សារអេឡិចត្រូនិច
នាង លីន​សេ ឡូ​ហាន ត្រូវ​ជាប់​ក្នុង​មណ្ឌល​ស្តារនីតិសម្បទា​រយៈពេល ៩០ ថ្ងៃ


តារាភាពយន្ត​អាមេរិក​ដ៏​សម្បូរ​រឿង​មិនចេះចប់ នាង លីន​សេ ឡូ​ហាន កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​កាត់​ឲ្យ​ជាប់​ក្នុង​មន្ទីរ​នីតិសម្បទា​ជាប់​សោមួយកន្លែង ជា​ផ្នែក​មួយ​នៃ​ការព្រមព្រៀង​ដោយ​អង្វរករ​ដែល​ត្រូវបាន​ប្រកាសឡើង ខណៈដែល​អង្គជំនុំជម្រះ​ពីបទ​កុហក​ប៉ូលិស​របស់​នាង​ត្រូវបាន​ចាប់ផ្តើម។​

​តារា​ស្រី​វ័យ ២៦ ឆ្នាំ​ ដែល​បាន​រួសរាន់​មកកាន់​បន្ទប់​តុលាការ​ស្ទើរតែ​ជិត​មួយ​ម៉ោង​មុនពេល​កំណត់ ក៏ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ការព្យួរទោស​សាកល្បង​រយៈពេល ២ ឆ្នាំ​ផងដែរ បន្ទាប់​ពុំបាន​តវ៉ា​ចំពោះ​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​មិនល្អ​ជាច្រើន​ដែល​កើតចេញពី​គ្រោះថ្នាក់​រថយន្ត​ក្នុង​ទីក្រុង​សាន់​តា ម៉ូ​នី​កា ក្នុង​ខែមិថុនា ២០១២ ។​

​នាង​ឡូ​ហាន នឹងត្រូវ​អនុវត្ត​ន៍ការងារ​សហគមន៍​រយៈ​ពេល ៣០ ថ្ងៃ ដែល​នាង​អាច​ធ្វើបាន​នៅក្នុង​ទីក្រុង​ញូវយ៉ក ជាទី​ដែល​នាង​កំពុង​រស់នៅ​បច្ចុប្បន្ន និងទទួល​ការព្យាបាល​ផ្លូវចិត្ត​រយៈពេល ១៨ ខែ។ ការព្រមព្រៀង​នេះ​ក៏បាន​ព្យួរ​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៨០ ថ្ងៃ​ ពីបទ​បំពាន​ការព្យួរទោស​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ផងដែរ។

​ចៅក្រម​តុលាការ​កំពូល​ក្រុង​ឡូ​ស​អែន​ជេ​ឡេស លោក ជែ​ម​ស៍ ដាប​នី បាន​និយាយថា "​តាមរយៈ​មណ្ឌល​ដែលជា​ប់​សោ ខ្ញុំ​ចង់​បានន័យថា គ្មាន​ថ្ងៃ​ណាមួយ​ដែល​អាច​រំលង​បានឡើយ អ្នក​មិនអាច​ចេញ​ទៅណា​បានឡើយ អ្នក​ត្រូវតែ​ស្ថិតក្នុង​កម្មវិធី​នេះ​រយៈពេល ៩០ ថ្ងៃ​រហូតដល់​អ្នក​បាន​សម្រេច​វា​" ។​

​លោក ដាប​នី បាន​សួរថា "​តើ​អ្នក​យល់ និង​ទទួលយក​លក្ខខណ្ឌ​នៃ​ការព្យួរទោស​ទាំងអស់នេះ​បានដែរ​ទេ​ក្នុង​រឿងនេះ​?" ។ នាង​ឡូ​ហាន ដែល​ស្លៀកពាក់​ឈុត​ស និង​ពុំមាន​តុបតែង​ខ្លួន​បាន​ឆ្លើយថា "​ចាស ខ្ញុំ​យល់​" ។​

​លោក​ចៅក្រម​រូបនេះ​ក៏បាន​ប្រាប់​ទៅ​មេធាវី​របស់​នាង​ឡូ​ហាន​ដែរ​ថា តារា​ស្រី​រូបនេះ​ក៏​នឹងត្រូវ​បញ្ជាក់ថា​នាង​មិន​សេពសុរា ឬ​គ្រឿងញៀន និង​ពុំ​ត្រូវ​ប្រើ និង​កាន់កាប់​ថ្នាំញៀន​ណាមួយ​...​ឬ​ថ្នាំ​ហាមឃាត់ ឬ​គ្រឿង​រយីងរយោង​ពាក់ព័ន្ធ​ផ្សេង​ទៀតឡើយ ។​

​រឿងហេតុ​ថ្មីៗ​នេះ​គឺជា​ប់​ទាក់ទិន​នឹង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​រថយន្ត​កាលពី​ខែមិថុនា នៅពេលដែល​រថយន្ត Porsche ដែល​នាង​កំពុងបើក​បរបាន​បុក​នឹង​រថយន្ត​បែន​មួយ​នៅលើ​ផ្លូវ Pacific Coast Highway ។ ឡូ​ហាន​ដំបូង​ឡើយ​បាន​អះអាងថា​នាង​គឺជា​អ្នកដំណើរ​ក្នុង​រថយន្ត​របស់ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ការស៊ើបអង្កេត​មួយ​ក្រោយមក​បានបង្ហាញ​ថា​នាង​គឺជា​អ្នកបើកបរ។​

​បន្ទាប់ពី​ឧប្បត្តិហេតុ​ខាងលើ នាង​ឡូ​ហាន​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំខាន​មន្ត្រីប៉ូលិស ដោយ​ផ្តល់នូវ​សក្ខីកម្ម​ក្លែងក្លាយ និងបើកបរ​ព្រហើន៕