សារអេឡិចត្រូនិច
តារា​៥ដួង​កំពុង​លេច​ធ្លោ​ក្នុង​អាជីព


​តារា​ចម្រៀង និង​សម្តែង​ប្រុស​-​ស្រី​៥​ដួង​ គឺនាង​សារ៉ាយ​ សក្ខ​ណា​, នាង​សូដា នី​តា,  ឱ​ក សុគន្ធ​កញ្ញា,  សុគន្ធ និសា និង​ខេមរៈ​សិរី​មន្ត កំពុង​តែ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភាព​លេច​ធ្លោ​​នៅ​ក្នុង​អាជីព​​សិល្បៈ​នា​ឆ្នាំ​២០១៣​ បន្ទាប់​ពី​តារា​ទាំង​​នេះ​បាន​ស្រូប​យក​តំណែង​ជា​តារា​សម្តែង​-ច្រៀង​ និង​ជា​ពិធី​ការិនី​ស្ទើរ​មិន​ដាច់​រយៈ និង​កក្រើក​វេទិកា​។

   សារ៉ាយ សក្ខណា កំពុង​ជោគ​ជ័យ​ក្នុង​អាជីព​សម្តែង​ខ្សែ​ភាព​យន្ត​
បើ​និយាយ​ពី​តារា​សម្តែង​ខ្មៅ​ស្រអែម​ស្រស់​នាង​​ សារ៉ាយ​ សក្ខណា គឺ​គ្មាន​នរ​ណា​ម្នាក់​មិន​ដឹង​នោះ​ទេ​ថា នាង​កំពុង​តែ​ឆក់​យក​ប្រជា​ប្រិយ​ភាព​ដ៏​លើស​លប់​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ បន្ទាប់​ពី​នាង​មាន​វត្ត​មាន​ស្ទើរ​គ្រប់​រឿង​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​ដាក់​​បញ្ចាំង​តាម​រោង​​កុន​ និង​តាម​ទូរ​ទស្សន៍​ ។ ដោយ​សារ​តែ​ទេព​កោ​សល្យ​សម្តែង​ដ៏​ល្អ​​របស់​នាង​ គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​ម្ចាស់​​ផលិត​កម្ម​​នានា​​មិន​អាច​មើល​រំលង​ ​ទោះ​បី​ជា​តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​រឿង​ជា​បន្ត​បន្ទាប់​ទៅ​ហើយ​ក្តី​ ។

បច្ចុប្បន្ន​តារា​សម្តែង​ដែល​មាន​ប្រភព​ពី​ការ​ប្រឡង​ក្នុង​កម្ម​វិធី​ Freshie girl ជំនាន់​ទី​៥​រូប​នេះ​បាន​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​រឿង«​ស្នេហ៍​ក្លែង​ក្លាយ»​ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ My TV និង​រឿង«​កូន​ក្រមុំ​​ស្រុក​ស្រែ​» ចាក់​ផ្សាយ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ព័ត៌​មាន​ ខណៈ​ពេលដែល​រូប​នាង​ក៏​កំពុង​តែ​ត្រៀម​ខ្លួន​​ថត​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ រឿង«​កុមារី​២៥​ឆ្នាំ​» វគ្គ​២​​បន្ត​ទៀត​នោះ។ ទន្ទឹម​នឹង​ការ​សម្តែង​រឿង​មិន​ដាច់​​រយៈ សារ៉ាយ សក្ខណា ក៏​មាន​តួ​នាទី​ជា​ពិធី​ការិនី​ម្នាក់​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​ហង្ស​មាស​ផងដែរ​ក្នុង​កម្ម​វិធី​ផ្សាយ​ផ្ទាល់​តន្ត្រី​លើ​ទឹក​ និង​កម្ម​វិធី​រាត្រី​ស៊ុន​សីុ​មិុច​កូ និង​ការ​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ផ្សាយ​ពាណិជ្ជ​កម្ម​ផ្សេងៗ​ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​នាង​ក៏​ជា​សមា​ជិក​ម្នាក់​ក្នុង​ក្រុម​បង្ហាញ​ម៉ូដ​ Cambodia Super Model របស់​នាង​ឌួង​ ហ្សូរី​ដា​ ផង​ដែរ​ ។ ​

