សារអេឡិចត្រូនិច
ប៉ាក ស៊ី ហ៊ូ ប្តឹង​បក​លើ​ស្រី​ដែល​ចោទ​ថា​លោក​ចាប់រំលោភ​នាង​


​រូបថត​របស់​ជន​ដែល​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ​ពី​ការចាប់រំលោភ​របស់​តារាភាពយន្ត​កូរ៉េ លោក ប៉ាក ស៊ី ហ៊ូ​ត្រូវបាន​គេ​បង្ហោះ​តាម​អន​ឡាញ​ក្នុងពេល​ការស៊ើបអង្កេត​កំពុង​ប្រព្រឹត្តទៅ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់ សិល្បករ​កូរ៉េ​រូបនេះ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ចាប់រំលោភ​ស្ត្រី​វ័យ​២២​ឆ្នាំ​ម្នាក់​ដែល​គេ​បញ្ចេញ​​ឈ្មោះ​ត្រឹមតែ​អក្សរ​"A"​។​

A បាន​អះអាង​ថា​ស៊ី ហ៊ូបាន​ចាប់រំលោភ​នាង​នៅពេល​នាង​លែង​ដឹងខ្លួន​ក្រោយពី​ផឹក​សុរា​។​នាង​សង្ស័យ​ថា​ស៊ី ហ៊ូបាន​បង្អកស្រា​​នាង​ក្រោម​ជំនួយ​ពី​អ្នកសមគំនិត​ម្នាក់ គឺ​ប្អូនប្រុស​របស់​លោក​ឈ្មោះ គីម ដែល​បាន​ស៊ីផឹក​ជាមួយ​អ្នក​សម្តែង​រូបនេះ​កាលពី​យប់​​កើតហេតុ​។​

​តែ​ទោះជា​យ៉ាងណា ស៊ី ហ៊ូបាន​បដិសេធ​រាល់​ការ​ចោទ​បករ​កាន់​និង​បាន​ប្តឹង​បក​នាង​A​វិញ មិត្ត​របស់​នាង​ឈ្មោះ​កាត់​ថា​B​និង​ប្រធាន​​អតីត​ក្រុមហ៊ុន​ចាត់ចែង​ការ​របស់​លោក​ពី​បទ​និយាយ​មួលបង្កាច់​។​លោក​បាន​អះអាង​ថា​លោក​បាន​ប្រមូល​បាន​ភស្តុតាង​គ្រប់គ្រាន់​​ដើម្បី​បញ្ជាក់​ថា​រឿងហេតុ​ទាំងមូល​ត្រូវបាន​រៀបចំ​ដោយ​ពួកគេ​។​

​ក្នុងពេល​ជាមួយគ្នា ករណី​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​នេះ​កំពុង​បង្ក​កំហឹង​ក្នុងចំណោម​អ្នកគាំទ្រ​លោក​ស៊ី ហ៊ូ និង​ពួក​គេ​បាន​ខិតខំ​​ស្វែងរក​អត្តសញ្ញាណ​និង​ប្រវត្តិ​ស្រី​ឈ្មោះ​A​នេះ​។​

​អត្តសញ្ញាណ​របស់​នាង​ទំនងជា​ត្រូវ​ទម្លាយ​បន្ទាប់​ពី​វេបសាយ​កូរ៉េ​មួយ​បាន​បញ្ចេញ​រូបថត​ស្រីក្មេង​ស្អាត​ម្នាក់​ក្នុង​ឈុត​ប៊ី​គីនី​៕