សារអេឡិចត្រូនិច
ឧបករណ៍ "ចិញ្ចឹម" ថ្លើមមនុស្សឲ្យរស់បាន២៤ម៉ោង ពេលនៅក្រៅសរីរាង្គ


នៅ​ថ្ងៃទី​១៥/៣/២០១៣ កន្លងទៅនេះ ក្រុម​ស្រាវជ្រាវ​មួយ​របស់​អង់គ្លេស​បានប្រកាស​ពី​លទ្ធផល​ជោគជ័យ ក្នុង​ផលិត​ឧបករណ៍​មួយ​អាច​រក្សា​ថ្លើម​មនុស្ស​នៅក្រៅ​សរីរាង្គ "​រស់​"​បាន​២៤​ម៉ោង ។​

​ក្រុម​ស្រាវជ្រាវ​ដែល​រួមមាន​វេជ្ជបណ្ឌិត វិស្វករ និង​អ្នកឯកទេស​វះកាត់ បានធ្វើការ​ស្រាវជ្រាវ​ឧបករណ៍​ខាងលើ​តាំងពី​ឆ្នាំ​១៩៩៤ ដោយមាន​ការគាំទ្រ​រប​ស់​ក្រុមហ៊ុន Organ OX សហការ​នឹង​មហាវិទ្យាល័យ Oxford ។ មកដល់ពេលនេះ ឧបករណ៍​សម្រេចបាន​ជោគជ័យ​ក្នុង​ការរក្សា​ថ្លើម​ឲ្យ​បានល្អ ក៏ដូចជា​វះកាត់ ភ្ជាប់​ថ្លើម​ថ្មី​ឲ្យ​អ្នកជំងឺ​បាន​២​នាក់​ហើយ ។​

​ឧបករណ៍​នេះ​ផ្អែកលើ​យន្តការ​រក្សា​ថ្លើម ឲ្យ​មាន​សកម្មភាព​ធម្មតា ដូច​ក្នុង​សរីរាង្គ​មនុស្ស តាមរយៈ​ប្រព័ន្ធ​ផ្គត់ផ្គង់ ចរាចរ​ឈាម​មួយ​ក៏ដូចជា​ប្រព័ន្ធ​ប្រមាត់ នៅក្រៅ​ជួយ​ឲ្យ​ថ្លើម​មាន​កម្តៅ​ធម្មតា ក្នុង​រង្វង់​២៤​ម៉ោង ឬ​ច្រើន​ជា​នេះ ។​

​គួរ​កត់សម្គាល់ថា មកទល់​បច្ចុប្បន្ននេះ ការ​បង្កក​ថ្លើម​ក្នុង​ទឹកកក​វា​គ្រាន់តែ​ពន្យឺត​ដំណើរការ បំប្លែង​សារធាតុ​មិន​ឲ្យ​ថ្លើម​ខូច​ប៉ុណ្ណោះ ហើយ​ពេលវេលា​ច្រើន​បំផុត​គឺ​ត្រឹមតែ​១៤​ម៉ោង តែប៉ុណ្ណោះ ៕