សារអេឡិចត្រូនិច
Samsung បង្ហាញ​ដល់​ពិភពលោក​នូវ​ការច្នៃប្រឌិត​ថ្មី ក្នុង​វេទិកា​អាស៊ី​ដ៏​ធំ​បំផុត


ភ្នំពេញ: ក្រុមហ៊ុន​អេឡិចត្រូនិក Samsung បានបង្ហាញ​នូវ​ការច្នៃប្រឌិត​ថ្មីៗ​ជាច្រើន នៅក្នុង​វេទិកា Samsung 2013 នាទី​ក្រុង​យ៉ា​កាតា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ កន្លងទៅ​។ ព្រឹត្តិការណ៍​ដែលមាន រយៈពេល​បួន​ថ្ងៃ​នៅ​សណ្ឋាគារ Mulia នាទី​ក្រុង​យ៉ា​កាតា ប្រទេស​ឥណ្ឌូនេស៊ី មានការ​ចូលរួម ពី​ពាណិជ្ជករ​ជាង 3,000 នាក់ មកពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ក៏ដូចជា​អ្នកតំណាង​ផ្នែក ផ្សព្វផ្សាយ​មកពី​តំបន់​ផ្សេងៗ​ជាច្រើន​នាក់​រួមទាំង​អ្នកយកព័ត៌មាន 2 នាក់ ពី​ប្រទេស​កម្ពុជា​។​

យោងតាម​ប្រសាសន៍​លោក Gregory Lee នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អេឡិចត្រូនិក Samsung ប្រចាំ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កោះ Oceania និង​កោះ​តៃវ៉ាន់ បាន​ឲ្យ​ដឹងថា  “​អ្នកចូលរួម​ទាំងអស់​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​ក្រុមហ៊ុន ផលិតផល ប្រើប្រាស់ អេឡិចត្រូនិក​លេខ 1 លើ​ពិភពលោក និង​ជា​ម៉ាក​សញ្ញា​លេខ 9 របស់​ពិភពលោក​សម្រាប់​ឆ្នាំ​2013​។

គោលដៅ របស់​យើង​សម្រាប់​ឆ្នាំ​ថ្មី​នេះ គឺ​បង្ហាញ​ដល់​ពិភពលោក​នូវ​លទ្ធភាព​នៃ​ការច្នៃប្រឌិត​ថ្មីៗ​សម្រាប់ អតិថិជន​របស់​យើង ហើយ​វេទិកា Samsung 2013 គឺជា​គោលដៅ​ដ៏​ល្អឥតខ្ចោះ​របស់​យើង​។ អ្នក​ចែកចាយ​បន្ត​របស់​យើង ក៏ដូចជា​បុគ្គលិក​ផ្សព្វផ្សាយ​អាច​ទស្សនា ស្តាប់ ប៉ះ និង​ទទួល អារម្មណ៍​នៃ​ក្តី​ស្រមៃ និង​បច្ចេកវិជ្ជា​នាពេល​អនាគត​នេះ​បាន​” ។ គាត់​ក៏បាន​បញ្ជាក់ថា វេទិកា នេះ គឺជា​វេទិកា​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​ភាព​ច្នៃប្រឌិត​ដែលមាន​ញាណ​ស្វ័យប្រវត្តិ​ជាច្រើន​ឈានមុខ​គេ គឺ​ទូរទស្សន៍ OLED របស់ Samsung ដែល​បាន​បំបែក​រនាំង​ច្នៃប្រឌិត​សម្រាប់​ប្រភេទ​ឧបករណ៍​កម្សាន្ត​តាម​ផ្ទះ ក្លាយជា ទូរទស្សន៍​កញ្ចក់​កោង OLED ដំបូង​គេ​របស់​ពិភពលោក​។ អេក្រង់ OLED មាន​ផ្ទៃ​កោង ដែល ជួយ​ឲ្យ​ការបង្ហាញ​រូបភាព​កាន់តែច្បាស់​ល្អ​។ លើសពីនេះ អតិថិជន​អាច​រីករាយ​ជាមួយ ទូរទស្សន៍​កញ្ចក់​កោង OLED សម្រាប់​ការបង្ហាញ​រូបភាព​ផ្ទៃ​ធំ​ទូលាយ ដែល​បច្ចុប្បន្ននេះ ទូរទស្សន៍​កញ្ចក់​ត្រង់​នៅ​មិនទាន់​អាចធ្វើ​បាន​នៅឡើយ​។