   សូដា​ នីតា បរា​ជ័យ​ស្នេហា​ ប៉ុន្តែ​ជោគ​ជ័យ​ក្នុង​អាជីព​ថ្មី
​តារា​សម្តែង​ និង​ច្រៀង​រាង​ខ្ពស់​ស្រឡះ​សាច់​ស​រលោង​ នាង​សូដា នី​តា ក៏​បង្ហាញ​ភាព​លេច​ធ្លោ​ក្នុង​អាជីព​សិល្បៈ​​នា​ឆ្នាំ​២០១៣នេះ​ផង​ដែរ គឺ​​ក្រោយ​ពេល​ដែល​នាង​បាន​សម្រេច​ចិត្ត​វិល​មក​រក​អាជីព​សិល្បៈ​ជា​ថ្មី​នោះ ​ការ​ងារ​សិល្បៈ​របស់​នាង​​បាន​បោះ​ជំហាន​ឈាន​​ឡើង​ជា​លំដាប់​​ ។ អតីត​តារា​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​ KH Promotion រូប​នេះ ​បាន​រើ​ខ្លួន​ឡើង​វិញ​ក្នុង​វិថី​សិល្បៈ បន្ទាប់​ពី​ស្ងប់​ស្ងាត់​​ដោយ​សម្ងំ​លាក់​ខ្លួន​​រស់​នៅ​បរទេស​ ក្រោយ​ភ្ជាប់​​និស្ស័យ​ស្នេហ៍​ឆ្លង​សមុទ្រ​ជាមួយ​បុរស​អាណិក​ជន​​ខ្មែរ​នៅ​​ក្នុង​ប្រទេស​ប៊ែល​ហ្ស៊ិក​ ។

​សូម​បញ្ជាក់​ថា ក្រោយ​ពី​ស្នេហា​ឆ្លង​សមុទ្រ​របស់​នាង​សូដា នីតា បាន​ដាច់​ដោច​ទៅ​វិញ​នោះ តារា​ស្រី​រូប​នេះ​បាន​វិល​មក​កាន់​សង្វៀន​​សិល្បៈ​ជា​ថ្មី​ម្តង​ទៀត​ ក្នុង​វត្ត​មាន​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​ CTN ។ មិន​យូរ​បុ៉ន្មាន​នាង​ក៏​បាន​ហក់​​ចូល​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​បន្ត​ទៀត​ ខ្សែ​រឿង​ដែល​នាង​កំពុង​តែ​ដំណើរ​ការ​ថត​នោះ​ គឺ​រឿង​«ភ្លើង​ព្យាបាទ»​ដែល​ផលិត​​ឡើង​ដោយ​ស្ថានីយ​​ទូរ​ទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​ ក្នុង​វត្ត​មាន​ជា​តួ​ឯក​ស្រី​ជាមួយ​តួ​ឯក​ប្រុស លោក​សុវណ្ណ​មករា ខណៈ​ពេល​រូប​នាង​ក៏​បាន​ទទួល​តំណែង​ជា​ពិធី​ការិនី​ក្នុង​កម្ម​វិធី​ផ្សាយ​ផ្ទាល់​តន្ត្រី​ទេស​ចរណ៍​​របស់​ក្រុម​ហ៊ុន​ស្រា​បៀរ​​អង្គរ​​ ។ ក្នុង​វត្ត​មាន​សម្តែង​ និង​ជា​ពិធី​ការិនី​ស្ទើរ​មិនដ​ាច់​រយៈ​​នាង​ក៏​ជា​សមា​ជិក​ម្នាក់​​ដែល​មិន​អាច​​ខ្វះ​បាន​ក្នុង​ក្រុម​​បង្ហាញ​ម៉ូ​ Cambodia Super Model៕

   ឱក សុគន្ធ​កញ្ញា​ នៅ​តែ​ជា​តារា​ចម្រៀង​​ឆ្នើម​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្ស​មាស
ជា​ការ​ពិត​ណាស់​ទោះ​បី​ជា​​​មាន​តារា​ចម្រៀង​ប្រុស​ស្រី​ជា​ច្រើន​នាក់​ ប្តូរ​ទ្រនំ​​មក​រស់​នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស​ជាមួយ​នឹង​ឱក​ សុគន្ធ​កញ្ញា​ ដែល​ជា​តារា​ចម្រៀង​ដ៏​ឆ្នើម​ប្រចាំ​ផលិត​កម្ម​នេះ​ក៏​ពិត​មែន​ តែ​តារា​ចម្រៀង​ទាំង​នោះ​ពុំ​មែន​ជា​ឧប​សគ្គ​ និង​ជា​ដៃ​គូ​​របស់​នាង​ឡើយ ។ ជាង​នេះ​ទៅ​ទៀត​​ នាង​បែរ​ជា​លេច​ធ្លោ​ជាង​គេ​កាន់​តែ​ខ្លាំង​​ទៅ​វិញ​ បន្ទាប់​ពី​បទ​ចម្រៀង​មួយ​អាល់​ប៊ុម​តែ​ម្នាក់​ឯង​របស់​នាង​​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​​រួច​មក​ ដែល​បទ​ទាំង​នោះ​​មាន​ដូច​ជា​បទ«​ក្មេង​ល្ងង់​របស់បង​» «បើ​យើង​ក្លាយ​ជា​អ្នក​ដទៃ​ »​«នៅ​សុខៗ​ស្រាប់​តែ​មាន​អារម្មណ៍​ចង់​យំ» « គ្មាន​អ្នក​ណា​ល្អ​ជាង​សង្សារ​ខ្ញុំ​» និង​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ ។

