សារអេឡិចត្រូនិច
នាង មី​ឆែ​ល យ៉េ​វ ប្រកាស​គម្រោង​រៀបការ


​នេះ​គឺជា​ដំណឹង​ល្អ​ពីរ​ផ្ទួនគ្នា​សម្រាប់​តារា​សម្តែង​អន្តរជាតិ នាង មី​ឆែ​ល យ៉េ​វ ។ បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​តារា​ឆ្នើម​ដាច់​គេ​ក្នុង​ភាពយន្ត​អាស៊ី "Excellence in Asian Cinema Award" នៅ​ពិធី​ប្រគល់​ពានរង្វាន់​ភាពយន្ត​អាស៊ី​លើក​ទី ៧ ក្នុង​ទីក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃ​ចន្ទ នាង​មី​ឆែ​ល​បានធ្វើ​ឲ្យ​ភាពជោគជ័យ​របស់​នាង​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​មួយកំរិត​ទៀត​ដោយ​ប្រកាសថា នាង​នឹង​ព្យាយាម​រៀបការ​ជាមួយនឹង​ប្រធាន​ក្រុមហ៊ុន FIA លោក ហ្ស​ង់ ថូដ នៅ​ឆ្នាំនេះ បន្ទាប់ពី​ទាក់ទង​គ្នា​អស់ ៨ ឆ្នាំ ។​

​តារាភាពយន្ត​ស្រី​ដែល​នឹង​ឈានចូល​វ័យ ៥០ ឆ្នាំ​ក្នុង​ខែសីហា​ខាងមុខនេះ បាន​បន្តថា នាង​កំពុងតែ​ជ្រើសរើស​កាលបរិច្ឆេទ​រៀប​ការ និង​ទីតាំង​សម្រាប់​ថ្ងៃ​រៀបការ​របស់​នាង ហើយ​សង្ឃឹមថានឹង​រៀបចំ​ពិធីមង្គលការ​ក្នុងប្រទេស​កំណើត​ម៉ាឡេស៊ី​របស់​នាង​ដើម្បី​ឲ្យ​ឪពុក​នាង​បាន​ធ្វើជា​សាក្សី​ចំពោះ​អាពាហ៍ពិពាហ៍​នេះ ។ នាង​ក៏បាន​បង្ហាញ​ពី​បំណងប្រាថ្នា​ក្នុងការ​ស្វែងរក​ទីកន្លែង​សក្តិសម​មួយ​ដើម្បី​រៀបចំ​ពិធី​ដ៏​ធំ​មួយ​សម្រាប់​មិត្តភក្តិ​របស់​នាង​ផងដែរ ។​

​បន្ថែម​ពីលើ​នេះ នាង​មី​ឆែ​ល​បាន​ប្រាប់​ឲ្យ​ដឹង​ដោយ​ក្តី​រីករាយ​ថា អនាគត​ប្តី​របស់​នាង​បាន​សុំ​នាង​រៀបការ​រៀងរាល់ថ្ងៃ ។ ទោះបី​គូស្នេហ៍​មួយ​នេះ​ស្រឡាញ់​កូន ប៉ុន្តែ​ពួកគេ​បាន​សម្រេចចិត្ត​បណ្តែតបណ្តោយ​តាម​ធម្មជាតិ បន្ទាប់ពី​ការប៉ុនប៉ង​យក​កូន​តាមរយៈ​ការ​ផ្សាំ​ស៊ុត​ជាមួយ​ស្ពែ​ម​ទទួល​បរាជ័យ​កាលពី​គ្រា​មុន​របស់​ពួកគេ ។​

​តារា​ស្រី​រូបនេះ​ក៏បាន​ថ្លែង​ដែរ​ថា នាង​នឹង​ពិចារណា​សម្តែង​ភាពយន្ត​ទាល់តែ​សាច់រឿង​នោះ​ល្អ ដើម្បី​ឆ្លើយតប​ទៅកាន់​របាយការណ៍​មុនៗ​អំពី​រឿង​ដែល​ពុំទាន់​បាន​ថត​របស់ លោក អាង លី ដែលមាន​ចំណងជើង​ថា "​ខ្លាក្រាប នាគ​លាក់ខ្លួន​" ៕