សារអេឡិចត្រូនិច
រមណីយដ្ឋាន ភ្នំប្រសិទ្ធិ


ភ្នំប្រសិទ្ធិស្ថិតនៅមួយ​ចំណែកក្នុងឃុំម្កាក់ ស្រុកអង្គស្នួល និងមួយចំណែកទៀតក្នុងឃុំឈ្វាំង ស្រុកពញាឭ ។ ដើម្បី ទៅដល់ទីនោះ អ្នកទេសចរត្រូវធ្វើដំណើរ​តាមផ្លូវជាតិលេខ ៥ លុះដល់ គ.ម លេខ ៣៨ ជិតដល់ផ្សារ ឧត្តុង​មាន​ផ្លូវលេខ ២៦ បែកចូលទៅខាងឆ្វេងដៃ ។ ចូលទៅដល់ផ្លូវនេះអស់​ចំងាយ ១៦ គ.ម ទៀតទើបត្រូវ បត់ចូលតាម ផ្លូវលំមួយនៅខាងឆ្វេងដៃ ។ បន្តទៅទៀត ទើបដល់ភ្នំនេះ ។

សព្វថ្ងៃ អ្នកទេសចរពុំនិយម​ទៅតាម​ផ្លូវនេះទេព្រោះ ផ្លូវលេខ ២៦ ផ្លូវខណ្ឌខេត្តកណ្តាល និងខេត្តកំពង់ស្ពឺមិនសូវល្អ ។ ផ្លូវដែលគេនិយម គឺទៅតាមផ្លូវជាតិលេខ ៥ ដដែល តែដល់ចំណុចផ្សារព្រែកព្នៅ គ.ម លេខ ១១ មានផ្លូវបំបែក ចូលខាងឆ្វេងដៃ ចំងាយ ១៣ គ.ម ។ សរុប​ចំងាយផ្លូវពីភ្នំពេញ​ទៅភ្នំប្រសិទ្ធិគឺ ២៤ គ.ម បើគិតពីតាខ្មៅគឺ ៣៥ គ.ម ។ ទៅអនាគតប្រសិនបើផ្លូវលេខ ២៦ និង ផ្លូវលំបន្តចូល​ភ្នំ​ប្រសិទិ្ធ​​មាន​ភាពល្អប្រសើរ​ភ្ញៀវទេសចរ​អាច​ធ្ធើចរាចរព័ទ្ធ ជុំវិញបាន ដោយចូលកំសាន្ត​នៅភ្នំប្រសិទិ្ធជាដំបូង រួចចេញតាមផ្លូវលំ និង ផ្លូវលេខ ២៦ ហើយទៅកំសាន្ត នៅភ្នំ ឧត្តុង ជាបន្ទាប់ ឬ ក៏ផ្ទុយទៅវិញអាចទស្សនា ភ្នំអរស្សជាបឋម ហើយធ្វើដំណើរច្រាសទិសវិញក៏បាន ។

បើគេ​និយាយពីភ្នំប្រសិទិ្ធ គឺទាក់ទងរវាងភ្នំទាំងពីរ​ដែលនៅទន្ទឹមគ្នាខណ្ឌដោយជ្រលង​ភ្នំនៅខេត្តកណ្តាល និងម្ខាង ទៀតនៅខេត្តកំពង់ស្ពឺ ។ ក្នុងចំនោម​ភ្នំទាំងពីរនោះ ភ្នំខាងលិចពុំសូវមានប្រវត្តិរឿងទេ ។ ចំណែកឯភ្នំខាងកើតវិញ គឺមានរឿងរ៉ាវទាក់ទងទៅនឹងប្រវត្តិសាស្រ្ត​ក្នុងរឿងសាសនា ដែលមានរូបសំណាក​ព្រះចូលនិព្វានមួយយ៉ាងធំ និង រឿងរ៉ាវទាក់ទងនឹងពង្សាវ​តាប្រវត្តិស្តេចខ្មែរ ។

នៅភ្នំប្រសិទិ្ធនេះ ក៏នៅសល់មានប្រាសាទ​​បុរាណមួយមុនសម័យ អង្គរដែរ ។ ភ្នំប្រសិទ្ធិបច្ចុប្បន្ននេះ ពុំសូវមានដើម ឈើធំ ៗទេ​ហើយ​ផែនការកែលំអរ​រមណីយដ្ឋាន​ក៏មិនទាន់មានដែរ ។ ចំណែកឯភ្ញៀវទេសចរ​បច្ចុប្បន្ននេះ ក៏គេពុំ សូវទៅលេង​តំបន់នោះដែរ ព្រោះការរៀបចំការគ្រប់គ្រងពុំបានល្អ ។ ប៉ុន្តែទោះបីជា​យ៉ាង​ណា​ក៏ដោយ​​​តំបន់រមណីយ ដ្ឋាននេះនៅ​មានទេសភាពល្អ និង ប្រកបដោយខ្យល់អាកាស​បរិសុទ្ធជាវត្ថុមួយ​ដែលជាគួររីករាយ ។ នៅចំងាយ ប្រមាណ ១ គ.ម ពីភ្នំប្រសិទិ្ធ មានរមណីយដ្ឋានកែច្នៃមូយ​ទៀត​មានឈ្មោះថាភ្នំរាប ឬ ប្រាសាទវិហារសួគ៌ដែល កសាងនៅឆ្នាំ ១៩៩៦-១៩៩៨ ធ្វើអំពីថ្ម និង ស៊ីម៉ងតិ៍ ដែលផ្តួចផ្តើម​ដោយលោក រស់ សារិន បានប្រមូលថវិកា ពីសប្បុរសជនក្នុង និង ក្រៅប្រទេសសំរាប់​កសាងចំនួន ១លានដុល្លាសហរដ្ឋអាមេរិច តាមរចនាបទអង្គរ (គេនិយម ហៅថាសំណង់ អង្គរវត្តថ្មី) ។ បច្ចុប្បន្ន ប្រាសាទវិហារសួគ៌​ត្រូវបានទេសចរជាតិ និង អន្តរជាតិ​​ទៅទស្សនា​កម្សាន្ត ជាច្រើន ជាពិសេសការថត​រឿងបុរាណខ្មែរ ៕

(ដោយ៖ TR)

(យោង៖ ត.ទ.ក កែវ ភួង)