សារអេឡិចត្រូនិច
អនាគត​មនុស្ស​អាច​នឹង​បង្កើត​ទីជម្រក​លើ​ភព​អង្គារ ឬ​ព្រះ​ចន្ទ បើ​បច្ចេកវិទ្យា​បន្ត​រីកចម្រើន​ឥត​ឈប់​


ប្រសិនបើ​បេសកកម្ម​ណាមួយ​ទៅកាន់​ឋាន​ព្រះ​ចន្ទ ឬ ភព​អង្គារ​បាន​ជោគជ័យ តើ​មនុ​ស្សនឹង​ប្រព្រឹត្ត​បែបណា​នៅពេលដែល​ពួកគេ​មាន​សេរីភាព​ពី​ឥទ្ធិ​ល​របស់​ផែនដី​? អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ប៊ី​ប៊ី​ស៊ី​គឺ​លោក Richard Hollingham បាន​ស្វែងរក​ចម្លើយ​ដូចខាងក្រោម ។​

​លោក​ចូលចិត្ត​រឿង Star Trek ដូច​អ្នក​ដទៃទៀត​ដែរ និង​ប្រហែលជា​ចូលចិត្ត​រឿង​ច្រើន​ទៀត ។ ប៉ុន្តែ​មានរឿង​មួយ​តែងតែ​ធ្វើ​ឲ្យ​រូបលោក​នៅ​មិន​ស្ងៀម : ជីវិត​នៅលើ​យានអវកាស​ទំនង​មើលទៅ​ដូចជា​មាន​ក្តី​រីករាយ​ខ្លាំងណាស់ ប៉ុន្តែ​វិធី​ដែល​យានអវកាស​ទាំងមូល​ត្រូវបាន​ដំណើរការ គឺមាន​ឋានានុក្រម​យ៉ាងសំខាន់ ។ បេសកកម្ម​ដ៏​អង់អាច​របស់​មនុស្ស​ទៅកាន់​ភព​ទាំងនោះ គឺ​ត្រូវបាន​អនុវត្ត​ឡើង​ដោយ​របប​ផ្តាច់ការ​យោធា​មួយ ។ ចំពោះ​ភាពយន្ត​ដំបូង​ដែល​ត្រូវ​អ្នក​ផលិត​របស់​វា​ចាត់ទុក​ថា​ជា "​រថភ្លើង​ក្នុង​ទី​អវកាស​" នោះ មើលទៅ​ភព​ក្នុង​ទី​អវកាស​ពិតជា​ពុំមែន​ជាទី​មាន​សេរីភាព​នោះឡើយ ។​

តើ​នេះ​ពិតជារ​របៀប​ដែល​យើង​ស្វែងរក​ចក្រ​ក្រ​វា​ឡ និង យក​វប្បធម៌​របស់​យើង​ទៅកាន់​ភព​ទាំងនោះ​ឬ​?

​ឥឡូវ​មាន​សំណើរ​ជាច្រើន​សុំ​ឲ្យ​មាន​បេសកកម្ម​ជា​លក្ខណៈ​ឯកជន​ទៅកាន់​ភព​ព្រះ​ចន្ទ​, គម្រោង​បញ្ជូន​គូស្នេហ៍​រៀបការ​រួច​មួយគូ​ទៅកាន់​ភព​អង្គារ និង មហិច្ឆតា​របស់​ទីភ្នាក់ងារ​អវកាស​ដើម្បី​បង្ហោះ​អវកាសយានិក​ចំនួន ៦ នាក់​ចូលទៅក្នុង​ទី​អវកាស​ដ៏​ជ្រៅ​ដើម្បី​ស្វែងរក​ផ្កាយព្រះគ្រោះ ប្រការនេះ​នឹង​លែង​ជា​សំនួរ​បែប​ទ្រឹស្តី​តទៅទៀត​ហើយ ។ ប្រសិនបើ​គម្រោង​មួយ​ឬ​ពីរ​ក្នុងចំណោម​គម្រោង​ខាងលើ​ទទួលបាន​ផ្លែផ្កា ក្នុងពេល​អនាគត​ដ៏​ខ្លី​នេះ មនុស្ស​នឹង​ទៅ​រស់នៅ​ដាច់​ពី​គេឯង​ហួស​ឆ្ងាយ​ពី​ឥទ្ធិពល​របស់​រដ្ឋាភិបាល​នានា​នៅលើ​ផែនដី​ជាមិនខាន ។​

