សារអេឡិចត្រូនិច
ភីន សុដាលីស ​ត្រៀម​ខ្លួន​ភ្ជាប់​ពាក្យ​ថ្ងៃទី​៣១ មីនា


រាជធានីភ្នំពេញ ៖ តារាសម្តែង​វ័យក្មេងរូបស្រស់ កញ្ញា ភីន សុដាលីស បានត្រៀម​ខ្លួនភ្ជាប់ពាក្យជាមួយ​អ្នកសិល្បៈដូចគ្នា​នៅថ្ងៃទី៣១ មីនា ២០១៣ ខាងមុខ​នេះ បន្ទាប់ពីតារាសម្តែង​រូបនេះបានចូល​ប្រឡូកក្នុងវិស័យ​សិល្បៈបានត្រឹម​មួយរយៈខ្លី​នោះ។

តារាសម្តែង​ដែលតែងតែទទួលបាន​តំណែងជាតួឯកស្រី​គ្រប់រឿងនៅក្នុង​ផលិតកម្មមហា​ហង្សដែលមាន​ឪពុករបស់នាងជា​ម្ចាស់ផលិត​កម្មនោះ បាន​សម្រេច​ចិត្តភ្ជាប់​​ពាក្យជាមួយ​​លោក​ប៉ែន តុលា តារា​សម្តែង និងបង្ហាញ​​ម៉ូតក្នុង​ក្រុម Sun Super Model បន្ទាប់ពីអ្នក​ទាំង​២​បាន​​ស្វែង​យល់​​ចិត្ត​គ្នា​​បាន​រយៈពេល​ជិតមួយ​ឆ្នាំ​មកនេះ។ ដំបូងឡើយគេមិនសូវ​​ជាបានចាប់អារម្មណ៍​ពី​ទំនាក់ទំនង​របស់តារា​សម្តែង​ទាំងពីរនេះឡើយ ហើយ​គេ​​ក៏​មិន​​បាន​គិត​ដល់​​ថា អ្នកទាំងពីរ​​កំពុង​តែ​ស្វែង​យល់​ចិត្ត​​គ្នាទៅវិញទៅមក​​ផ្ទុយ​ពីទំនាក់ទំនង​ត្រឹមជាមិត្តភក្តិ​​ក្នុងអាជីព​សិល្បៈ​ដូចគ្នា ក្នុងពេល​ដែល​អ្នកទាំង​ពីរ​​តែង​តែ​អង្គុយ​​​​កៀតកិត​​ជាមួយ​គ្នា​​ក្នុង​​គ្រា​ដែល​អ្នក​ទាំងពីរចូល​រួម​ក្នុងកម្ម​វិធី​ផ្សេងៗ។

ប៉ុន្តែអ្វីៗ​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល បន្ទាប់ពី​លិខិត​អញ្ជើញ​ភ្ជាប់​ពាក្យរបស់​តារា​សម្តែងទាំងពីរ​​ត្រូវបានគេចែក​ជូនដ​ល់មិត្តភក្តិ​​​សាច់ញាតិ​ជា​សាធា​រណៈ ដើម្បី​ចូល​​រួមជាសក្ខី​ភាព​ការភ្ជាប់​​និស្ស័យ​ជាគូ​ស្រកររវាងតារា​​ទាំងពីរដួងនេះ​​នៅថ្ងៃទី៣១ មីនា ខាងមុខ។ ពិធីភ្ជាប់ពាក្យ​​នេះនឹងប្រព្រឹត្ត​​ធ្វើនៅថ្ងៃទី​៣១ ខែមីនា​ខាងមុខ​​វេលាម៉ោ​ង៧ព្រឹក​ក្នុងគេហ​ដ្ឋាន​របស់​ភីន សុដាលីស នៅទីក្រុង​​ភ្នំពេញ៕