សារអេឡិចត្រូនិច
រមណីយដ្ឋាន កោះដាច់ និងកោះឧកញ្ញ៉ាតី


កោះដាច់ជាមជ្ឈមណ្ឌលសិប្បកម្ម ដែលស្ថិតនៅ ឃុំកោះដាច់ ស្រុកមុខកំពូល មានទីតាំងនៅកណ្តាល​ដងទន្លេ មេគង្គ បណ្តោយប្រវែង ១២ គ.ម និងទទឹងពី ១០០ ទៅ ២៥០០ម៉ែត្រ ។ ខាងកើតជាប់នឹងឃុំព្រែកលួង និង ឃុំឧកញ្ញាតី ស្រុកខ្សាច់កណ្តាល ខាងលិច​ទន្ទឹមនិងឃុំព្រែកលាប និង ឃុំបាខែង ស្រុកមុខកមពូល ។

ឃុំកោះដាច់ រូមមាន​ភូមិ ៥ គឺ ភូមិកោះដាច់ ភូមិក្បាលកោះ ភូមិល្វា ភូមិចុងកោះ ភូមិឧកញ្ញាតី ។ សាលាឃុំកោះ ដាច់ មានទីតាំងស្ថិតនៅក្នុងភូមិ ក្បាលកោះ ។ ដោយសារ ទឹកជំនន់ទន្លេមេគង្គ ដែលហូរពី​ទន្លេមេគង្គលើ​ទៅ ទន្លេមេគង្គ ក្រោម សំដៅទៅប្រទេស​វៀតណាម បានធ្វើឲតំបន់ក្បាល​កោះនេះចេះតែ​បាក់បន្តិចម្តងៗ ។ មុខរបរ សំខាន់ៗរបស់ ប្រជាជនក្នុងតំបន់នោះមានៈ ការដាំអនុផល ពោត ល្ង សណ្តែក ចេក និង ការដាំដំណាំហូបផ្លែ ។ ក្រៅពីនេះ គឺ សិប្បកម្មត្បាញមុង សារ៉ុងសូត្រ ផាមួង ហូលក្រម៉ាសូត្រ និងជំនួញជួញដូរតូចតាច ។ ធនធាន វប្បធម៌ ក្នុងឃុំ មានវត្ត ៣ គឺវត្តអម្ពរផល វត្តក្រពុំពេជ្រ វត្តសាមគ្គីក្បាលកោះ ។

ប្រពៃណីសំខាន់ដ៏គួឲ្យ​ចាប់អារម្មណ៍​តាំងពីយូរលង់របស់ប្រជាជន គឺជាសិប្បកម្មដែលជាកេរ្តិ៍​ដំណែលរបស់ខ្មែរ ។ នៅគ្រប់លំនៅដ្ឋាន​របស់ប្រជាជន មានកីតម្បាញរៀងៗខ្លួនទៅ​តាមធនធានរបស់គ្រួសារនីមួយៗ ។ ក្រៅពីនេះ នៅមានការរៀចំបង្កើត​ជាការប្រណាំងទូកងរ​នៅក្នុងពីធីបុណ្យសាសនា​របស់ខ្មែរទៀតផង ។ នៅក្នុងឃុំមាន​ទូកងរ បុរស និង នារី ដែលក្នុងនោះវត្តអម្ពរ​ផលមានទូកពីរគឺ ទូកអ៊ុំបុរស និង ទូកចែវបុរសវត្តសាមគ្គី​ក្បាលកោះ​មានទូក ពីរគឺ ទូកចែវបុរសមួយ និង ទូកអ៊ុំបុរសមួយ វត្តក្រពុំពេជ្រមានទូកពីរគឺ ទូកចែវបុរសមួយ និង ទូកចែវនារីមួយ ។

ផ្អែកតាមលក្ខណៈ​សម្បត្តិរបស់កោះដាច់ ដែលមានធនធានធម្មជាតិ និងប្រពៃណីដ៏ល្អនោះ​ទៅថ្ងៃអនាគតបើសិន ប្រទេសជាតិយើង មានស្ថេរភាពនយោបាយសេដ្ឋកិច្ច និងសន្តិសុខ យើងមាន​លទ្ធភាពគ្រប់គ្រាន់រៀប ចំដែនដី កោះនេះជាមជ្ឈមណ្ឌល​ទេសចរណ៍​ដ៏សំខាន់មួយរបស់ខេត្តដោយៈ

-ជួយពង្រីកសិប្បកម្មតម្បាញ និងជួយសិប្បករដែលមាន​ទេពកោសល្យខ្ពស់​ពង្រីកសិប្បកម្មតម្បាញហូល ផាមួង​​ ក្រម៉ាសូត្រ ដែលមានគុណភាព​អន្តជាតិទុកសម្រាប់ជូន​ភ្ញៀវទេសចរដែលមកកម្សាន្ត ។ -ជួសជុលបណ្តាញផ្លូវលំក្នងឃុំឲ្យ​បានសមរម្យ រៀបចំភូមិករឲបានស្អាតបាត​ដោយសង់ជាផ្ទះបុរាណ​ខ្មែរអប់រំ​ប្រជា ជនឲរក្សាបាននូវប្រពៃណី ដូចជាឥរិយាបថក្នុងការរស់​នៅសំលៀកបំពាក់ និងល្បែងប្រប្រិយ៍ ។  -រៀបចំតំបន់ក្បាលកោះ​ជាកន្លែងងូតទឹកកម្សាន្ត ដែលមានឆ្នេរខ្សាច់ដោយ​មានជាផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ដោយរក្សាបាននូវអនាម័យល្អ ។
-ពង្រីកក្រុមទូកងរ បុរសនារីឲ្យមាន​សកម្មភាពរស់រវើក ក្នុងពេលបុណ្យជាតិ និងបុណ្យសាសនាផ្សេងៗ ៕

ទស្សនាពីការធ្វើដំណើរទៅកាន់រមណីយដ្ឋានកោះដាច់ទាំងអស់គ្នា៖

 

(ដោយ៖ TR)

(យោង៖ ត.ទ.ក កែវ ភួង)