នៅ​ចុង​ឆ្នាំនេះ ស​ន្និសិទ​មួយ​នឹងត្រូវ​ធ្វើឡើង​ក្នុង​ទីក្រុង​ឡុង​ដ៏​ស្តីពី​សេរីភាព​របស់​វត្ថុ​ក្រៅ​ភព ដោយ​សម្លឹង​ទៅ​មើល​សម័យកាល​មួយ នៅពេលដែល​យើង​អាច​នឹង​ឃើញ​ខ្លួនឯង ឬ​កូនៗ​របស់​យើង រស់នៅ​ជា​អាណានិគម​នៅលើ​ភព​អង្គារ និង ភព​ព្រះ​ចន្ទ ឬ ជាប់​នៅលើ​យានអវកាស​មួយ​ដែល​ស្ថិតនៅលើ​ដំណើរ​ផ្លូវ​តែមួយ​ទៅកាន់​ភព​ដ៏​ឆ្ងាយ​មួយ ។ ប្រសិនបើ​បច្ចេកវិទ្យា​អវកាស​នៅតែ​បន្ត​វិវឌ្ឍន៍​ទៅមុខ​រហូត​បែបនេះ នោះ​សហគមន៍​មនុស្ស​នៅ​ឆ្ងាយ​ពី​ភពផែនដី​ប្រហែលជា​នឹង​កើតមានឡើង​ដោយ​ចៀស​មិន​ផុត​ឡើយ ។ ជា​លទ្ធផល  មនុស្ស​បានចាប់ផ្តើម​ពិចារណា​រួចទៅហើយ​ពី​របៀប​បង្កើត​សង្គម​ទាំងនេះ​ឡើង ។​

​បុរស​ដែល​បាន​សរសេរ​សៀវភៅ​ស្តីពី​ការធ្វើ​អាណានិគម​ទី​អវកាស​គឺជា​ស្ថាបនិក និង ជា​ប្រធាន​អង្គការ​អវកាស​មួយ​ឈ្មោះថា Mars Society គឺ​លោក Robert Zubrin ។ សំណើរ​របស់លោក​ដើម្បី​បង្កើត​ទីជម្រក​របស់​ម​នុស្ស​នៅលើ​ភព​អង្គារ​ពិតជា​លំអិត​ខ្លាំងណាស់ មាន​តាំងពី​ការចុះ​ចត​ជា​លើកដំបូង​រហូតដល់​ការបង្កើត​ភព​ក្រហម​នេះ​សម្រាប់​អរិយ្យធម៌​មួយ​ដ៏​រឹងមាំ ។ អង្គការ Mars Society បច្ចុប្បន្ន​កំពុងដំណើរកា​រ​មូលដ្ឋាន​ភព​អង្គារ​ជាច្រើន​នៅលើ​ផែនដី គឺ​ក្នុង​តំបន់​វាល​ខ្សាច់ Utah និង តំបន់​អាកទិច ដើម្បី​បង្កើត​ឲ្យ​ការ​ប្រឈម​ជាច្រើន​សម្រាប់​តទល់​ជាមួយនឹង​មនុស្ស​ភព​អង្គារ ។ ដូច​ការពិសោធន៍​ក្នុងការ​ដាក់​ឲ្យ​នៅ​ឯកា​នូវ​បេសកកម្ម Mars500 របស់​រុស្ស៊ី​និង​អឺរ៉ុប​រួមគ្នា​ក្នុង​ឆ្នាំ ២០១១ ជាទី​ដែល​សមាជិក​អវកាសយានិក​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេឯង​រយៈពេល ៥០០ ថ្ងៃ​ដែរ បេសកកម្ម​ទាំងនេះ​មាន​បញ្ចូល​នូវ​ការពន្យារពេល ១៥ ទៅ ២០ នាទី​រវាង​មូលដ្ឋាន និង មជ្ឈមណ្ឌល​គ្រប់គ្រង ។ លោក Zubrin បាន​និយាយថា ការពិសោធន៍​ទាំងនេះ​បាន​ផ្តល់នូវ​តម្រុយ​ឲ្យ​ពួកគេ​រួចទៅហើយ​អំពី​របៀប​បង្កើត​អរិយធម៌​របស់​មនុស្ស​នៅក្រៅ​ភព ។​

​លោក​បាន​និយាយថា "​រឿង​មួយ​ដែល​យើង​ពិតជា​បាន​រកឃើញ​ជាមួយនឹង​បេសកកម្ម​កម្ម​លើ​ភព​អង្គារ​គំរូ​របស់​យើង​នោះ​គឺថា យើង​មិនអាច​បញ្ជា​អវកាសយានិក​ពី​មណ្ឌល​គ្រប់គ្រង​របស់​យើង​បានឡើយ ។ អវកាសយានិក​ត្រូវតែមាន​មេបញ្ជាការ​ម្នាក់​ដឹកនាំ​" ។ លោក​បន្តថា "​ខ្ញុំ​ជឿថា​វា​នឹងមិន​អាចទៅរួច​នោះទេ​ដើម្បី​គ្រប់គ្រង​មូលដ្ឋាន​នៅ​ភព​អង្គារ​ពី​ភពផែនដី​នោះ ពោលគឺ​ជីវិត​លើ​ភព​អង្គារ​នឹង​ម្ចាស់ការ​ដោយ​ខ្លួនឯង​" ៕