លើស​ពី​នេះ​ទៀតគេ​សម្គាល់​ឃើញ​ថា គ្រប់​បទ​ចម្រៀង​របស់​នាង​​សុទ្ធ​តែ​ត្រូវ​បាន​ទស្ស​និក​ជន​គាំ​ទ្រ​សឹង​តែ​ទាំង​អស់​ ​មិន​ថា​តែ​នាង​ទៅ​ច្រៀង​​នៅ​ទី​កន្លែង​ណា​នោះ​ទេ គឺ​តែង​តែ​​មាន​អ្នក​គាំ​ទ្រ​តាម​នាង​ជាប់​ជានិច្ច​ ហើយ​មក​ដល់​បច្ចុប្បន្ន​​​​នាង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កំពូល​តារា​ចម្រៀង​​ឆ្នើម​ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​យើង​ផង​ដែរ​ ។ អ្វី​ដែល​ពិសេស​ជាង​​​នេះ​ គឺនាង​មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ឆ្នើម​ប៉ុណ្ណោះ​​ទេ ​​ក៏​ជា​តារា​សម្តែង​ម្នាក់​​ប្រសប់​ប្រើ​ទឹក​មុខ​ ​មាន​ទេព​កោសល្យ​ខ្ពស់​​ ។

   សុគន្ធ​ និសា កាន់​តែ​ស្អាត​កាន់តែ​ល្បី​​នៅ​ផលិត​កម្ម​ថោន​
សុគន្ធ​ និសា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តារា​ចម្រៀង​​ស្រី​ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​គួរ​ឱ្យ​ទាក់​ទាញ​ ទោះ​បី​ជា​នាង​ធ្លាប់​មាន​ប្រវត្តិ​ស្នេហា​​ប្រេះ​ឆាជាមួយ​កវី​និពន្ធ​ សុខ ជំនោរ​ ដែល​បានរ​ួម​រស់​ជាមួយ​គ្នា​អស់​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ តែ​គេ​មើល​ឃើញ​ថា ការ​ប្រេះ​ឆា​រវាង​សុគន្ធ​ និសា និង​អ្នក​កវី​រូប​នេះ​មិន​បាន​ធ្វើ​ឱ្យ​នាង​ដេក​ឱ​ប​ទុក្ខ​រហូត​ដល​់​ស្គម​ខ្លួន​ប្រាណ​ បាក់​រូប​​បាក់​ឆោម​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នាង​បែរ​ជា​មាន​រូប​សម្ផស្ស​​ស្រស់​ស្អាត​លើស​ពី​មុន​ទៀត​ ដែល​ធ្វើ​ឱ្យ​ទស្សនិក​​ជនសរ​សើរ​នាង​មិន​ដាច់​ពី​មាត់​ទៅ​វិញ។

ជាង​នោះ​ទៅ​ទៀត​​គេ​​ឃើញ​ថា ចាប់តាំង​ពី​នាង​ចាក​ចេញ​ពី​ផលិត​កម្ម​​រស្មី​ហង្ស​មាស​ ហើយ​បាន​ហក់​ចូល​ផលិត​កម្ម​ថោន​ជាង​មួយ​ឆ្នាំ​​មកនេះ​ នាង​ក៏​កាន់​តែ​ល្បី​ខ្លាំង​នៅ​ក្នុង​វិស័យ​សិល្បៈ​របស់​នាងដែរ។​ គ្រប់​បទ​ចម្រៀង​របស់​នាង​ដែល​​បាន​ដាក់​​​នៅ​លើទី​ផ្សារ​ គឺ​ជា​ការ​ពេញ​និយម​​បំផុត​សម្រាប់​មិត្ត​យុវ​វ័យ ​ហើយបទ​ចម្រៀង​ដែលទាក់​ទាញ​របស់​នាង​ ​មាន​ដូច​ជា​ ឈប់​មាន​សង្សារ​ទើប​ឈប់​ខូច​ចិត្ត​, បែក​ពី​អូន​កុំ​ភ្លេច​លេប​ថ្នាំ​ផង,​ ពិភព​លោក​​នេះ​ប្រុស​​ស្មោះ​មាន​តិច​ខ្លាំង​ម្ល៉េះ,​ មាន​តែ​បបួល​ទៅ​ស្បថ,​ ការ​ងារ​មួយ​បន្ទាប់​ពី​ឈឺ​ចាប់​ និង​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ ហើយ​បទ​ចម្រៀង​ទាំង​នោះ​កំពុង​តែ​ពេញ​និយម​បំផុត​សម្រាប់​ស្រទាប់​យុវ​វ័យ​ផង​ដែរ​ ។

