សារអេឡិចត្រូនិច
អីុវ៉ាបដិសេធ​ស្នេហ៍​ជា​មួយថៅ​កែក្លិប​កម្សាន្ត


រាជធានីភ្នំពេញ ៖ ថ្មីៗនេះ អីុវ៉ាត្រូវបាន​បណ្តាសារព័ត៌មានចុះ​ផ្សាយជាបន្តបន្ទាប់ អំពីទំនា​ក់ទំនងស្នេហា រវាង​នាងនិង​បុរសពោះ​ម៉ាយអាយុជាង​​៣០​ឆ្នាំ​ប្លាយ​​ម្នាក់ ដែលជាថៅ​កែក្លិបកម្សាន្តដ៏ធំមួយ​​នៅខេត្តសៀម​រាប ហើយព័ត៌មានក៏កាន់​តែល្បីសុសសាយ​ពេញពិភពសិល្បៈ និងមជ្ឈ​ដ្ឋាន​ទូទៅ​​ផង​ដែរ។

ទំនាក់ទំនង​រវាងនាង អីុវ៉ា តារាចម្រៀង​ប្រចាំផលិតកម្ម​សាន់ដេ និងបុរសដែល​ជាថៅកែក្លិប​កម្សាន្តរូប​នេះ ត្រូវបានលាត​ត្រដាងតាម​រយៈ​ទស្សនា​វដី្តដ៏​ល្បី​មួយ បន្ទាប់ពីអ្នកជិត​ស្និទ្ធនឹងភាគី​ខាងប្រុស ប្រាប់ឲ្យដឹង​អំពីទំនាក់ទំនង​រ​បស់នាង ហើយគេ​បានបញ្ជាក់យ៉ាងច្បាស់​ថាអីុវ៉ា និង​ក្រុម​គ្រួសាររបស់​នាងក៏បាន​ទទួល​យកស្នេហានិង​ទទួលស្គាល់ បុរសពោះ​ម៉ាយរូបនេះហើយ​ផងដែរ ប៉ុន្តែមិនទាន់កំណត់​ថ្ងៃរៀបការនៅ​ឡើយទេ។

យ៉ាងណាមិញ​​ទំនាក់ទំនងរវាង​ស្រីស្រស់តារាចម្រៀង​ក្មេងខ្ចីរូបនេះ មិនមែនទើបតែ​កើតឡើងនាពេល​ថ្មីនេះនោះទេ ពោលគឺអ្នក​ទាំងពីរ​បាន​ទាក់ទង និងស្វែង​យល់ចិត្តគ្នា​អស់រយៈពេល​ជាង១ឆ្នាំមកហើយ បន្ទាប់ពី​នាងបានទៅច្រៀង​ក្នុងក្លិបកម្សាន្តនោះ ជាលើក​ដំបូង។ ដែលពេល​នេះអីុវ៉ា និងបុរស​ពោះម៉ាយ​រូបនោះ ក៏កំពុងតែផ្អែម​ល្ហែមជាមួយ​គ្នាថែមទៀតផង។

ជួបជាមួយ​កញ្ញា អីុវ៉ា ផ្ទាល់ នាងបាន​ប្រាប់កោះសន្តិភាព​ឲ្យដឹង ទាំងទឹកមុខអស់​សំណើចថា ចំពោះរឿងនេះនាង​មិនបានដឹងខ្លួន​ទាល់តែសោះ ថានាង​មានទំនាក់ទំនង​ស្នេហាជាមួយ​បុរសពោះម៉ាយ​អ្វីនោះ តែនាងសូម​បញ្ជាក់ថារឿង​នេះដាច់ខាត មិនមែន​ជាការពិត​នោះទេ គឺមានគេ​ចង់បង្ខូច​ឈ្មោះ​​របស់នាង​តែប៉ុណ្ណោះ ចំពោះនា​ងគឺមិនទាន់មាន​គូប្រចាំចិត្ត​នៅឡើយទេ៕