សារអេឡិចត្រូនិច
​បំប៉ន​ស្បែក​ដោយ​ឱសថ​ធម្មជាតិ​


នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានរុក្ខជាតិជាច្រើន មានអត្ថប្រយោជន៍ដល់សុខភាព ហើយងាយស្រួលក្នុងការរក។ ជាក់ស្តែងដូចជារុក្ខជាតិខាងក្រោមអាចជួយអោយស្បែកយើងសបានយ៉ាងងាយស្រួល ៖

១-​ស្លឹក​ត្រចៀកក្រាញ់ៈ​
​មាន​សារធាតុ​ទប់ស្កាត់ រ៉ាឌីកាល់​សេរី ដែល​មាន​ឥទ្ធិពល​ក្នុងការ​បំប៉ន​ស្បែក កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ហើយ​ថែមទាំង​ជួយ​រំញោច​ការបង្កើត សរសៃទឹក​ប្រូតេអ៊ីន និង​អ៊ី​ឡា​ស្ទីន​បានល្អ​ទៀតផង​។​

២-​ប្រទាល​កន្ទុយក្រពើៈ​
​គេ​ច្រើន​តែ​យកមក​ធ្វើ​សមាសធាតុ​ផ្សំ សំខាន់​ក្នុង​ឡេ​បំប៉ន​ស្បែក និង​ផលិតផល​ជំនួយ​សរសៃសក់​ជាច្រើន​ប្រភេទ ដោយសារ​តែ​ប្រទាល​កន្ទុយក្រពើ មាន​គុណសម្បត្តិ​ជួយ​បង្កើន​សំណើម​ដល់​សក់ និង​ស្បែក​បាន​យ៉ាង​ប្រសើរ​។ មិនតែប៉ុណ្ណោះ វា​ថែមទាំង​ជួយ​ជួសជុល​កោសិកា​រំញោច​ការបង្កើត​កោសិកា​ថ្មី បាន​យ៉ាង​ល្អ ទើប​គេ​ច្រើន​ប្រើ​ជំនួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា លុបបំបាត់​ស្នាម​អុជ​ខ្មៅ  ដោយ​នាំ​យកជាតិ​អន្ធិល​ស​ថ្លា​ខាង​ក្នុង​មក​ប្រើ​។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ជ័រ​នៅ​សម្បក ដែល​វា​អាច​បង្ក​ឲ្យ​ក្រហាយ និង​ប្រតិកម្ម​ស្បែក​។​

៣-​អម្ពិល​ទុំៈ​
​មាន​ឥទ្ធិពល​ជា​អាស៊ីដ​ខ្សោយ ទើប​វា​អាច​លាងជម្រះ​វត្ថុ​កខ្វក់​ចេញពី​ស្បែក​បាន​យ៉ាង​ល្អ​។ វា​មាន​គុណសម្បត្តិ​ក្នុងការ​បំប៉ន​ស្បែក ធ្វើឲ្យ​ស្បែកស និង​ផូរផង់​។ ដូច្នេះហើយ​បានជា​គេ​និយម​យក​មក​ចម្រាញ់​ធ្វើជា​សារធាតុ AHA ឬ BHA ដើម្បី​ប្រើ​ក្នុង​គ្រឿងសម្អាង​ច្រើន​ប្រភេទ​។ ក្រៅពីនេះ អម្ពិល​ទុំ ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ភាព​គ្រើម​គគ្រាត​នៃ​ស្បែក​បាន​ទៀតផង​។ ស្ត្រី​សម័យបុរាណ និយម​យក​អម្ពិល​ទុំ មក​ខាត់​ស្បែក ត្រង់​កន្លែង​ខ្មៅៗ ដើម្បី​ឲ្យ​ស្បែកស​ភ្លឺ​ថ្លា​។​

៤-​ល្មៀត (រមៀត):​
​មាន​សារធាតុ ឃើ​ឃូមីន ដែលមាន​ឥទ្ធិពល​ទប់ស្កាត់​ការរីក​ធំធាត់​នៃ​បាក់តេរី និង​មេរោគ ផ្សិត​ជា​ច្រើន​ប្រភេទ​ទៀត​។ សម័យមុន គេ​និយម​យក​ល្មៀត មក​ខាត់​លាប​ស្បែក ដើម្បី​ឲ្យ​ស្បែក​មាន​ពណ៌​លឿង​មាស ដែល​មិន​គ្រាន់តែ​ជួយ​ឲ្យ​ស្បែក​មាន​សម្រស់​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជំនួយ​ស្បែក និង​ជួយ​សម្លាប់​មេរោគ​ប្រភេទ​ខ្លះ​ដែល​ធ្វើឲ្យ​កើតរោគ​សើ​ស្បែក​បាន​ទៀត​ផង​៕​