជាមួយ​​លោក​អៀង​ ស៊ីធុល ។ ពីដំបូង​​​​រូប​លោក​​​​រៀន​សិល្បៈ​ចំរុះ​មាន​តាំង​ពី​ចម្រៀង​​ ភ្លេង​ និង​របាំ​ជា​ដើម​ ។

​បន្ទាប់​ពី​ហាត់​​ស្ទាត់​ជំនាញ​ហើយ​ក្រុម​របស់​លោក​​​វិសាល​​បាន​ចេញ​ទៅ​សម្តែង​នៅ​តាម​​កម្ម​វិធី​​មង្គលការ​ និង​ពិធី​បុណ្យ​ផ្សេង​ៗ​ ពិសេស​​បាន​ចេញ​ទៅ​សម្តែង​​នៅ​​ប្រទេស​ស្កុត​លែន​ និង​អង់​គ្លេស​នា​ឆ្នាំ​២០០៨ ។ បន្ទាប់​មក​​ក្នុង​ឆ្នាំ​២០១០​ ក្រុម​របស់​លោក​​​បាន​ចេញ​ទៅ​ប្រទេស​ជប៉ុន​​​ និង​នៅក្នុង​ឆ្នាំ​២០១១​​​បាន​ចេញ​ទៅ​​ប្រទេស​អាមេរិក​។ ក្នុង​ឆ្នាំ​២០១១ និង​២០១២​​លោក​វិសាល​​បានចេញ​ទៅ​​​សម្តែង​នៅ​ប្រទេស​អាមេរិក​​ចំនួន​២​ដង​ ។ ជា​ពិសេស​​នៅ​ឆ្នាំ​២០១២​​ ខែ​មករា ​លោក​បាន​ទទួល​​អាហារ​ូប​ករណ៍​​ទៅសិក្សា​​នៅ​សហរដ្ឋ​អាមេរិក​​រយៈ​ពេល​​៥​ខែ ។

​អ្នក​របាំ​​ឆ្នើម​​រូប​នេះ​និយាយ​ថា «នេះ​​គឺ​ជា​​ភាព​ជោគ​ជ័យ​​ និង​ជា​មោទនភាព​​​បំផុត​សម្រាប់​ជីវិត​​របស់​ខ្ញុំ ។ ​ក្នុង​ពេល​​នេះ​ខ្ញុំ​យល់​​ថា សិល្បៈ​​​គឺ​ជា​ជីវិត​​របស់​ខ្ញុំ​​ បើ​គ្មាន​សិល្បៈ​ទេ ខ្ញុំ​​ក៏​មិន​មាន​​​ឱកាស​​​បាន​ចេញ​ទៅ​សម្តែង​​នៅ​ប្រទេស​ក្រៅ​ដែរ។ អ្វី​ដែល​អស្ចារ្យ​​ជាង​នេះ​​គឺ​​ចាប់​តាំង​ពី​រូប​​ខ្ញុំ​បាន​ហាត់​​សិល្បៈ​មក​​ទើប​ដឹង​ថា ​អ្វី​ទៅ​គឺ​ជា​សិល្បៈ​​ខ្មែរ អ្វី​ទៅ​គឺ​ជា​ភាព​​អស្ចារ្យ​​របស់សិល្បៈ​ខ្មែរ អ្វី​ទៅ​គឺ​ជា​​ភាព​ជោគ​ជ័យ​​ និង​អ្វី​ទៅ​​គឺ​ជា​ជីវិត» ។

សិល្បៈ​​បាន​បង្រៀន​​ជីវិត​លោក​នាង​ វិសាល​​​ច្រើន​ណាស់​​ ដូច្នេះ​ហើយ​​លោក​សំណូម​ពរ​​​ដល់​យុវជន​​​ខ្មែរ​​ឱ្យ​គាំទ្រ​​​សិល្បៈ​ខ្មែរ​​​​ ព្រោះ​កន្លង​មក​​លោក​ឃើញ​ភាគ​ច្រើន​​ជនបរទេស​​ចូល​រួម​​ទស្សនា​របាំ​ប្រពៃណី​ និង​បុរាណ​ មិន​សូវ​ជា​ឃើញ​វត្ត​មាន​​របស់​ជន​ជាតិ​​ខ្មែរ​ចូល​ទស្សនា​​ទេ ។ដោយ​មាន​​មោទន​ភាព​ និង​ស្រឡាញ់​​សិល្បៈ​​ខ្មែរ​​​​​ ទៅ​ថ្ងៃ​អនាគត​នាង​វិសាល មានបំណង​​​ចង់​បង្កើត​​វែប​សាយ​​​មួយ​និយាយ​ពីសិល្បៈ​ខ្មែរ​សុទ្ធ​ ដើម្បី​​ឱ្យ​​​ជន​បរទេស​​​នៅទូទាំង​ពិភព​លោក​​​បាន​យល់​ បាន​ដឹង​​​ និង​យល់​ពី​តម្លៃ​​នៃ​មរតក​របស់​ដូន​តា​យើងនេះ ៕