សារអេឡិចត្រូនិច
តួ​ម៉ាឡេស៊ី នាង មី​ឆែ​ល យ៉ូ ជិត​រៀបការ​ជាមួយ​នាយក​ក្រុមហ៊ុន​រថយន្ត​បារាំង​វ័យ ៦៧ ឆ្នាំ


​តារាភាពយន្ត​ម៉ាឡេស៊ី នាង មី​ឆែ​ល យ៉ូ បាន​បង្ហើប​ឲ្យ​ដឹងថា នាង​កំពុង​ពិចារណា​រៀបការ​ជា​មួយគូ​ដណ្តឹង​ជនជាតិ​បារាំង​អាយុ ៦៧ ឆ្នាំ ដែលជា​នាយក​ផ្នែក​រថយន្ត​ប្រណាំង លោក ហ្ស​ង់ ថូដ ប៉ុន្តែ​ពុំបាន​សម្រេច​នៅឡើយ​ទេ​ថា​ពេលណា​នឹង​រៀបការ។​

​ដោយ​សួរថា​ តើ​នឹង​រៀបការ​នៅទីណា នាង​យ៉ូ​ បាន​និយាយថា នាង​នឹង​រៀបចំ​អាពាហ៍ពិពាហ៍​របស់​នាង​ក្នុងប្រទេស​ម៉ាឡេស៊ី ទោះយ៉ាងណា​នាង​ពុំបាន​បញ្ជាក់​លំអិត​នោះទេ។​

​នៅពេល​នាង​បាន​ជួប​ក្រុមអ្នកកាសែត​កាលពី​ថ្ងៃអាទិត្យ​ នៅមុន​ពិធី​ប្រគល់​ពានរង្វាន់​ភាពយន្ត​អាស៊ី​លើក​ទី ៧ (AFA) តារា​ស្រី​រូបនេះ​បាន​និយាយថា "​រឿង​សំខាន់​គឺថា វា (​ទីតាំង​រៀបការ​) គឺជា​ទីកន្លែង​មាន​ផាសុកភាព​ ដែល​មិត្តភក្តិ​របស់ខ្ញុំ​ទាំងអស់​អាច​រីករាយ​ក្នុង​ពិធី​ដ៏​ធំ​មួយ​"។​

​នាង​យ៉ូ​ ដែល​ទទួលបាន​កិត្តិយស​សម្រាប់​តួ​ល្អ​ដាច់​គេ​ក្នុង​ប្រភេទ​ពានរង្វាន់ Asian Cinema Award នៅ AFA ឆ្នាំនេះ ក៏បាន​យក​ឱកាស​នេះ​ដើម្បី​ជម្រះ​មន្ទិល​ទាក់ទិន​នឹង​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​និយាយថា នាង​នឹង​បង្ហាញខ្លួន​ក្នុង​ភាពយន្ត​គ្រោងទុក​មួយ​របស់លោក​លី អាង គឺ​រឿង​បែប​ក្បាច់គុន​បុរាណ ចំណងជើង​ថា "​ខ្លាក្រាប នាគ​លាក់ខ្លួន​"។​

​នាង​បាន​បញ្ជាក់ថា នាង​មិនទាន់​សម្រេចចិត្តថា​តើ​ត្រូវ​ចូលរួម​ក្នុង​ភាពយន្ត​នេះដែរ​ឬក៏​អត់​នោះទេ ព្រោះ​នាង​មិនទាន់​ទទួលបាន​អត្ថបទ​រឿង​នៅឡើយ និង​មិនបាន​ដឹងថា​នរណា​នឹង​ដឹកនាំ​រឿងនេះ​នោះទេ៕