​លោក Gregory Lee នាយក ក្រុមហ៊ុន​អេឡិចត្រូនិក Samsung ប្រចាំ​នៅ​តំបន់​ឥណ្ឌូចិន បាន​បញ្ជាក់ថា “Samsung ប្តេជ្ញា អភិវឌ្ឍ​ទៅលើ​ដំណោះស្រាយ​ទូរទស្សន៍​ប្រកបដោយ​ការច្នៃប្រឌិត ដែល​លើសពី​ការរំពឹងទុក ឬ​ការ​ស្រមៃ​គិត​របស់​អតិថិជន​។ យើង​នឹង​នៅតែ​បន្ត​គោលការណ៍​អភិវឌ្ឍ​ការច្នៃប្រឌិត​ទៅលើ ទូរទស្សន៍ Samsung Smart TV ដោយ​ការបង្ហាញ​នូវ​បច្ចេកវិជ្ជា​ទូរទស្សន៍​ស៊េរី​ថ្មីៗ ដែល​ជួយ បង្កើន​ភាពងាយស្រួល​ដ​ល់​ការរស់នៅ​របស់​អតិថិជន និង​អាច​ល្អ​លើស​ទូរទស្សន៍​កញ្ចក់​កោង OLED ដំបូង​គេ​របស់​ពិភពលោក​នេះ​។

​លោក​បាន​បន្ថែមថា ចក្ខុវិស័យ ដ៏​សាមញ្ញ​របស់ ក្រុមហ៊ុន អេឡិចត្រូនិក Samsung គឺ​តាំងចិត្ត​ផ្តល់ ជូន​នូវ​បច្ចេកវិជ្ជា និង​ទេពកោសល្យ​ល្អ​បំផុត​ដើម្បី បង្កើត​ផលិតផល និង​សេវាកម្ម​គុណភាព​ខ្ពស់​ដែល​អាច​ចែកចាយ​ទៅកាន់​សង្គម​ទូទាំង ពិភពលោក​។ កត្តា​នេះ បាន​ជួយ​កំណត់​នូវ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក Samsung សម្រាប់​ទសវត្សរ៍​ថ្មី​គឺ “​ជំរុញ​ពិភពលោក ដើម្បី​បង្កើត​អនាគត​ថ្មី​”​។​

​ការច្នៃប្រឌិត​មួយ​ផ្សេងទៀត​ដែល​បាន​ទាក់ទាញ​វេទិកា Samsung 2013 គឺ​ម៉ាស៊ីនត្រជាក់ Samsung Smart Series™ ដែល​មិន​ត្រឹមតែ​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​បញ្ជា ថែមទាំង​មាន ប្រព័ន្ធ Wi-Fi ដែល​អាច​ឲ្យ​អតិថិជន គ្រប់គ្រង​ម៉ាស៊ីនត្រជាក់ បាន​យ៉ាង​ល្អ​ជាមួយ​ទូរស័ព្ទ Android™ ឬ Smartphone ឬ Tablet មិន​ថា​ពេល​លោកអ្នក​នៅក្នុង ឬ​ក្រៅ​ផ្ទះ​។ លក្ខណៈ ពិសេស​នៃ​ម៉ាស៊ីនត្រជាក់ Samsung ស៊េរី​ថ្មី គឺមាន​អ្នកជំនាញ​កម្ចាត់​មេរោគ និង​បច្ចេកវិជ្ជា Inverter​ដែល​ជួយ​សន្សំ ក្នុងការ​ប្រើប្រាស់ អគ្គីសនី និង​ផ្តល់នូវ​ខ្យល់​បរិសុទ្ធ​ល្អ​។ ម៉ាស៊ីន ត្រជាក់ Samsung មាន​ជាច្រើន​ស៊េរី​សម្រាប់​ឆ្នាំ 2013 ដែល​ត្រូវបាន​បែង​ចែកជា​ប្រភេទ EcoPlus, Smart Wi-Fi, Double Protect និង Air Purifier​។​