   ខេមរៈ សិរី​មន្ត​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ បន្ទាប់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​
បន្ទាប់ពី​ជួប​នូវ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រួច​មក​ លោក​ខេមរៈ សិរី​មន្ត​ ក៏​កាន់​តែ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​កាន់​តែ​ខ្លាំង​ទាំង​នៅ​ក្រៅ និង​ក្នុង​ប្រទេស​ ។ រហូតដល់​មាន​​ទស្សនិក​ជន​ខ្លះ​នៅ​ពេល​ដែល​ដឹង​ថា លោក​ខេមរៈ​ សិរី​មន្ត​ រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏​នាំ​គ្នា​សើច​សប្បាយ​​ និង​មាន​អ្នក​ខ្លះ​ទៅ​បែ​បន់​កុំ​ឱ្យ​លោក​សិរី​មន្ត​ជួប​គ្រោះ​ថ្នាក់​បែប​នេះ​​តទៅ​​ទៀត​ ។

លើស​ពី​នេះ​​​នៅ​ថ្ងៃ​កើត​ហេតុ​ មាន​អ្នកគាំ​ទ្រ​លោក​សិរី​មន្ត​​​បាន​រន្ធត់​ចិត្ត​​រហូត​ដល់​នាំ​គ្នា​យំ​គ្រប់​គ្នា​ និង​បែបន់​​សុំ​ឱ្យ​ទេវតា​ជួយ​ថែ​រក្សា​អាយុ​ជីវិត​លោក​ខេម​រៈ សិរី​មន្ត​ ថែម​ទៀត​ផង​ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​​ពី​បុគ្គលិក​បម្រើ​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​នានា ។

សូម​បញ្ជាក់​ថា លោក​ខេមរៈ សិរី​មន្ត​ គឺ​ជា​តារា​​ចម្រៀង​មាន​ប្រជា​ប្រិយ​ភាព​ខ្ពស់​មួយ​រូប​សម្រាប់​អ្នក​ដែល​​តាម​ដាន​សកម្ម​ភាព​​តារា​ចម្រៀង​ និង​ស្នេហា​បទ​ចម្រៀង​ ព្រោះ​តែ​លោក​មាន​​សំឡេង​ពីរោះ​អាច​​ច្រៀង​ទាំង​បទ​កន្ទ្រឹម​ បទ​រ៉េប​ បទ​មនោ​សញ្ចេតនា​ បទ​ញាក់​កន្ត្រាក់​អារម្មណ៍​បាន​យ៉ាង​ល្អ​ ហើយ​មិន​ឆាប​់​សាំ​នោះ​ទេ ។ ថ្មីៗ​នេះ​ផលិត​កម្ម​សាន់​ដេ ក៏​បាន​​និពន្ធ​បទ​ចម្រៀង​​មួយ​វ៉ុល​ទុក​ជូន​លោក​ខេមរៈ សិរី​មន្ត​ និង​ខេមរៈ ស្រី​ពៅ​ ច្រៀង​ពីរ​នាក់​ផង​ដែរ​ ។

បទ​របស់​លោក​ខេមរៈ សិរី​មន្ត​ ​ច្រៀង​មាន​ដូចជា «ជាតិ​នេះ​ស្រឡាញ់​តែ​អូន» «សារភាព​ស្នេហ៍​នៅ​បន្ទាយ​មាន​ជ័យ​» «ស្រឡាញ់​ពេក​ទើប​ទឹក​ភ្នែក​ហូរ» «សប្បាយ​ចិត្ត​ណាស់​បើ​បាន​រៀប​ការ​» «មនុស្ស​សំណព្វ​» និង​ «BOOM» ហើយ​បទ​ទាំង​នេះ​ក៏​កំពុង​តែ​ពេញ​និយម​បំផុត​​សម្រាប់​មិត្ត​យុវ​វ័យ​ដែល​និយម​ចូល​ចិត្ត​លោក​ខេមរៈ សិរី​មន្ត​ ៕