សារអេឡិចត្រូនិច
ប៊ី​បឺ ត្រូវ​បាន​បណ្តេញចេញ​ពី​សណ្ឋាគារ​?


អ្នកចំរៀង​កា​ណា​វ័យ​១៩​ឆ្នាំ ដែល​បាន​បង្ក​បញ្ហា​ប្រទូសរ៉ាយ​កាលពីពេល​ថ្មីៗ​បន្ទាប់ពី​បាន​ពន្យា​ការសម្តែង​របស់​ខ្លួន​អស់​២​ម៉ោង​នៅ​ក្រុង​ឡុង​ដ៍​និង​បាន​គំរាម​​អ្នក​ថតរូប​ម្នាក់ ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវ​បាន​បណ្តេញចេញ​ពី​សណ្ឋាគា​រ​ល្បី​Hotel Le Meurice នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​បាន​ស្នាក់​នៅ​មួយ​យប់​ដោយសារតែ​អាកប្បកិរិយា​របស់លោក​និង​ក្រុម​អ្នកគាំទ្រ​ដែល​រង់ចាំ​នៅ​ខាងក្រៅ​។​

ពិធីករ​ទូរទស្សន៍​បារាំង​លោក ហ្ស​ង់​-​ម៉ាក់ ម៉ូ​រ៉ង់​ឌី​នី បាន​អះអាង​ថា​អ្នកចំរៀង​រូបនេះ​ត្រូវ​បាន​ស្នើ​អោយ​ចាក​ចេញពី​សណ្ឋាគារ​និង​​បាន​សរសេរ​បង្ហោះ​ក្នុង​វេបសាយ​ផ្ទាល់ខ្លួន​លោកថា​"​ចា​ស្ទីន ប៊ី​បឺ ត្រូវ​បាន​បណ្តេញចេញ​ពី​សណ្ឋាគារ​Meurice Hotel"​។​

"​វា​ជា​ការសំរេចចិត្ត​របស់​អ្នកចាត់ចែង​ការ​របស់​សណ្ឋាគារ​ប្រណិត​នេះ​ដោយសារ​តែ​អាកប្បកិរិយា​របស់លោក និង​ពីព្រោះ​ការ​រំ​​ខាន​បណ្តាលមកពី​អ្នកគាំទ្រ​មក​ជុំវិញ​អាគារ​"​។​

​តែ​អ្នកនាំពាក្យ​របស់​តារាចំរៀង​វ័យក្មេង​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន​MailOnline.com​ថា​វា​ជា​ការសំរេចចិត្ត​របស់​ប៊ឺ​បឺ​ក្នុង​ការចាក​​ចេញពី​សណ្ឋាគារ​នេះ ដោយសារតែ​មាន​អ្នកគាំទ្រ​ច្រើន​ពេល​មក​នៅ​មុខ​សណ្ឋាគារ​។​

​សណ្ឋាគារ​ក៏បាន​និយាយ​ថា​ប៊ី​បឺ​បាន​ចាក​ចេញពី​សណ្ឋាគារ តែ​មិនដឹងថា​ទៅ​សណ្ឋាគារ​ណាមួយ​ទៀត​ទេ​និង​ថា​វា​ជា​ការសំរេចចិត្ត​​របស់​គាត់​ឬ​ក្រុម​របស់​គាត់​ក្នុង​ការចាកចេញ​៕