​បន្ថែម​លើ​នេះ នៅក្នុង​វេទិកា​នេះ​ក៏បាន​បង្ហាញ​ដល់​ភ្ញៀវកិត្តិយស​នូវ​ទូទឹកកក Samsung ស៊េរី​ថ្មី ជា​ទូទឹកកក​ត្រជាក់​បំផុត ដែល​ផ្តល់នូវ​ការធានា​រយៈពេល 10 ឆ្នាំ និង​លក្ខណៈពិសេស​អាច ប្រើ ជាប់​ធន់​បានយូរ​បំផុត ជាមួយ​ប្រព័ន្ធ Digital Inverter Compressor ផ្តល់​ថាមពល​ខ្ពស់ ដំណើរការ​ស្ងាត់​ល្អ និង​ត្រជាក់​បំផុត​។

​ទូរ​ទឹកកក Samsung ស៊េរី​ថ្មី TR-38 ផ្តល់ជូន​អតិថិជន នូវ​ការច្នៃប្រឌិត​ល្អ​បំផុត​សម្រាប់​ការរស់នៅ​ដូចជា បង្កើន​ថាមពល យ៉ាង​មាន ប្រសិទ្ធភាព កាត់បន្ថយ​សំឡេង ជាប់​ធន់ និង​រឹងមាំ​គួរ​ជាទី​ទុកចិត្ត​។ វា​មាន​លក្ខណៈពិសេស Easy Slide និង Easy Store Box ដែល​ធំ​ទូលាយ និង​ងាយស្រួល​ផ្ទុក​ម្ហូបអាហារ ហើយ​ថែមទាំង​មាន​តំបន់ Moist Fresh Zone ដែល​អាច​រក្សាទុក​ម្ហូបអាហារ ឲ្យ​នៅ​ស្រស់ៗ បានល្អ ទោះបីជា​ទុក​យូរ​ក៏ ដោយ​។ ហើយ​បច្ចេកវិជ្ជា​ចុងក្រោយ​របស់ Samsung ដូចជា Ice Max, Cool Pack និង Easy Access Dispenser នឹង​នាំមក​នូវ​ភាពងាយស្រួល និង​បំពេញ​តម្រូវ​ចិត្ត​អតិថិជន​នូវ បទពិសោធន៍​ដ៏​សម្បូរបែប​។​

​លោក Em Yuthou ប្រធាន​គ្រប់គ្រង​TIpSar​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ បាន មានប្រសាសន៍ថា “​ទូទឹកកក ម៉ាស៊ីនត្រជាក់ និង​ម៉ាស៊ីន​បោកគក់ Samsung ស៊េរី​ថ្មីៗ បង្កើត ឡើង​ដោយ​ការច្នៃប្រឌិត និង​បច្ចេកវិជ្ជា​ល្អ​ហួស​ពី​ការរំពឹងទុក​ទាំងអស់​នេះ នឹងមាន​លក់​នៅ តាម​ហាង​នានា​ដូចជា ហាង K4, ស៊ុន​ស៊ី​ម៉ិច​កូ​, KTH ផ្លូវ​ម៉ៅ​សេទុង និង​ហាង ឡុង ទ្រី ផ្សារ​សុ​វណ្ណា ក្នុងតម្លៃ​ពិសេស​សម្រាប់​រយៈពេល​មួយខែ​”៕​